(ព្រះសីហនុ)៖​ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានថ្លែងជម្រុញឲ្យថ្នាក់​ដឹកនាំទាំងអស់ ត្រូវធ្វើផែនការសកម្មភាព ការងារជាក់ស្តែង ទៅតាមភូមិសាស្ត្រ ដែលអស់លោកគ្រប់គ្រង និងធ្វើផែនទីជាក់ស្ដែង កំណត់ទីតាំងធ្លាប់កើត​មានបទល្មើស និងងាយរងគ្រោះ ព្រមទាំងខិតខំប្រឹងប្រែងធ្វើ​ការងារប្រចាំថ្ងៃឲ្យបានល្អ ដើម្បីទប់ស្កាត់ ការពារសន្តិសុខសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន កាន់តែល្អប្រសើរឡើង។

នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧​នេះ ស្នង​ការដ្ឋាន​នគរបាលខេត្តព្រះសីហនុ បានបើកកិច្ច​ប្រជុំបូកសរុប​ការងារ ប្រចាំខែមេសា ឆ្នាំ២០១៧​ និងសម្រួលភារកិច្ច បំពាក់ឋានន្តរ​ស័ក្តិជូន​មន្ត្រីនគរបាល​ជាតិ ក្រោមអធិបតីភាពលោក​ឧត្តមសេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាលខេត្ត​ព្រះសីហនុ។

របាយការណ៍បូកសរុប​សភាពការណ៍ និងកិច្ចប្រតិបត្តិ​ការ ថែរក្សា​សន្តិសុខ សណ្តាប់​ធ្នាប់សង្គមប្រចាំខែមេសា ដែលអានដោយលោកវរ​សេនីយ៍ឯក ​សៅ ស៊ាន ​ស្នងការរងទទួលផែនសេនាធិការ បានកត់សម្គាល់ឃើញថា «បទល្មើសព្រហ្មទណ្ឌមានការថយចុះច្រើន»

តាមប្រកាសរបស់​ក្រសួង​មហាផ្ទៃ ត្រូវបានសម្រួលភារកិច្ចជូនមន្រ្តីនគរបាលចំនួន១៨នាក់ តែងតាំងមុខ​តំណែង១៨ បំពាក់ឋានន្តរ​ស័ក្តិ ថ្នាក់អនុសេនីយ៍ឯក៤នាក់ ថ្នាក់អនុសេនីយ៍ទោ៥​នាក់ និងថ្នាក់​អនុសេនីយ៍ត្រី២នាក់ សរុបចំនួន៤៧នាក់។

ក្នុងការសម្រួលភារកិច្ចខាងលើនេះ ក៏មានការផ្លាស់ប្តូរនាយនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ២ ឲ្យមកកាន់នាយប៉ុស្តិ៍សង្កាត់លេខ៤ រីឯនាយប៉ុស្តិ៍សង្កាត់លេខ៤ មកកាន់សង្កាត់លេខ២វិញ។

បន្ទាប់ពីធ្វើពិធីបំពាក់​ឋានន្តរ​ស័ក្តិ រួចមកលោកឧត្តម​សេនីយ៍​ទោ ជួន ណា​រិន្ទ បានណែនាំឲ្យអស់លោកជាថ្នាក់ដឹកនាំទាំងអស់ ត្រូវធ្វើការកែសម្រួលរបៀបរបបការងារ ការដឹកនាំ ការគ្រប់គ្រងកងកម្លាំង និងបែងចែកភារកិច្ចទទួលខុសត្រូវឲ្យបានច្បាស់លាស់ ដោយ ត្រូវមានការត្រួតពិនិត្យ តាមដានផែនការ ដែលបានដាក់ចុះ ព្រមទាំងធ្វើការប្រជុំវាយតម្លៃ លើកសរសើរ និងស្នើសុំតម្លើងឋានន្តរស័ក្តិ ចំពោះបុគ្គលដែលមានស្នាដៃ៕