(ភ្នំពេញ)៖ តុលាការបានធ្វើឯកសារតាមបែបបទយ៉ាងត្រឹមត្រូវគឺជា «ដីកាកោះ» លោក ជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរី (RFA) ឲ្យចូលទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក្នុងនាមជា «ជនសង្ស័យ» ក្នុងដំណើររឿង «ផ្តល់សេចក្តីប្រកាសដោយភូតកុហកបន្លំខ្លួនចូលពន្ធនាគារ»។

ឯកសារនេះគឺផ្លូវការ «មិនបន្លំ» និងមិនបង្កប់ភាពទុច្ចរិតទេ។ នេះគឺជារបៀបធ្វើការដោយត្រឹមត្រូវ តាមផ្លូវច្បាប់ដែលបុគ្គល ជុន ច័ន្ទបុត្រ យកទៅប្រៀបធៀបវិជ្ជាជីវៈរបស់ខ្លួន។ ជន ច័ន្ទបុត្រ គួរយល់ថា បើត្រឹមតែរបៀប ធ្វើការរបស់ខ្លួនត្រូវបានគេមើលឃើញថា «បន្លំ» និង «បង្កប់បំណងទុច្ចរិត» ទៅហើយ ចុះទម្រាំការផ្សព្វផ្សាយ និងការប្រតិបត្តិវិជ្ជាជីវៈ រាល់ថ្ងៃ តើបន្លំ បំភ្លៃ កម្រិតណា? យោងតាមបុគ្គលិក និងអតីតបុគ្គលិកវិទ្យុអាស៊ីសេរី ក្នុងករណីនេះ ជុន ច័ន្ទបុត្រ បានភូតមេកើយជាជនបរទេស ហើយថា ជុន ច័ន្ទបុត្រ បានធ្វើឲ្យមនុស្សច្រើននាក់ណាស់នៅក្នុងវិទ្យុ RFA មានការឈឺចាប់ និងបាត់បង់ការងារ។

កន្លងមកលោក ជុន ច័ន្ទបុត្រ ធ្លាប់តែធ្វើកិច្ចសម្ភាសន៍ដល់មន្រ្តីនានា ប៉ុន្តែថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧ខាងមុខនេះ នឹងត្រូវតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ទទួលសម្ភាសន៍ផ្តាច់មុខវិញម្តងហើយ។

ព្រះពុទ្ធ ទូន្មានអំពី «កម្ម និង ពារ»។ ការពិតមិនអាចលាក់បាំងបានទេ។ វានឹងលាតត្រដាង។ ពេលមានទុក្ខ ហើយគ្មានអ្នកឈឺឆ្អាល គឺជាពេលវេលានៃការឆ្លុះបញ្ចាំងថា ខ្លួនបានធ្វើអាក្រក់កម្រិតណា!? ការពិតនៅពេលថ្មីៗ និងចាប់ពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧នេះតទៅ បុគ្គល ជុន ច័ន្ទបុត្រ នឹងបានរៀនមេរៀនច្រើនទៀត ដែលមិនធ្លាប់រៀនក្នុងឆាកជីវិត៖

ទី១៖ មេរៀនជីវិតអំពីរបៀបសួរ និង ឆ្លើយ៖ កន្លងមក បុគ្គល ជុន ច័ន្ទបុត្រ ក្រអឺតក្រទមណាស់នៅក្នុងវេទិកាវិទ្យុអាស៊ីសេរី ចំពោះភ្ញៀវ។ គាត់ប្រើសំណួរបែបជម្លើយ និងដោយគ្មានការគោរពទៅកាន់ភ្ញៀវនៅក្នុងវិទ្យុអាស៊ីសេរី។ ការពិតជាអ្នកសារព័ត៌មានថ្លៃថ្នូរ គឺអញ្ជើញភ្ញៀវមកសួរ ដើម្បីឲ្យសាធារណជនបានយល់លើប្រធានបទណាមួយ មិនមែនជំរិតយកចម្លើយ «តម្រូវនិន្នាការនយោបាយរបស់ខ្លួននោះទេ»។ បើភ្ញៀវឆ្លើយមិនបាន គឺជាការទទួលខុសត្រូវជាកិត្តិយសរបស់ភ្ញៀវនោះ។ ធ្លាប់តែសួរ ឥឡូវនេះ ឆ្លើយខ្លួនឯងម្តង ហើយឆ្លើយចំពោះមុខច្បាប់!។

ទី២៖ មេរៀនជីវិតក្នុងការបង្ហាញការពិត និងការស្មោះត្រង់៖ កន្លងមកតែងតែមានគំនិតទុច្ចរិតមួយថា មន្ត្រីរាជរដ្ឋាភិបាលអន់ជាងខ្លួន។ ឥឡូវនេះឯកសារ រូបភាព និង វីដេអូ ដែលជាភស្តុតាង គឺតុលាការច្បាស់ជាមានហើយ ឈ្មោះ តួនាទីជាជំនួយការ ហត្ថលេខា និងការចូលជាមួយបក្សសង្គ្រោះជាតិ។ ឆ្លើយទៅ! នេះជាពេលសម្តែងភាពស្មោះត្រង់និងការពិតហើយ។

ទី៣៖ មេរៀនជីវិតអំពីការទទួលខុសត្រូវ៖ បន្ទាប់ពីព្រឹត្តិការណ៍ «ភូតកុហកបន្លំខ្លួនចូលពន្ធនាគារ» បុគ្គល ជុន ច័ន្ទបុត្រ បាននិយាយបង្ហាញភាពកំសាក៣យ៉ាងគឺ៖ ទី១) រឿងនេះទុកឲ្យអង្គភាព RFA សម្រេច ទី២) ឈប់ហ៊ាននិយាយរឿងនេះដោយខ្លួនឯង និងទី៣) ប្រកាសកុំឲ្យអ្នកកាសែតសួរពីរឿងនេះ។ តើអ្នកណាបិទសេរីភាព!?

ទី៤៖ មេរៀនជីវិតអំពីនយោបាយពិសពុល និងច្បាប់៖ អ្នកនយោបាយមួយចំនួនបានភូតភរប្រជាជនទាំងការសន្យា ទាំងការរៃអង្គាសប្រមូលលុយ ទាំងការបំភ្លៃ បំប៉ោង បំពុលព័ត៌មាន ស្រេចតែចិត្ត ដោយគ្មានអាណិតប្រជាជន និងសេចក្តីថ្លៃថ្នូររបស់ជាតិ អាងតែប្រជាជនកម្ពុជាស្លូតពេក។ ឥឡូវនេះ ចរិតព្រហ៊ើន បាននាំទុក្ខ ហើយ «ទុក្ខនេះអាចនឹងក្លាយជាទោស» ទៅទៀត។ ទុក្ខនេះគឺកើតពីចេតនា បំណង សកម្មភាព និងអំពើរបស់ខ្លួនឯងសុទ្ធសាធ។ កុំចង្អុលអ្នកណា!។

ទី៥៖ មេរៀនជីវិតអំពីមនុស្សទាំងអស់នៅក្រោមច្បាប់៖ ច្បាប់ការពារសេចក្តីថ្លៃថ្នូរមនុស្សត្រឹមត្រូវទាំងអស់។ ប៉ុន្តែបើសកម្មភាពបុគ្គលខ្លះ នឹងក្លាយជាទោស នោះមិនបាច់បន្លំចូលពន្ធនាគារទៀតទេ គឺនឹងបានចូលដោយត្រឹមត្រូវតាមច្បាប់។ ហើយបើចង់ជួបអ្នកទោសផ្សេងទៀត ក៏ជួបបានក្នុងក្របខ័ណ្ឌជាអ្នកទោសដូចគ្នា មិនមែនជាអ្នកកាសែតទេ។ ខ្មែរនិយាយថា «ទាល់តែឃើញក្តារម្ឈូសទើបស្រក់ទឹកភ្នែក»។ ជុន ច័ន្ទបុត្រ ធ្លាប់និយាយថា៖ «បើធ្វើជ្រូក កុំរាទឹកក្តៅ»។ នេះជាការប្រមាថខ្លួនឯងថា ជាសត្វជ្រូក!។ ដូច្នេះក្លាហានទទួលយកទៅ!។

ជុន ច័ន្ទបុត្រ យកពាក្យមួយឃ្លានេះចាំក្នុងជីវិត៖ «ជាមនុស្ស ពេលមានជម្ងឺត្រូវរកពេទ្យ។ ពេលមានរឿងក្តី ត្រូវរកមេធាវី។ កុំពឹងបរទេស ហើយពើងទ្រូងដាក់ជាតិសាសន៍ឯងឲ្យសោះ»។ សូមជូនពរឲ្យទទួលបានរៀនមេរៀនទាំងអស់នេះ សម្រាប់ជីវិត៕

ដោយ៖ សេនាជាតិ