(ភ្នំពេញ)៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា ហៅកាត់ថា ស៉ីម៉ាក់ បានលើកឡើងថា នៅក្នុងតំបន់អាស៊ានទាំង១០ប្រទេស មានប្រទេសចំនួន៣ នៅមានសង្គ្រាមនៅឡើយ ក្នុងនោះមានប្រទេសថៃ មីយ៉ាន់ម៉ា និងហ្វីលីពីន ដែលប្រជាជនប្រទេសនោះ រស់នៅក្នុងស្ថានភាពអសន្តិសុខ និងមិនទាន់មានសន្តិភាពទាំងផ្លូវកាយ និងផ្លូវចិត្ត ខុសពីប្រជាជនកម្ពុជា ដែលមានសន្តិភាព ពេញលេញលើផ្ទៃប្រទេស បើទោះជាសន្តិភាពនោះ នៅក្មេងខ្ចី ដែលទាមទារឲ្យប្រជាពលរដ្ឋរួមគ្នាថែរក្សាក្តី។  

លោក ហេង រតនា នៅថ្ងៃទី១ ខែឧសភានេះ បានសរសេរនូវអត្ថបទមួយ បង្ហោះនៅលើ Facebook ផ្លូវការរបស់លោក ដោយគេដឹងថា អត្ថបទនេះ ហាក់ចង់ឲ្យប្រជាពលរដ្ឋ ចេះថែរក្សាសុខសន្តិភាព ដែលរកបានដោយលំបាក ខណៈដែលប្រទេសជាមិត្ត នៃសមាជិកអាស៊ានមួយចំនួន មិនទាន់រកសន្តិភាព ឃើញដូចកម្ពុជានៅឡើយ។

អ្វីដែលលោក ហេង រតនា ចង់សង្កត់ធ្ងន់នោះ គឺសន្តិភាពរបស់កម្ពុជា ហាក់នៅក្មេងខ្ចី និងផុយស្រួយនៅឡើយ ព្រោះតែប្រទេសដ៏អភ័ព្វមួយនេះ តែងតែត្រូវបានយាយីដោយការប៉ុនប៉ង ធ្វើបដិវត្តន៍ពណ៌ពីបុគ្គលមួយចំនួន។

ខាងក្រោមនេះ​ ជាអត្ថបទទាំងស្រុងរបស់លោក ហេង រតនា អគ្គនាយកស៉ីម៉ាក់៖  

 ប្រទេសអាស៊ានចំនួន១០ ក្នុងនោះមាន៣ប្រទេស នៅមានសង្គ្រាមនៅឡើយ​ ដោយមានសង្គ្រាមប្រឆាំងសាសនា​ និងសង្គ្រាមទាមទារផ្តាច់ទឹកដី​ ដែលមានចរិកជាសង្គ្រាមបែបឧទ្ទាម និងភេវរកម្ម។​
ប្រទេសទាំង៣នោះរួមមាន៖

១៖ ប្រទេសថៃ៖ សង្គ្រាមឧទ្ទាមបែបសាសនា​ នៅខេត្តខាងត្បូងចំនួន៣ជាប់ព្រំដែនជាមួយប្រទេសម៉ាឡេស៉ី មានការបាញ់សម្លាប់​ ពួនស្ទាក់វាយបែបសង្គ្រាមឈ្លប​ និងផ្ទុះរថយន្ត​ ម៉ូតូ​ និងដាក់បំផ្ទុះ​ បែបភេវរកម្ម។​ ថ្មីៗបានការពួនស្ទាក់បាញ់សម្លាប់កងទព័ពិសេសថៃមួយចំនួន។

២៖​ ប្រទេសមីយ៉ាន់មា​(ភូមា)​៖​ សង្គ្រាមតាមជនជាតិភាគតិច​ ហើយមានការប្រយុទ្ធគ្នា ដោយប្រដាប់អាវុធជាញឹកញាប់​ ហើយចុងក្រោយនេះ បានបាញ់សម្លាប់ និងដុតបំផ្លាញភូមិដ្ឋានរបស់ជនជាតិរ៉ូហិនយ៉ា​រាប់ម៉ឺននាក់ បានត្រូវរត់ចោលស្រុក​ចូល ទៅប្រទេសបង់ក្លាដេស​។

៣៖​ ប្រទេសហ្វីលីពីន​៖​ មានក្រុមឧទ្ទាមផ្តាច់ខ្លួន​ទាមទារបំបែករដ្ឋ​ ហើយដែលជាញឹកញាប់បានចាប់ជំរិត​ និងប្លន់សម្លាប់​ ដុតបំផ្លាញសាលារៀន​ ព្រមទាំងភូមិដ្ឋានផងដែរ។​

ដោយឡែកប្រទេសឥណ្ឌូនេស៉ី​ ធ្លាប់មានសង្គ្រាមទើបតែបញ្ចប់ដែរ​ ដោយបានបាត់បង់ និងបំបែករដ្ឋទៅ​ប្រទេសទីមរ័ខាងកើត​ និងតំបន់ពិសេសអាសេ។ ​

ពិនិត្យប្រទេសទាំង៣ខាងលើឃើញ​ថា ប្រជាពលរដ្ឋ និងអ្នកកាន់សាសនាផេ្សងគ្នា​ ដែលកំពុងរស់នៅតំបន់អសន្តិសុខ​ និងគ្មានទេ សន្តិភាពទាំងផ្លូវកាយ និងផ្លូវចិត្ត។ ​

នេះជាសភាពការណ៍ពិត​ មិនមែននិយាយពីសង្គ្រាម ដើម្បីគំរាម​បន្លាច​ បំភិតបំភ័យនោះទេ​ តែជាមូលដ្ឋានចាំបាច់ពិចារណា​ ព្រោះសន្តិភាពរបស់រាជាណាចក្រកម្ពុជានេះ​ ទើបចាប់កំណើតមានជីវិតប្រៀបដូចទារកនៅឡើយ​ ដូចនេះវាងាយផុយស្រួយនិងស្លាប់ទៅវិញណាស់៕