(ភ្នំពេញ)៖ បន្ទាប់ពីមានហេតុការណ៍ ដ៏គួរឲ្យអាសូរមួយបានកើតឡើង ដោយសារតែ​ប្ដីប្រពន្ធ២នាក់ បានរងគ្រោះដល់ជីវិត ដោយឆក់ចរន្ដអគ្គិសនីស្លាប់ ខណៈដែលកំពុងតែបូមទឹកលិចចេញពីក្នុងផ្ទះ នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧នេះ, លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ និងជាប្រធានក្រុមការងារ ចុះជួយសង្កាត់ចោមចៅ បានចុះទៅដល់ផ្ទះកើតហេតុភ្លាមៗ ដោយធានារ៉ាប់រង ការចំណាយធ្វើបុណ្យសពទាំងអស់។

ក្រៅពីធានាចេញថ្លៃបុណ្យសព លោក សាំ ពិសិដ្ឋ ក៏បានចូលបុណ្យសព៤០០ដុល្លារ និងនាំអំណោយទៅជាមួយផងដែរ រួមមាន អង្ករ២បាវ, ទឹកសុទ្ធ២កេស, ទឹកត្រីទឹកស៊ីអ៊ីវ២យូរ និងត្រីខ២យូរ​។ បន្ថែមពីនេះ ចំពោះថ្លៃដឹកសពយកទៅធ្វើបុណ្យនៅស្រុកកំណើត ក្នុងខេត្តតាកែវ ក៏លោកជាអ្នកចេញផងដែរ។

សូមបញ្ជាក់ថា ភ្នាក់ងារ Fresh News បានរាយការណ៍ពីកន្លែងកើតហេតុមកថា មុនពេលកើតហេតុ បុរសរងគ្រោះជាមួយប្រពន្ធ បានយកម៉ូទ័របូមទឹកដែលជន់លិច កាលពីយប់មិញ ចេញពីក្នុងផ្ទះ ប៉ុន្ដែអកុសលពេលកំពុងបូមនោះ ស្រាប់តែឆ្លងចរន្ដអគ្គិសនីឆក់ទាំង២នាក់ភ្លាមៗ ដោយបន្សល់ទុកកូនស្រីប្រុស៥នាក់ ឲ្យនៅកំព្រាឯការ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញ បានចុះទៅកន្លែងកើតហេតុ ដើម្បីពិនិត្យសព ហើយរកឃើញថា ពិតជាស្លាប់ដោយសារឆក់ចរន្ដអគ្គិសនីប្រាកដមែន។ បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារ រៀបចំធ្វើបុណ្យតាមប្រពៃណី៕