(ភ្នំពេញ)៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧នេះ បានចាត់ទុកថា សេចក្តីថ្លែងការណ៍របស់អង្គការ​ឃ្លាំ​មើល​សេរីភាព​សារព័ត៌មាន Freedom House ដែលចោទថា គណបក្សប្រជាជនកម្ពុជា រឹតត្បិតសេរីភាពសារព័ត៌មាននោះ គឺជាការនិយាយដោយមិនមានមូលដ្ឋាន ហើយមានលក្ខណៈលម្អៀងទៅ​រកគណបក្សប្រឆាំង។

ប្រតិកម្មរបស់ អ្នកនាំពាក្យគណបក្សកាន់អំណាច បានធ្វើឡើងបន្ទាប់ពី Freedom House បានចេញសេចក្តីថ្លែងការណ៍ រិះគន់អំពីសេរីភាពសារព័ត៌មាននៅកម្ពុជា ហើយអង្គការនេះ ក៏បានចោទថា គណបក្សប្រជាជនកម្ពុជា កំពុងរឹតត្បិតសេរីភាពសារព័ត៌មាន ស្របពេលដែលមានករណីតុលាការចោទប្រកាន់ទៅលើ លោក ជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរីផ្នែកខេមរភាសា។

លោក សុខ ឥសាន បានបញ្ជាក់យ៉ាងដូច្នេះថា «បេីនិយាយពីសេរីភាពសារព័ត៌មាននៅកម្ពុជា រាល់ការផ្សាយទាំងកាសែត ទស្សនាវដ្តី ព្រឹត្តប័ត្រ វិទ្យុ ទូរទស្សន៍ មិនមានការត្រួតពិនិត្យខ្លឹមសារជាមុនដូចប្រទេសដទៃទេ។ តេីនេះជាការរិតត្បិតសេរីភាពសារព័ត៌មានឬ? ដូច្នេះ Freedom House និយាយគ្មានមូលដ្ឋានច្បាស់លាស់ទាល់តែសោះ និយាយដោយលំអៀងខាងនយោបាយទៅរកបក្សប្រឆាំង និងមជ្ឈដ្ឋានប្រឆាំង យ៉ាងជាក់ស្តែង»

លោក បានបន្ថែមថា «បេីនិយាយលំអៀងយ៉ាងនេះ តេី freedom house អាចមានមុខស្អីទៀត ចំពោះមុខមហាជន និងប្រជាជនដែលធ្លាប់ឲ្យតម្លៃfreedom house ។ ឥឡូវ បេីយ៉ាងដូច្នេះ freedom house ត្រូវបាត់បង់ឥទ្ធិពលរបស់ខ្លួនដោយខ្លួនឯង»៕