(សៀមរាប)៖ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានថ្លែងឲ្យដឹងថា វិស័យអប់រំជាគន្លឹះមួយយ៉ាងសំខាន់បំផុត ដែលសង្គមទាំងមូលត្រូវតែចូលរូមឲ្យបានខ្លាំងក្លា និងប្រើប្រាស់ពេលវេលាយូរអង្វែង ហើយនឹងភាពហ្មត់ចត់ និងស្មារតីទទួលខុសត្រូវខ្ពស់។ ការធ្វើកំណែទម្រង់វិស័យអប់រំយុវជន និងកីឡាបានធ្វើឲ្យវិស័យមួយនេះ មានការប្រែប្រួលមុខមាត់ និងមានការទទួលស្គាល់ពីសំណាក់មហាជនគ្រប់ស្រទាប់វណ្ណៈ។

ក្រៅពីវិស័យអប់រំ និងវិស័យទេសចរណ៍របស់ខេត្ត ក៏មាន​កា​ររីកចម្រើនជាបន្តបន្ទាប់ ដែលបាននឹងកំពុងធ្វើការទាក់ទាញភ្ញៀវទេសចរពីគ្រប់មជ្ឈដ្ឋាន ឲ្យចូលមកទស្សនាខេត្តទេសចរណ៍មួយនេះ មានការកើនឡើងឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំ ជាមួយនោះវិស័យកសិកម្ម សេវាកម្ម សិប្បកម្មដ៏ទៃទៀត ក៏មានសក្តានុពលជម្រុញឲ្យសេដ្ឋកិច្ចមានការរីកចម្រើនប្រកបដោយចីរភាពផងដែរ។

ការលើកឡើងរបស់អភិបាលខេត្តសៀមរាប បានធ្វើឡើងនៅក្នុងពិធីចែកកង់ ៥០០គ្រឿង និងភួយ៥០០ ជូនដល់សិស្សានុសិស្សក្រីក្រ ជួបការលំបាកក្នុងខេត្តសៀមរាប ដែលជាអំណោយរបស់​ក្រុមរ៉ុតារីអង្គរ និងក្រុមរ៉ុតារីសាំងហ្គាពួ នៅសាលាគរុកោសល្យ និងវិក្រឹត្តការខេត្ត ដែលរៀបចំធ្វើនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧នេះ។

អភិបាលខេត្តបានថ្លែង​អំណរគុ​ណ​​ កោតសរសើរចំពោះក្រុមរ៉ុតារីអង្គរ ដែលមាន លោកស្រី សៀ អាណា និងក្រុមរ៉ុតារីសាំងហ្គាពួ ដែលមានលោក រ៉ូបីន តាន់ ព្រមទាំងសហការី ដែលបានកៀគរសប្បុរសជននានា ផ្តល់​អំណោយមនុស្សធម៌ជូនដល់ប្រជាជន ក៏ដូចជាសិស្សានុសិស្ស​ក្រីក្រក្នុងខេត្តសៀមរាប ។

ជាមួយគ្នានេះ លោក ឃឹម ប៊ុនសុង បានកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ដែលបានកែទម្រង់វិស័យអប់រំ ដើម្បីធានាឲ្យការកសាង និងអភិវឌ្ឍធនធានមនុស្ស ស្របតាមបែបផែនផលិតកម្មទំនើប និងដំណាក់កាលនៃការរីកចម្រើន របស់ពិភពលោក។ លោកបានបន្តថា អាជ្ញាធរខេត្តបានយកចិត្តទុកដាក់ សហការយ៉ាងជិតស្និទ្ធជាមួយមន្ទីរ-អង្គភាព ជំនាញពាក់ព័ន្ធនានា ក្នុងខេត្ត ធ្វើការជម្រុញ និងស្ថាបនាបន្ថែមនូវហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន ការផ្គត់ផ្គង់ទឹកស្អាត អគ្គិសនី ភ្លើងបំភ្លឺសាធារណៈ ការកែលម្អសោភ័ណភាពក្រុង និងជាពិសេសកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនគណៈប្រតិភូជាន់ខ្ពស់ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់តំបន់ និងពិភពលោក និងទស្សនាកម្សាន្តសប្បាយតំបន់រមណីយដ្ឋានធម្មជាតិ ប្រវត្តិសាស្រ្តនានាក្នុងខេត្ត។

នាពេលថ្មីកន្លងទៅនេះ អាជ្ញាធរខេត្ត​ បានសហការ​ជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា និងស្ថា​ប័​ន​​ពាក់ព័ន្ធ បានរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ២០១៧ ដែល​មា​ន​​រយៈពេល ៣ថ្ងៃ នានាឱកាសបុណ្យចូល​ឆ្នាំថ្មី​ប្រពៃណី​ជាតិ​ខ្មែ​រ ហើយបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ​ប្រមាណ​ ១លាន ៦៣ម៉ឺននាក់ ចូល​ម​ក​ទស្ស​​​​នានៅលើទីតាំងផ្សេងៗ​ជា​ច្រើ​ន​កន្លែង ក្នុងតំបន់រមណីយដ្ឋានអង្គ​រ និងក្នុងក្រុងសៀមរាបទាំង​មូ​ល។ ឥទ្ធិពលនៃការផ្សព្វផ្សាយវប្បធម៌អង្គរសង្រ្គាន្ត មិនគ្រា​ន​តែជាឧបករណ៍សំរាប់ទាក់ទាញ​ភ្ញៀវឲ្យមកកំ​សា​ន្ត​ ក្នុ​ង​ឱកាស​បុ​ណ្យ​​ចូលឆ្នាំនេះប៉ុណ្ណោះទេ តែ​ភ្ញៀវទេស​ចរដែល​មកកំសាន្តសប្បា​យ​ទាំងនោះ នឹងក្លាយជាឃោស​និ​កទេសចរ យ៉ាង​សំ​ខាន់ក្នុងការជំរុញឲ្យមានកំណើនភ្ញៀវ នៅខេត្តសៀមរាប ក៏​ដូ​ច​ជាកម្ពុជាផងដែរ៕