(ភ្នំពេញ)៖ ថ្លែងប្រាប់ពីទីក្រុងបាងកក ប្រជាពលរដ្ឋខ្មែរម្នាក់ បានប្រាប់បណ្តាញព័ត៌មាន Fresh News ពីប្រទេសថៃឲ្យដឹងមុននេះបន្តិចថា រូបលោកបានឃើញ ជុន ច័ន្ទបុត្រ ផ្ទាល់ពាក់មួក និងវ៉ែតា អង្គុយហូបអាហារជាមួយបុរសម្នាក់ទៀត នៅក្នុងហាងមួយ ម្ដុំតំបន់ដែលខ្មែររស់នៅ ឈ្មោះ «ប៉ាត់ទូណាម» នៅទីក្រុងបាងកក ប្រទេសថៃ។

ប្រជាពលរដ្ឋរូបនេះបានបញ្ជាក់ថា នៅពេលឃើញលោក ជុន ច័ន្ទបុត្រ ដោយចៃដន្យនៅវេលាម៉ោងប្រមាណជិត១០យប់មិញ ពេលនោះលោក ក៏យកទូរស័ព្ទចង់ថត ប៉ុន្ដែដោយសារដឹងខ្លួន លោក ជុន ច័ន្ទបុត្រ ក៏បានដើរចេញពីហាងនោះ ទៅបាត់តែម្ដង។

មន្រ្តីជាន់ខ្ពស់បានឲ្យដឹងនៅមុននេះបន្តិចថា ជនសង្ស័យ ជុន ច័ន្ទបុត្រ បានចាកចេញពីកម្ពុជា ទៅកាន់ទីក្រុងបាងកក ប្រទេសថៃ តាមជើងហោះហើរ ក្រុមហ៊ុនអាកាសចរណ៍ Thai Airway នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ ម៉ោង១៥៖០៤នាទី នេះបើយោងតាមទិន្នន័យ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានមុននេះបន្តិចពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

មន្រ្តីជាន់ខ្ពស់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានប្រាប់ Fresh News នៅមុននេះបន្តិចឲ្យដឹងថា «ព័ត៌មាននេះជាការពិត»

ដោយឡែកតាមព័ត៌មានច្បាស់លាស់មួយពីទីក្រុងបាងកក បានថ្លែងប្រាប់បណ្តាញ Fresh News​ ឲ្យដឹងដែរថា នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧នេះ រូបគាត់បានឃើញជនសង្ស័យ ជុន ច័ន្ទបុត្រ អង្គុយហូបបាយ នៅទីក្រុងបាងកក ប្រទេសថៃ៕