(សៀមរាប)៖ ស្ពានអណ្តែតទឹកមុខប្រាសាទអង្គរវត្ត បណ្តោះអាសន្ន ដែលត្រូវបានសាងសង់ឡើង ដើម្បីជូនភ្ញៀវជាតិ និងអន្តរជាតិ ប្រើប្រាស់ជំនួសឲ្យស្ពានហាល ដែលកំពុងដំណើរការជួសជុលនោះ បានរួចរាល់ស្ទើរ១០០% ហើយគ្រោងនឹងដាក់ឲ្យដំណើរការ នៅដើមខែឧសភា ឆ្នាំ២០១៧ ខាងមុខនេះ។

លោក សុខ សង្វារ អគ្គនាយករង នៃអាជ្ញាធរជាតិអប្សរា​ បានបញ្ជាក់ថា ដំណើរការសាងសង់ស្ពានអណ្តែតទឹក បានរួចរាល់ស្ទើរទាំងស្រុងហើយ នៅសល់តែការសម្អាត និងការត្រួតពិនិត្យបន្ថែមប៉ុណ្ណោះ។ ស្ពានអណ្តែតទឹកនេះ មានសមត្ថភាពគ្រប់គ្រាន់ ធានាសុវត្ថិភាពដល់ភ្ញៀវទេសចរ ព្រោះវាអាចទ្រទ្រង់ទម្ងន់ ដល់ទៅជាង៤០០តោនក្នុងពេលតែមួយបាន។ លើសពីនេះនៅពេលស្ពាននេះដំណើរការ នឹងមានពោងសុវត្ថិភាព ដោយមានភ្នាក់ងារទេសចរណ៍នៅយាម សងខាងស្ពានជាប្រចាំផងដែរ។

លោក សុខ សង្វារ បញ្ជាក់ថា ការសាងសង់ស្ពានអណ្តែតទឹកជំនួសស្ពាន ហាលមុខប្រាសាទអង្គរវត្តនេះ គឺដើម្បីសម្រួលដល់ដំណើរការជួសជុល និងបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុ ក្នុងពេលដែលស្ពានហាលនេះ កំពុងជួសជុលដោយកិច្ចសហការនៃអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យ សូហ្វីយ៉ានៃប្រទេសជប៉ុន។ តាមគម្រោងស្ពានហាលនេះ នឹងត្រូវបិទបណ្តោះអាសន្នរហូតដល់ការ ជួសជុលរួចរាល់ក្នុងឆ្នាំ២០២០ ទើបបើកឲ្យសាធារណជនធ្វើដំណើរឆ្លងកាត់ឡើងវិញ។

សូមបញ្ជាក់ថា គិតចាប់ពីទសវត្សឆ្នាំ១៩៥០មក ស្ពានហាលមុខប្រាសាទអង្គរវត្តត្រូវបានជួសជុលឡើងវិញ៣ដំណាក់កាលហើយ ដំណាក់កាលទី១ គឺនៅឆ្នាំ១៩៥៣ ជួសជុលដោយប្រទេសបារាំងតាមរយៈសាលាបារាំងចុងបូព៌ា EFEO នៅចំហៀងខាងជើងផ្នែកខាងកើត និងខាងដើមទសវត្សទី៦០ នៅពាក់កណ្តាលផ្នែកខាងត្បូងទាំងស្រុង ដំណាក់កាលទី២ ពីឆ្នាំ១៩៩៦-២០០៧ ជួសជុលដោយសាកលវិទ្យាល័យសូហ្វីយ៉ានៃប្រទេសជប៉ុន រួមនឹងអាជ្ញាធរជាតិអប្សរាផ្នែកខាងជើងក្នុងជំហានទី១ និងដំណាក់កាលទី៣ គឺអាជ្ញាធរជាតិអប្សរា សហការនឹងសាកលវិទ្យាល័យ សូហ្វីយ៉ា បន្តជំហានទី២ ជួសជុលផ្នែកខាងជើងចំហៀងខាងលិច មានប្រវែង៩០ម៉ែត្រ ដែលបានបើកឲ្យដំណើរការជាផ្លូវការតាំង ពីខែឧសភា ឆ្នាំ២០១៦ មកហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២០ខាងមុខ៕