(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧នេះ លោក ចាយ បូរិន អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាម បានផ្តល់កិត្តិយសអញ្ជើញ ជួបសំណេះសំណាលជាមួយ ​ភ្នាក់ងារ​គណបក្ស​ ក្រុម​សង្កេតការណ៍​ ក្រុម​ឃោសនិក​គណបក្ស​ឃុំ​ ក្រុម​ចលនា​បោះឆ្នោត​ ក្រុមការងារយុវជនគណបក្ស​ និង​ក្រុម​អ្នក​ច្បាប់​ថ្នាក់​ឃុំ ក្នុងគោលបំណងដើម្បី​ពួកគាត់មានឱកាស បានស្វែងយល់​ថែមមួយកម្រិតទ៉ៀតអំពី​ច្បាប់​ បទបញ្ជា​ នីតិវិធី​ ក្រម​សីលធម៌​ ពាក់ព័ន្ធ​នឹង​ការ​ងារ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​៤ ឆ្នាំ២០១៧ ខាងមុខនេះ​។

មានមតិក្នុងឱកាសនោះ លោកតំណាងរាស្ត្របានថ្លែងនូវការកោតសសើរ អំណរអរគុណ និងការដឹងគុណចំពោះថ្នាក់ដឹកនាំ​​​ និងសមាជិក សមាជិកា គណបក្សនៅមូលដ្ឋានដែលជានិច្ចកាល តែងតែផ្តល់ការទុកចិត្ត និងការគាំទ្រលើការដឹកនាំរបស់គណបក្សប្រជាជន ជាពិសេសការចូលរួមសាមគ្គីគ្នា ជាធ្លុងមួយគឺជាកម្លាំងចលករដ៏រឹងមាំ ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើន លូតលាស់យ៉ាងឆាប់រហ័ស ប្រកបដោយសុខសន្តិភាព​​ សេរីភាព និងស្ថេរភាពដូចសព្វថ្ងៃនេះ។

លោកតំណាងរាស្រ្ត ក៏បានណែនាំក្រើនរំលឹកដល់រដ្ឋបាលនៅមូលដ្ឋានទាំងអស់យកចិត្តទុកដាក់ បន្តធ្វើអំពើល្អផ្តល់សេវាជូនប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធិភាពដោយមិនគិតពីនិន្នាការនយោបាយ ឬសាសនាអ្វីឡើយ។

ជាចុងក្រោយ អ្នកតំណាងរាស្ត្រ បានណែនាំឱ្យសមាជិកចូលរួមទាំងអស់ខិតខំយកចិត្តទុកដាក់ស្វែងយល់ គោរព និងអនុវត្តនូវរាល់ច្បាប់រដ្ឋទាំងឡាយ ជាពិសេសច្បាប់ និងសេចក្តីណែនាំផ្សេងៗពាក់ព័ន្ធនឹងការបោះឆ្នោត ដើម្បីមានមូលដ្ឋានយល់ដឹងកាន់តែរឹងមាំទូលំទូលាយ ក្នុងការអនុវត្តទទួលបាន លទ្ធផលប្រកបដោយប្រសិទ្ធិភាពខ្ពស់។ ជាមួយគ្នានោះ ត្រូវចែករំលែកចំណេះដឹងដែលមានទៅប្រជាពលរដ្ឋនៅមូលដ្ឋានដើម្បីរួមគ្នាគោរព អនុវត្តន៍ ក្នុងគោលបំណងឱ្យការបោះឆ្នោតរបស់ជាតិយើងជាការបោះឆ្នោតមួយប្រកបដោយ សុខសន្តិភាព សេរីភាព យុត្តិធម៌ តម្លាភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍន៍សង្គមជាតិ៕