(ភ្នំពេញ)៖ នៅម៉ោង០៩៖៣០នាទីព្រឹក​ លោក ឌុន​ វិបុល​ ​មេធាវីលោក​ ជុន​ ចន្ទ័បុត្រ​ បានមកដល់សាលាដំបូងរាជធានីភ្នំពេញ។ ដោយលោកបាន បញ្ជាក់យ៉ាងខ្លីប្រាប់ភ្នាក់ងារ Fresh News នៅខាងមុខសាលាដំបូងថា៖ «វត្តមានរបស់លោកមិនមែនមកឆ្លើយទេ​ ប៉ុន្តែលោកមកនេះគ្រាន់តែដាក់ ឯកសារជូនតំណាងអយ្យការប៉ុណ្ណោះ»

ពាក់ព័ន្ធឯកសារដែលមេធាវីរបស់ជនសង្ស័យ ជុន ច័ន្ទបុត្រ ដែលដាក់ជូនអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅពុំទាន់ដឹងខ្លឹមសារអ្វីនោះទេ។

សេចក្តីជូនព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ វិទ្យុអាស៊ីសេរី បានគូសបញ្ជាក់ឲ្យថា លោក ហួត វទ្ធី ហៅ ជុន ចាន់បុត្រ បានទៅបំពេញការងារនៅការិយាល័យធំ RFA ក្នុងសហរដ្ឋអាមេរិកវិញហើយ។ សេចក្តីប្រកាសបន្តថា លោក ជុន ច័ន្ទបុត្រ នឹងមិនត្រឡប់ទៅកម្ពុជាវិញនោះទេ បន្ទាប់បញ្ចប់ដំណើរចុងសប្តាហ៍ ក្នុងនាមជាថ្នាក់ដឹកនាំ​របស់ RFA។

តាមការគ្រោងទុក លោក ជុន ច័ន្ទបុត្រ ទៅដល់ប្រទេសអាមេរិកនៅយប់ថ្ងៃទី០១ ខែឧសភានេះ ម៉ោងនៅក្នុងប្រទេសកម្ពុជា ត្រូវនឹងវេលាថ្ងៃត្រង់ថ្ងៃទី០១ ខែឧសភា ម៉ោងនៅសហរដ្ឋអាមេរិក។

លោក ជុន ច័ន្ទបុត្រ ត្រូវបានលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កោះហៅឲ្យចូលខ្លួនទៅបំភ្លឺក្នុងសំណុំរឿងបន្លំ ខ្លួនចូលពន្ធនាគារព្រៃស នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧នេះ៕