(ត្បូងឃ្មុំ)៖ លោក វ៉ា សារិទ្ធ សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ គណបក្សប្រជាជនកម្ពុជា ខេត្តត្បូងឃ្មុំ និងជាប្រធាន ក្រុមការងារ ចុះជួយឃុំគោកស្រុក ស្រុកតំបែរ ខេត្ត្តត្បូងឃ្មុំ បានថ្លែងថា ឆ្លងតាមកាត់របបនយោបាយជាច្រើនជំនាន់មក ប្រទេសជាតិរបស់យើង មិនដែលបានទទួលសុខសន្តិភាព បានពេញលេញបរិបូណ៍យូរអង្វែងដូចបច្ចុប្បន្ននេះទេ តែងជួបនូវហេតុការណ៍ សង្គ្រាមជាញឹកញាប់ ធ្វើឲ្យប្រជាពលរដ្ឋមានការលំបាក និងប្រទេសជាតិ គ្មានការរីកចម្រើន ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋយើង ចូលរួមថែរក្សាសន្តិភាពដ៍ផូរផង់នេះ។

ការថ្លែងបែបនេះរបស់ លោក វ៉ា សារិទ្ធ ខណៈដែលលោករួមទាំងក្រុមការងារ អញ្ជើញចុះជួបសំណេះសំណាលជាមួយ សមាជិក សមាជិកា គណបក្សប្រជាជន ភូមិដូនមាស ក្នុងឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ចំនួន៤១៥នាក់ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧នេះ។

ក្នុងឱកាសនោះ លោកក៍បានធ្វើការរំលឹកពីប្រវត្តិដ៏ជូរចត់ និងទុក្ខលំបាកដ៍សែនវេទនា ដែលប្រជាពលរដ្ឋកម្ពុជា បានជួបប្រទះក្នុងរបបដ៍ខ្មៅងងឹត របបប្រល័យពូជសាសន៍ ប៉ុល ពត។

លោកបន្តថា ក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ រហូតមកដល់ពេលនេះ ប្រទេសជាតិ បានទទួលសុខសន្តិភាពជាង៣០ឆ្នាំ ទៅហើយ ដែលសន្តិភាពនេះ គឺកើតឡើងដោយការលំបាកណាស់ ក្រោមការលះបង់សព្វបែបយ៉ាង របស់ឥស្សរជនជា ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដោយកសាងប្រទេសជាតិ តាំងពីបាតដៃទទេ ពីគំនរផេះផង់ រហូតមានការអភិវឌ្ឍ ជាបន្តបន្ទាប់ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដោយអនុវត្តន៍នូវ គោលនយោបាយឈ្នះឈ្នះ ដែលជាគោលនយោបាយ បង្រួបបង្រួមជាតិតែមួយ ទទួលបាននូវសុខសន្តិភាព ស្ថេរភាព រហូតអភិវឌ្ឍន៍ប្រទេសជាតិ ទទួលការរីកចម្រើន លើគ្រប់វិស័យដូចសព្វថ្ងៃនេះ។

លោកក៍បានសង្កត់ធ្ងន់ថា «យើងទាំងអស់គ្នាត្រូវការពារឲ្យបានដាច់ខាត មិនឲ្យមានបដិវត្តន៍ពណ៌ចូលមកបំផ្លាញ សុខសន្តិភាព នៅលើទឹកដីនៃកម្ពុជា ដែលពួកយើងទាំងអស់គ្នា ខិតខំថែរក្សាអស់ជាង៣០ឆ្នាំនោះទេ»។

ជាមួយគ្នានោះដែរ លោក វ៉ា សារិទ្ធ ក្នុងនាមប្រធានក្រុមការងារចុះជួយឃុំគោកស្រុក បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជូន ដល់បងប្អូនទាំងអស់ ដែលតែងតែបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជា និងសូមបន្តគាំទ្របន្តទៀត ដោយបោះឆ្នោតជូនបេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់ គណបក្សប្រជាជនកម្ពុជា នៅថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នាពេលខ្លីខាងមុខនេះ ៕