(សៀមរាប)៖ នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ ផ្ទះមនុស្សធម៌ទី១៣ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ត្រូវបានលោកស្រី គួយ ណាលីន ឃឹម ប៊ុនសុង អនុប្រធានគណៈកម្មាធិការសាខាខេត្ត និងសហការី ប្រគល់ជូនលោកតា ដួង ជា អាយុ៦៥ឆ្នាំ មានជំងឺប្រចាំកាយ និងលោកយាយ ព្រិន យ៉ែម អាយុ៦៦ឆ្នាំ។ លោកតា និងលោកយាយទាំងពីរ គ្មានដីសម្រាប់ធ្វើស្រែចំការ ចាស់ជរា មានជំងឺប្រចាំកាយ ដែលរស់ រស់នៅភូមិព្រីង ឃុំជីក្រែង ស្រុកជីក្រែង។

ផ្ទះមនុស្សធម៌នេះមានទំហំ ៤ម៉ែត្រx៥ម៉ែត្រ សង់ពីឈើ តម្កល់លើជើងតាង កម្ពស់ពីដី១,៦ម៉ែត្រ ប្រក់ស័ង្កសី ក្រាលក្តារ ជញ្ជាំងក្ដារ ក្រោមការជួយឧបត្ថម្ភពី៖ លោកបណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប និងលោកស្រី។

ថ្លែងក្នុងឱកាសនោះលោកស្រី គួយ ណាលីន ក្នុងនាមលោកបណ្ឌិត ឃឹម ប៊ុនសុង ប្រធានគណៈកម្មាធិការសាខាពិសេសបានពាំនាំនូវការ ផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែព្រួយបារម្ភ និងយកចិត្តទុកដាក់គិតគូរ ចំពោះសុខភាពប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។
នេះជាការបង្ហាញនូវការយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដូចដែលបានលើកឡើងថា «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា» និង «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា» ។

អំណោយសង្កត់ផ្ទះរួមមាន៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អង្ករ ៥០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកបរិសុទ្ធ៥យួរ សម្ភារៈផ្ទះបាយមួយចំនួន និងថវិកា២០ម៉ឺនរៀល។ សម្រាប់លោកតា លោកយាយ ដែលអញ្ជើញចូលរួមម្នាក់ៗទទួលបានថវិកា១ម៉ឺនរៀលផងដែរ។ ជាមួយនេះផងដែរ ព្រះតេជគុណអនុគុណស្រុកជីក្រែង ក៏បានចូលរួមឧបត្ថមថវិការ ៣០ម៉ឺនរៀល និងសម្ភារៈប្រើប្រាស់មួយចំនួនជូនលោកតា និងលោកយាយទាំងពីរ៕