(ភ្នំពេញ)៖ ព្រះសក្យវង្ស កត្តិបណ្ឌិត ទសន្សវិជ្ជា រ័ត្ន សារឿន ព្រះអនុគណខណ្ឌសែនសុខ និងជាព្រះចៅអធិការវត្តសំរោងអណ្តែត និមន្តទេសនាអប់រំ សីលធម៌ ដល់ជនរងគ្រោះដោយសារគ្រឿងញៀន កំពុងស្នាក់នៅទទួលសេវាព្យាបាល ស្តារនីតិសម្បទា នៅមជ្ឈមណ្ឌលឱកាសខ្ញុំ ដើម្បីឲ្យពួកគេទទួលបាននូវ ការអប់រំខាងផ្លូវចិត្ត និងស្មារតី ជួយឲ្យពួកគេ លែងវិលវល់ជាមួយគ្រឿងញៀន ភ្ញាក់រលឹកដើរទៅរកផ្លូវល្អ លុះដោយដំបូន្មានឪពុកម្តាយ និងសង្គមជាតិ​។

លោកស្រី មុំ ចាន់ដានី ប្រធានមជ្ឈមណ្ឌលឱកាសខ្ញុំ និងជាអនុប្រធានមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ បានទូលថ្វាយដល់ព្រះអង្គថា សព្វថ្ងៃអ្នកញៀនថ្នាំកំពុងស្នាក់នៅ​ជាក់ស្តែងចំនួន ១,៦៧៥នាក់ ស្រី១២២នាក់​។ ក្នុងនោះមានអ្នកកាន់សាសនាឥស្លាម ៥៦នាក់ និងសាសនាយ៉េស៊ូ​២០នាក់​។ លោកស្រីបន្តថា មជ្ឈមណ្ឌលបានយកចិត្តទុកដាក់ របបអាហារហូបចុក អាហារបែបម៉ូស្លីម ដោយគោរពតាមជំនឿសាសនា មិនមានរើសអើង បង្កលក្ខណៈងាយស្រួលដល់ពួកគេ ក្នុងការជឿ និងគោរពប្រតិបត្តិតាមសាសនារាងៗខ្លួន​។

កម្មវិធីទេសនាអប់រំ ដែលរៀបចំដោយ ព្រះអនុគណខណ្ឌសែនសុខ រ័ត្ន សារឿន នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧នេះ មានការចូលរួមពីលោកស្រី ទូច សារ៉ុម រដ្ឋលេខាក្រសួងធម្មការ និងសាសនា និងជាប្រធានក្រុមការងារពង្រឹងសាសនារាជធានី ព្រមទាំងមន្ត្រីកិច្ចការសាសនា ជាច្រើនអង្គ/នាក់​។

ក្នុងឱកាសនោះសាខាអនុគណខណ្ឌសែនសុខ បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ជាច្រើនឧបត្ថម្ភ ដល់មជ្ឈមណ្ឌលឱកាសខ្ញុំ ដើម្បីជួយទ្រទ្រុងដល់ការចំណាយ​លើអាហារហូបចុក របស់មណ្ឌលសម្រាប់ផ្គត់ផ្គ​ង់ ដល់ជនរងគ្រោះប្រមាណ ជាង២,០០០នាក់ ដែលកំពុងស្នាក់នៅទទួលសេវាព្យាបាល ស្តារនីតិសម្បទា នៅមជ្ឈមណ្ឌលឱកាសខ្ញុំ៕