(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីបើក កិច្ចប្រជុំកំពូលអាស៊ានលើកទី៣០ ដែលធ្វើឡើងនៅក្នុងមជ្ឈមណ្ឌល Philippines International Convention Center (PICC) ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ នេះបើតាមការប្រកាសនៅលើទំព័រ Facebook សម្តេចតេជោ ហ៊ុន សែន​ នៅវេលាថ្ងៃត្រង់នេះ។

ការអញ្ជើញមកដល់របស់ សម្ដេចតេជោនាយករដ្ឋមន្រ្តី ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅពី លោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte ដែលជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០១៧នេះ។

នៅក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ាន​ មានការអញ្ជើញចូលរួមពីសំណាក់ប្រមុខរដ្ឋ/រដ្ឋាភិបាល​ អគ្គលេខាធិការអាស៊ាន​ មន្ត្រីអាស៊ាន​ សមាជិកគណ:ប្រតិភូ​ និងភ្ញៀវកិត្តិយសជាច្រើនរូប។​

លោក​ប្រធានាធិបតី​ Rodrigo Duterte​ ប្រធានអាស៊ានបានអានសន្ទរកថាស្វាគមន៍បើកកិច្ចប្រជុំ​កំពូល ហើយនៅក្នុងនោះក៏មានការសម្ដែងរបាំសិល្បៈ ចម្រៀង អាស៊ាន ដោយសិល្បករ សិល្បការិនីល្បីៗ ជាច្រើនមកពីបណ្ដារប្រទេសអាស៊ាន និងបន្ទាប់មកមានពិធីថតរូបអនុស្សាវរីយ៍រវាងថ្នាក់ដឹកនាំអាស៊ាន និងភរិយាផងដែរ។

បន្ទាប់ពិធីបើកកិច្ចប្រជុំកំពូលជាផ្លូវការរួចហើយ សម្ដេចតេជោ ហ៊ុន សែន ក៏អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គ ជាមួយបណ្ដាមេដឹកនាំអាស៊ានទាំងអស់៕