(ពោធិ៍សាត់)៖ បុរស៣នាក់ ដែលតាំងខ្លួនជាមន្ត្រីអង្គការសង្គមស៊ីវិល ជំនាញខាងទប់ស្កាត់បទល្មើសព្រៃឈើ និងសត្វព្រៃ ប្រចាំខេត្តក្រចេះនោះ ត្រូវបានប្រជាពលរដ្ឋប្ដឹងទៅប៉ុស្ដិ៍នគរបាលរដ្ឋបាលឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ក្រោយជម្រិតទារប្រាក់ពីពួកគាត់ ដែលបានដឹកឈើបន្តិចបន្តួច ទុកគ្រាន់ប្រើប្រាស់ក្នុងផ្ទះ។

ពលរដ្ឋដើមបណ្តឹងមានឈ្មោះ យ៉ាន សុីណា អាយុ៣០ឆ្នាំភេទស្រី ជនជាតិឥស្លាម រស់នៅភូមិទៀនព្រៃ ឃុំឈើតុំ ស្រុកក្រគរ បានប្តឹងចោទប្រកាន់ លើឈ្មោះ ១-ហេង ហុង  អាយុ៤៣ឆ្នាំ តួនាទីជាអនុប្រធានផ្ទៃប្រទេស នៃអង្គការទប់ស្កាត់​បទល្មើសព្រៃឈើ និងសត្វព្រៃ, ២-ឈ្មោះ ហ៊ន  ហេង អាយុ៤៧ឆ្នាំ តួនាទីជាអនុប្រធានផ្ទៃប្រទេស នៃអង្គការខាងលើដែរ និង៣-ឈ្មោះ លី ឡុង អាយុ២៣ឆ្នាំ អ្នកបើកបររថយន្ត។

អង្គការរបស់អ្នកទាំង៣នាក់ មានស្នាក់ការកណ្តាលនៅភូមិអូរឫស្សី សង្កាត់អូរឫស្សី ក្រុងក្រចេះ ឯណោះទេ តែជិះរថយន្ត១គ្រឿង ទៅជម្រិតទារលុយពីឈ្មោះ យ៉ាន ស៊ីណា ដែលដឹកឈើយកមកធ្វើលំនៅឋានតាមគោយន្ត នៅចំណុចស្ទឹងព្រាល ស្ថិតនៅភូមិក្បាលទាហ៊ាន ឃុំឈើតុំ  ស្រុកក្រគរ ចំនួន២០ម៉ឺនរៀល តែពលរដ្ឋខាងលើបានអង្វរថា សុំបង់ជូន១០ម៉ឺនរៀល ក្រុមមន្ត្រីទាំងនេះក៏ព្រមទទួលយកលុយ ១០ម៉ឺនរៀលនោះទៅ។

បន្ទាប់មក ពួកមន្រ្តីបានទៅស្ទាក់យកលុយពីម្ចាស់គោយន្ត ដឹកឈើពីប្រជាពលរដ្ឋចំនួន ៦គោយន្តទៀត ក្នុង១គោយន្ត ១ម៉ឺនរៀល ដែលមានឈ្មោះ៖ ១-ឈ្មោះ ញឹក ធួក, ២-ឈ្មោះ សុីម ណាក់, ៣-ឈ្មោះ វ៉ាន់ ឌី, ៤-ឈ្មោះ សំ រ៉ាសាន់, ៥- ឈ្មោះ វ៉ាន់ ឌីន និង ៦-ឈ្មោះ សំ សឿន អ្នកទាំង៦នាក់ រស់នៅឃុំក្រាំងល្វារ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បន្តទៀត។

ក្រោយទទួលបានពាក្យបណ្តឹង និងមានបទបញ្ជាពីលោកអភិបាលខេត្ត និងរាយការណ៍សុំគោលការណ៍ ពីលោកព្រះរាជអាជ្ញា ទើបកម្លាំងបានឃាត់ខ្លួនជនទាំង៣នាក់ខាងលើ និងរថយន្ត១គ្រឿង បញ្ជូនសំណុំរឿងទៅសាលាដំបូងខេត្តពោធិ៍សាត់ នៅថ្ងៃដដែលនេះតែម្ដង៕