(សៀមរាប)៖ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ បានបញ្ជាក់ឲ្យដឹងថា រាជរដ្ឋាភិបាលបានជំរុញ ការអភិវឌ្ឍឱ្យប្រទេសជាតិ មានការផ្លាស់ប្តូររីកចម្រើនលើគ្រប់វិស័យក្នុងនោះ វិស័យអប់រំ ដែលរហូត ដល់បច្ចុប្បន្ននេះ ក៏មានការរីកចម្រើនរឹងមាំ នៅពេញផ្ទៃប្រទេស។ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានឲ្យដឹងថា «យើងទាំងអស់គ្នា បានជួបជុំគ្នា និងសប្បាយរីករាយក្នុងភាពស្និទ្ធស្នាលក្រៃលែង នេះ គឺសបញ្ជាក់ឲ្យឃើញនូវស្មារតីសាមគ្គីភាពការ ស្រឡាញ់រាប់អានគ្នា ក្នុងនាមជាអ្នកមកពីខេត្តជាមួយគ្នា»។

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងឲ្យដឹងនៅក្នុងពិធីជួបជុំសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយ សិស្ស-និស្សិតប្រមាណ ២២០នាក់ ស្រី ១២៩នាក់ ចេញពីខេត្តបន្ទាយមានជ័យ កំពុងបន្តការសិក្សារៀនសូត្រនៅក្នុងខេត្តសៀមរាប នៅសណ្ឋាគារ អង្គរប៉ារ៉ាឌី ខេត្តសៀមរាប នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧។

នៅក្នុងពិធីនោះ ក៏មានវត្តមានអញ្ជើញចូលរួមពី លោក គោស៊ុំ សារឿត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧត្តុនិយម ជា អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ ខេត្តបន្ទាយមានជ័យ សមាជិកព្រឹទ្ធសភា-រដ្ឋសភា លោក សួន បវរ អភិបាលខេត្ត បន្ទាយមានជ័យ លោក អ៊ុង អឿន ប្រធានក្រុមប្រឹក្សាខេត្ត លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប។

ឧបនាយករដ្ឋមន្ត្រីបានបន្តថា រាជរដ្ឋាភិបាល បាននឹងកំពុងខិតខំប្រឹងប្រែង យ៉ាងសកម្មក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត អប់រំ និងការបង្កើតសាលារៀនឱ្យបានច្រើនថែមទៀត ដែលជាការវិនិយោគរយៈពេលវែង ដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋ ទាំងអស់សំដៅ រួមចំណែកដល់ ការកាត់បន្ថយភាពក្រីក្រ និងលុបបំបាត់ភាពក្រីក្រតាមរយៈការផ្ដល់ឱកាសទទួលបាន សេវាអប់រំ និងចំណេះដឹង ដល់ប្រជាជនទូទៅទាំងអស់គ្នា។

នាឱកាសនោះ ឧបនាយករដ្ឋមន្ត្រី បានក្រើនរម្លឹកដល់សិស្សនិស្សិតទាំងអស់ សូមចូលរួម ប្រយុទ្ធប្រឆាំងគ្រឿងញៀន ឃ្លាត ឆ្ងាយជៀសផុត និងឆ្លើយ ថាទេពីគ្រឿងញៀនព្រោះអីគ្រឿងញៀន នេះវាបំផ្លាញដល់សុខភាពបំផ្លាញដល់អនាគតរបស់ខ្លួន គ្រួសារ សង្គមជាតិ។

លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងអំណរគុណចំពោះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានបង្កលក្ខណៈជួយឲ្យយុវនិស្សិត មានឱកាសបានជួបជុំគ្នាផ្លាស់ប្តូរគំនិតល្អៗពីគ្នា ស្គាល់កាន់តែស្និទ្ធស្នាល និងជួយគ្នាទៅវិញទៅមកក្នុងនាមអ្នកមកពីខេត្តបន្ទាយមានជ័យ ដូចគ្នាដូចពាក្យគេថា «នៅផ្ទះម្តាយទីទៃ នៅព្រៃម្តាយតែមួយ»។

ជាមួយគ្នានោះ កញ្ញា ហេង សុខប៊ី ជាប្រធានតំណាងយុវនិស្សិតប្រចាំខេត្តសៀមរាប បានគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ដែលបានរៀបចំកម្មវិធីនេះឡើង ដើម្បីលើកទឹកចិត្តដល់យុវនិស្សិត ខេត្តបន្ទាយមានជ័យ ដែលបន្តការសិក្សានៅសៀមរាប និងផ្តល់ឱកាសឲ្យយើងខ្ញុំទាំងអស់ មានការទំនាក់ទំនងជាមួយមិត្តភក្តិ កាន់តែមានភាព ស្និទ្ធស្នាលបន្ថែមទៀត ក្នុងនោះដែរក៏មានការរឹតចំណង មិត្តភាព សាមគ្គីភាព រវាងនិស្សិត និងនិស្សិត ថ្នាក់ដឹកនាំនិងនិស្សិត ហើយថែមទាំងមានឱកាសផ្លាស់ប្តូរនូវបទពិសោធន៍រវាងគ្នានិងគ្នា ក្នុងនាមជាមហាគ្រួសារ អ្នកបន្ទាយមានជ័យតែមួយជាពិសេសធ្វើឲ្យយើងទាំងអស់គ្នា បានយល់ដឹងកាន់តែច្បាស់ ពីការរីកចម្រើនលើគ្រប់វិស័យ របស់កម្ពុជា។

គួររំលឹកផងដែរថា កាលពីថ្ងៃទី២៦ ខែមិនា ឆ្នាំ២០១៧កន្លងមកថ្មី ឧបនាយករដ្ឋមន្ត្រី បានរៀបចំកម្មវិធី ជួបសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយសិស្សនិស្សិត មកពីខេត្តបន្ទាយមានជ័យ ដែលបានបន្តការសិក្សានៅរាជធានីភ្នំពេញ នៅ Hotel Garden City ២,០០០នាក់ផងដែរ៕