(ភ្នំពេញ)៖ គណៈប្រតិភូសហភាពអឺរ៉ុប ដឹកនាំដោយលោក Stavros Petropoulos មន្ត្រីគោលនយោបាយ​កិច្ចការបរទេសទទួលបន្ទុក​កម្ពុជា​ នៃនាយកដ្ឋានអាស៊ីអាគ្នេយ៍ របស់សហភាពអឺរុប បានមកធ្វើទស្សនកិច្ច នៅសាលាក្តីខ្មែរក្រហម នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧នេះ ដើម្បីស្វែងយល់ពីដំណើរវិវឌ្ឍន៍ថ្មីៗ របស់តុលាការនៅក្នុងបេសកកម្មស្វែងរកការពិត និងយុត្តិធម៌ជូនពលរដ្ឋកម្ពុជា ដែលរងគ្រោះនៅក្នុងរបបខ្មែរក្រហម។

ក្នុងនោះដែរ ​គណៈប្រតិភូបានទស្សនាសាលសវនាការ ជួបពិភាក្សាការងារជាមួយចៅក្រម និងមន្ត្រីតុលាការ។

លោក ក្រាញ់ តូនី ប្រធានការិយាល័យរដ្ឋបាលស្តីទី នៃសាលាក្តីខ្មែរក្រហមបានថ្លែងប្រាប់ គណៈប្រតិភូសហភាពអឺរ៉ុប អំពីការវិវឌ្ឍន៍ថ្មី នៃការជំនុំជម្រះក្តីលើទិដ្ឋភាពផ្នែកច្បាប់ រដ្ឋបាល និងហិរញ្ញវត្ថុ កេរ​តំ​ណែលតុលាការ និងការចងចាំ និងការទប់ស្កាត់ការវិលត្រឡប់មកវិញ នៃរបបខ្មែរក្រហម។

ប្រធានការិយាល័យរដ្ឋបាលស្ដីទីរូបនេះ នៅក្នុងនាមសាលាក្តីខ្មែរក្រហម បានថ្លែងអំណរគុណដល់សហភាពអឺរ៉ុប ដែលបានផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ ដល់តុលាការចាប់តាំងពី​ តុលាការបានចាប់ផ្តើមមក។

​សហ​ភាព​អឺរ៉ុប​​ជា​ម្ចាស់ជំនួយ​ធំមួយ​ ក្នុង​ចំណោម​ម្ចាស់​ជំនួយ​ធំៗបំផុត​របស់ សាលាក្តីខ្មែរក្រហម ហើយរហូតមកទល់ពេលនេះ ជំនួយ​ហិរញ្ញវត្ថុដែល​​​សហ​ភាព​អឺរ៉ុបបាន​ផ្តល់ដល់ សាលាក្តីខ្មែរក្រហម មានចំនួនសរុប​១៨.៣៥​លានដុល្លារអាមេរិកហើយ ចាប់ពីដំណើរការរបស់​​​អង្គជំនុំជម្រះ​វិសាមញ្ញ​​​តាំង​ពី​ឆ្នាំ​២០០៦​មក។

ជាការឆ្លើយតប លោក Stavros Petropoulos បានវាយតម្លៃខ្ពស់ និងទទួលស្គាល់កិច្ចការ ដែលសាលាក្តីខ្មែរក្រហមបានបំពេញ ក្នុងដំណើរស្វែងរកយុត្តិធម៌ជូនជនរងគ្រោះរបបខ្មែរក្រហម ដែលកិច្ចការទាំងនេះ ពិតជាមានសារៈសំខាន់ដល់សង្គម ព្រមទាំងបានចូលរួមក្នុងការពង្រឹងការចងចាំរបស់មនុស្សជាតិ ការកសាងធនធានមនុស្សសម្រាប់កម្ពុជាផងដែរ៕