(កណ្តាល)៖ ប្រជាពលរដ្ឋក្នុងស្រុកខ្សាច់កណ្តាល មានចំនួន១០ឃុំ ​បានទទួលការពិនិត្យ និងព្យាបាលជំងឺ​ដោយឥតគិតថ្លៃ ពីសំណាក់សមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោ ដែលទាំងអស់បង្ហាញពីការយចិត្តទុកដាក់ ពីសំណាក់ប្រមុខថ្នាក់ដឹកនាំនៃកម្ពុជា ហើយនេះក៏ ដើម្បីលើកកម្ពស់សុខភាព និងដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ របស់បងប្អូនប្រជាពលរដ្ឋ នៅតាមទីជនបទផងដែរ។

ការពិនិត្យនិងព្យាបាលជំងឺ​ដោយឥតគិតថ្លៃនេះ ធ្វើឡើងនៅសាលាបឋមសិក្សា និងអនុវិទ្យាល័យព្រែកក្របៅ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ខេត្តកណ្តាល នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ ហើយមានបងប្អូនប្រជាពលរដ្ឋ ជិត៣ពាន់នាក់ ដែលរស់នៅក្នុងឃុំចំនួន១០ផ្សេងគ្នា មកពិនិត្យនិងព្យាបាលដោយក្រុមគ្រូពេទ្យ របស់សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) ដែលដឹកនាំដោយលោក ហ៊ុន ម៉ាណែត។

ក្នុង​ឱកាសនោះ លោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាពិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានលើកឡើងថា  «ថ្ងៃនេះក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ប្រមាណ២០០នាក់ បានមកធ្វើ សកម្មភាពមនុស្សធម៌ តាមរយៈការពិនិត្យ ព្យាបាល និងផ្តល់ឱសថ ដោយឥតគិតថ្លៃ ដើម្បីជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការចូលរួមលើកស្ទួយសុខមាលភាពប្រជាពលរដ្ឋ កំរិតជីវភាពប្រជាពលរដ្ឋ»

លោកបន្ថែមថា «ក្រោយ​បង្កើតឡើងក្នុងឆ្នាំ២០១២ សមាគមបានធ្វើសកម្មភាពពិនិត្យ និងព្យាបាល ជូនប្រជាពលរដ្ឋ នៅទូទាំង២៥ខេត្តរាជធានិដោយឥតគិតថ្លៃ ហើយសម្រាប់ស្រុកខ្សាច់កណ្តាលនេះ គឺជាលើកទី២ហើយ ដោយកាលពីលើកទី១ បានធ្វើឡើងឆ្នាំ២០១៥»

សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលបានធ្វើការពិនិត្យ និងព្យាបាល រួមមាន៖ អ្នកជំងឺចំនួន២,៩៥៤នាក់ លើប្រភេទជំងឺទូទៅ, មាត់ធ្មេញ, ត្រចៀក ច្រមុះ បំពង់ក, ជំងឺភ្នែក, ពិនិត្យផ្ទៃពោះ និងរោគស្ត្រី, វះកាត់, ឬសដូងបាត, អេកូបេះដូង, ជំងឺសន្លាក់ និងជំងឺសើស្បែក។

នៅក្នុង​ឱកាសនោះផងដែរ បងប្អូនប្រជាពលរដ្ឋ ដែលទទួលបានការពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃនេះ បានបង្ហាញភាពសប្បាយរីករាយ ដោយលើកឡើងថា សកម្មភាពមនុស្សធម៌នេះ ពិតជាសកម្មដ៍ល្អ ដែលបានជួយកាត់បន្ថយការចំណាយរបស់ពួកគាត់ ជាពិសេសអ្នកដែលកំពុងរស់នៅ ក្នុងជីវភាពខ្វះខាត។

សូមជម្រាបថា សមាគមតែងតែធ្វើសកម្មភាពសំខាន់ៗរួមមាន ការព្យាបាលជូនដល់ប្រជាពលរដ្ឋក្រីក្រ ដោយឥតគិតថ្លៃ ដោយយមិនប្រកាន់និន្នាការនយោបាយ សាសនាឬពណ៌ សម្បុរឡើយនៅតាមបណ្តាខេត្ត ការព្យាបាលកុមារកំព្រា នៅតាមអង្គការ មជ្ឈមណ្ឌលកុមារកំព្រា ការចុះអប់រំសុខភាពតាមខ្នងផ្ទះ ក្នុងសហគមន៍និងការព្យាបាលជូនកម្មករ កម្មការិនី និងប្រជាពលរដ្ឋនៅតាមរោងចក្រ ដែលមកដល់ពេលនេះ សមាគមបានការព្យាបាលជូនដល់ ប្រជាពលរដ្ឋក្រីក្រ ដោយឥតគិតថ្លៃបានចំនួនជាង២០ម៉ឺននាក់ និងបានបញ្ជូនអ្នកជំងឺដែលមានករណីធ្ងន់ធ្ង​រ មកព្យាបាលបន្តនៅភ្នំពេញ បានជាង១០០០នាក់៕