(ភ្នំពេញ)៖ តើសង្គ្រាមកើតឡើងយ៉ាងម៉េច​ បើភាគីម្ខាងទៀតគ្មានទាហាន​ គ្មានកាំភ្លើងផងហ្នឹង?​ បើទាហាននិងកាំភ្លើងមានតែបក្សកាន់អំណាចម្នាក់ឯង​ លើសនេះទៀតមានតែអ្នកមានទាហាន និងមានកាំភ្លើងជាអ្នកបង្កសង្គ្រាមតែម្តង។ ​ការលើកឡើងខាងលើនេះ ជាទស្សនពេញនិយមវែកញែក ច្រើននាពេលនេះ។

តាមទិដ្ឋភាព និងបទពិសោធន៍ជាក់ស្តែង​ ដើមចមនៃសង្គ្រាមមិនមែន មកពីមានមូលដ្ឋានសម្ភារៈសឹក និងកំលាំងប្រដាប់អាវុធ​​តែមួយមុខនោះទេ ដើមចមនៃ សង្គ្រាម គឺចេញមកពីគោលនយោបាយ​និងអ្នកដឹកនាំ ជាពិសេសប្រភពក្រុមមនុស្សដែលមានទស្សនៈជ្រុលនិយមដូចជា មានភាពជាតិនិយមជ្រុល​ (National Extremist) អ្នក​វោហាសាស្ត្រសេ្នហាជាតិនិយមជ្រុល​ (Language Chauvinists) ភាពប្រកាន់ពូជសាសន៍និយមជ្រុល​ (Racism) ប្រកាន់សាសនានិយមជ្រុល​ (Religious Extremists) និងជាពិសសការអនុវត្តគោលនយោបាយបែបគំនុំសងសឹក​ ការច្រណែនឈ្នានីស ​(​រវាងវណ្ណៈ អ្នកមានអ្នកក្រ​ មន្ត្រីនិងរាស្ត្រ)​ កំហឹងឈឺចាប់​ អយុតិ្តសង្គម​ និយមជ្រុល​ជាដើម។ល។​ ករណីសង្គ្រាមនៅកម្ពុជា ​អាចកើតឡើងជាថ្មី​ អាចបណ្តាល មកពីដើមចម ដូចខាងលើ និងការវិវត្តន៍សភាពការណ៍ដូចខាងក្រោម៖

១៖​ ការបង្កើនភាពស្អប់​ប្រកាន់ពូជសាសន៍​ (ស្អប់យួនៗៗ!!)​៖​ កត្តានេះអាចចាប់ផ្តើមកាប់សម្លាប់គ្នា ​តាមមូលដ្ឋានមួយចំនួន​ ប្រសិនជាគ្មានការដឹកនាំ និងគ្រប់គ្រងស្ថានការណ៍បានទេនោះ​ ជំលោះអាចរាលដាល​ ទៅជាបដិវត្តន៍បណ្តេញយួនចេញ​ (ដែលវិធានការនេះ​ទាំងរបប លន់​ នុល​ និង​ ប៉ុល​ ពត​ ធ្លាប់ប្រើរួចហើយ)។

២៖​ បញ្ហាខែ្សបន្ទាត់ និងបង្គោលព្រំដែន​៖​ មានអ្នកខ្លះសន្យាថា​ នៅពេលជាប់ឆ្នោតនឹងវាយកំទេចបង្គោលព្រំដែន និងប្រឆាំងទាមទារទឹកដីពីយួនមកវិញ​។​ វិធានការកន្លងមករបស់ក្រុមខ្លះ ឃើញមានកេណ្ឌប្រមូលបាតុករទៅព្រំដែន ​ដើម្បីតវ៉ានិងប្រយុទ្ធជាមួយសន្តិសុខវៀតណាម ហើយករណីបែបនេះបើគ្មានការគ្រប់គ្រង ស្ថានការណ៍បានល្អទេ​ វាអាចប្រែក្លាយទៅជាសង្គ្រាម។

៣៖​ ករណី​មានក្រុមចលនាដើរចាប់ដីក្រុមហ៊ុន​ ដីរដ្ឋ​ និងដីអ្នកមាន​ ដើម្បីចែកគ្នាដោយអនាធិបតេយ្យ​ នោះបដិវត្តដីធ្លីនឹងកើតឡើង​ ហើយបើគ្មានវិធានការ និងការគ្រប់គ្រងសភាពការណ៍​ ឱយបានរឹងមាំទេនោះ​ សង្គ្រាមស៉ីវិលអាចនឹងចាប់ផ្តើមពីទំនាស់នេះ​។​ ធ្លាប់កើតនិងចាប់ផ្តើមនៅតំបន់ស្រុកសំឡូត​ ភ្នំវាយចាបនៅឆ្នាំ១៩៦២។

៤៖​ ករណីបញ្ហាកំហឹងនឹងអយុតិ្តធម៌សង្គម​ ហើយជះមកលើមន្ត្រីរាជការ​ តុលាការ​ កងយោធពលខេមរភូមិន្ទ​ កងនគរបាលជាតិ​ ក្រុមហ៊ុន​ អ្នកមាន​ ដោយធ្វើការរុះរើ​ បណ្តេញចេញ​ វិធានការវាយបក​ ស្រាវជ្រាវដាក់គុកជាដើម។​ ចលនានេះបើគ្មានការគ្របគ្រងស្ថានកាណ៍បានទេ​ សង្គ្រាមស៉ីវិលនឹងអាចផ្ទុះឡើង។

សូមកុំភ្លេចពាក្យចាស់ពោលថា​ «កំទេចភ្លើងចំបើង​ អាចឆេះព្រៃទាំងមូលបាន»​ ករណីដូចគ្នា​ វិបត្តិសង្គមផ្នែកណានោះ​ បើគ្មានសមត្ថភាពគ្រប់គ្រង​ អាចចាប់ផ្តើមជំលោះ​ពីបាតុកម្ម​ ឈានទៅរកកូដកម្ម​ ឈានទៅរកភេរវកម្ម​ និងឈា​នសង្គ្រាមស៉ីវិលបាន»។ ​

ឧទាហណ៍ជាក់ស្តែងសង្គ្រាមបដិវត្តពណ៌នៅស៉ីរី​ លីបី​ យ៉េមែន​ ទុយនេស៉ី​ អ៉ីរ៉ាក់​ ជាដើម គឺចេញពីក្រុមអ្នកនយោបាយជ្រុលនិយម​ និងការជ្រៀតចូលរបស់ មហាអំណាច​ ចាប់ផ្តើមពីបាតុកម្មតវ៉ាជាបែបផែន​ ប្រឆាំងអំពើពុករលួយ​ អត់ការងារធ្វើ​ និងការគាបសង្កត់សិទិ្ធសេរី​ភាព​ បានក្លាយជាការបំពាក់អាវុធក្លាយ ជាសង្គ្រាមពេញបន្ទុកមកដល់សព្វថ្ងៃនេះ។

ដូចនេះអំណះអំណាងរបស់អ្នកខ្លះ ដែលលើកឡើងថា​ ក្រុមខ្លួនគ្មានកងកំលាំងប្រដាប់អាវុធ​ គ្មានសម្ភារៈសឹក​ និងគ្មានអ្នកដឹកនាំជាទាហាន​ ដូចនេះ គ្មានសង្គ្រាមកើតចេញពីក្រុមខ្លួនទេ​ អាចជាប្រការមិនពិតទេ!​ ព្រោះថា​ សង្គ្រាមអាចកើតចេញពីគោលនយោបាយ និងអ្នកដឹកនាំ​អនុវត្តការ ផ្លាស់ប្តូរបែបជ្រុលនិយម។

ជាក់ស្តែ្តងបាតុកម្មក្នុងឆ្នាំ២០១៣ បានក្លាយជាហឹង្សា និងអាចឈានដល់ចលនាសង្គមទាំងមូល​ ព្រមទាំងអាចឈានដល់សង្គ្រាមស៉ីវិលជាថ្មីផងដែរ។

ដូចនេះ​សង្គ្រាមអាចជាវិញ្ញាសារ ដែលលទ្ធផលពិប្រាកដ​ មិនមែនជាការគំរាមទេ។​ សំខាន់ត្រូវមានគោលនយោបាយច្បាស់លាស ​សមត្ថភាពបង្រួប បង្រួមជាតិ និងសមត្ថភាពដឹកនាំប្រកប ដោយឧត្តមភាពដែលអាចគ្រប់គ្រង កងកំលាំងប្រដាប់អាវុធ​ គណបក្ស​ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់​ ជាពិសេស ថែរក្សាបានល្អ នយោបាយអន្តរជាតិ​ និងកិច្ចសហប្រតិបតិ្តការល្អជាមួយប្រទេសជិតខាង៕

ដោយ៖ លោក ហេង រតនា អគ្គនាយកស៉ីម៉ាក់