(ភ្នំពេញ)៖ ប្រជាពលរដ្ឋជិត១,០០០នាក់ ដែលរស់នៅក្នុងភូមិចំនួន១៤ ក្នុងខណ្ឌសែនសុខ នៅថ្ងៃទី២៩ ខែមេសានេះ បានបន្ដមកទទួលសេវាពិនិត្យ និងព្យាបាលជំងឺ ពីក្រុមការងារថា្នក់ជាតិនៃរាជរដ្ឋាភិបាល ដែលដឹកនាំ លោកហ៊ុយ សេដ្ឋ ទីប្រឹក្សាក្រសួងសុខាភិបាល និងជានាយកខុទ្ធកាល័យក្រសួងសុខាភិបាលតំណាងរដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌសែនសុខ ។

លោកហ៊ុយ សេដ្ឋ បានថ្លែង «នៅថ្ងៃនេះ ក្រុមគ្រូពេទ្យយើង បានចុះមកពិនិត្យ និងព្យាបាលជំងឺដល់បងប្អូនប្រជាពលរដ្ឋយើង ដែររស់នៅក្នុងខណ្ឌសែនសុខ ក្នុងវត្ដសំរោងអណ្ដែត ដោយឥតគិតថ្លៃ ព្រមទាំងមកដល់ផ្ទះ ឬនៅក្បែរផ្ទះរបស់បងប្អូនតែម្ដង ដើម្បីផ្ដល់នូវភាពងាយស្រួល ដល់ប្រជាជនកាន់តែច្រើន ក្នុងការការពារសុខភាព ឲ្យបានកាន់តែប្រសើរ  ដូច្នេះសូមមកទទួលយកនូវសេវាកម្មនេះ ឲ្យបានគ្រប់ៗគ្នា ពិសេសយើងនឹងខិតខំប្រឹងប្រែងបន្ដទៀត ដើម្បីបម្រើសេវាកម្ម ជូនដល់ប្រជាពលរដ្ឋ យើងឲ្យបានកាន់តែល្អថែមទៀត ពេលដែលយើងមកពិនិត្យព្យាបាលនៅក្រោយទៀត» ។

ព្រមជាមួយគ្នានោះ សាស្ត្រាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃ សកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល បានថ្លែង ឲ្យដឹងផងដែរថា «ក្រុមការងារថ្នាក់ជាតិនៃរាជរដ្ឋាភិបាល បានដឹកនាំក្រុមគ្រូពេទ្យនៃសាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាលយើង ចុះមកពិនិត្យ និងព្យាបាលជំងឺ ជាច្រើនមុខដល់ប្រជាពលរដ្ឋយើង ដោយរួមមានជំងឺសួត ភ្នែក ពិនិត្យផ្ទៃពោះ(អេកូ) ជំងឺព្យាបាលដោយចលនា និងជំងឺទូទៅ  ពិសេសនោះនៅថ្ងៃយើងម៉ាស៊ីនពិនិត្យសួត មកដល់ផ្ទះប្រជាពលរដ្ឋតែម្ដង ហើយម៉ាស៊ីននោះពិសេសណាស់ ដោយគ្រាន់តែថតភ្លាម វាភ្ជាប់ទៅនឹងកុំព្យូទ័រភ្លាម ដើម្បីដឹងលទ្ធផលនៅការពិនិត្យនោះភ្លាម ដោយមិនបាច់លាងហ្វិល ហើយយកទៅពិនិត្យតាមក្រោយទៀតនោះទេ» ។

គួររំលឹកថា ការចុះព្យាបាលជំងឺប្រជាពលរដ្ឋ នៅក្នុងខ័ណ្ឌនេះ របស់ក្រុមការងារថ្នាក់ជាតិ​នៃរាជរដ្ឋាភិបាល ដែលបានដឹកនាំក្រុមគ្រូពេទ្យ ស្ម័គ្រចិត្ដ មកព្យាបាលដោយឥតគិតថ្លៃ មិនមែនជាលើកទីមួយនោះទេ ដែលហេតុផលនេះហើយបានជាប្រជាពលរដ្ឋរាប់ពាន់នាក់មានការជឿជាក់ និងមកពិនិត្យគ្រប់ៗគ្នា រាល់ពេលដែលក្រុមគ្រូពេទ្យចុះមកព្យាបាលនៅទីនេះ៕