(ភ្នំពេញ)៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ហៅកាត់ថា គ.ប.ផ.ក នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧នេះ បានចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការមួយ បញ្ជាក់ពីប្រតិបត្តិការបង្ក្រាបគ្រឿងសំអាងចម្រុះ ដែលគ្មានច្បាប់អនុញ្ញាតិ នៅខណ្ឌចំការមន។

សេចក្ដីប្រកាសព័ត៌មានប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងនៅថ្ងៃទី២៨ ខែមេសាម្សិលមិញនេះ ដោយមានការចូលរួមពី ស្ថាប័នអយ្យការ, ក្រសួងសុខាភិបាល, តំណាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា,​ តំណាងអគ្គនាយកដ្ឋានកាំកុងត្រូល និងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនរូបផងដែរ។

ប្រតិបត្តិដែលធ្វើនៅ២ទីតាំងស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមននេះ ជំនាញដកហូតបានសរុប ប្រមាណជាង៣៨តោន ហើយត្រូវបានយក ទៅរក្សាទុក ដើម្បីកសាងសំណុំរឿង ចាត់វិធានការតាមផ្លូវច្បាប់។

ជាមួយគ្នានេះ គ.ប.ផ.ក សូមអំពាវនាវដល់សាធារណៈជនមេត្តាចូលរួម និងសហការផ្ដល់ព័ត៌មានអំពីទីតាំង ឬជនដែលផលិត ចែកចាយផលិតផល ក្លែងក្លាយ ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព និងសុវត្ថិភាពសង្គម ហើយសាធារណៈ អាចទំនាក់ទំនងផ្ដល់ព័ត៌មានបាន តាមលេខទូរស័ព្ទ ០៨១ ៩៩៩ ៨០៨៕