(ភ្នំពេញ)៖ ក្រសួងយុត្តិធម៌ នៅរសៀលថ្ងៃទី២៩ ខែមេសា​ ឆ្នាំ២០១៧នេះ បានបើកកិច្ចប្រជុំពិនិត្យលើសំណើរបន្ធូរបន្ថយ និងលើកលែងទោស ដល់ទណ្ឌិត ក្នុងឱកាសបុណ្យពិសាខបូជា ដែលបានធ្វើឡើងនៅក្នុងទីស្តីការក្រសួងយុត្តិធម៌ ។

លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ថា កិច្ចប្រជុំខាងលើនេះ ធ្វើឡើងពិនិត្យសំណើរបន្ធូរបន្ថយ និងលើកលែងទោសដល់ទណ្ឌិតគ្រប់រាជធានីខេត្ត ដើម្បីដាក់ជូនកិច្ចប្រជុំគណកម្មការថ្នាក់ជាតិនៅថ្ងៃទី០៣ ខែឧសភា ខាងមុខនេះ ដែលដឹកនាំដោយ លោក អង្គ វង្ស វឌ្ឍនា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ធ្វើការពិនិត្យនិងសម្រេច ពេលនោះទូរលេខ ផ្លូវការនឹងប្រកាសជាសាធារណៈ។

លោក ជិន ម៉ាលីន បានបន្ថែមទៀតថា «ចំពោះសំណើរ យើងទទួលបានពីពន្ធនាគាររាជធានីខេត្តចំនួន១៥ និងមណ្ឌលអប់រំ កែប្រែចំនួន៤ ហើយក្រសួងកំពុងធ្វើការពិនិត្យលើ សំណើរទាំងអស់នេះ និងធ្វើការប្រកាសទូរលេខផ្លូវការ នៅថ្ងៃប្រជុំគណកម្មការថ្នាក់ជាតិ»។

សូមបញ្ជាក់ថា ការបន្ធូរបន្ថយ និងលើកលែងទោស តែងត្រូវបានធ្វើឡើង៣ដង ក្នុងមួយឆ្នាំ ក្នុងនោះមានបុណ្យចូលឆ្នាំថ្មី បុណ្យអុំទូក និងបុណ្យពិសាខបូជា ផងដែរ៕