(រតនគីរី)៖ ថ្លែងនៅក្នុងកិច្ចប្រជុំត្រៀមរៀបចំទិវាពិភពលោក កាកបាទក្រហម​ អឌ្ឍចន្ទក្រហម​ ៨​​ឧសភា​ ឆ្នាំ២០១៧​ នៅរសៀលថ្ងៃទី២៨​ ខែមេសា​ ឆ្នាំ២០១៧​នេះ​ លោក​ ថង​ សាវុន​ ប្រធានគណៈកម្មាធិការសាខា​កាកបាទក្រហម​កម្ពុជាខេត្តរតនគិរី​ ​អំពាវនាវដល់មន្ត្រីរាជការ​ ប្រជាពលរដ្ឋ​ ក្រុមហ៊ុនឯកជន​ ក្រុមហ៊ុនវិនិយោគផ្សេងនៅក្នុងខេត្ត​ ចូលរួមគាំទ្រជួយដល់សកម្មភាពរបស់កាកបាទក្រហមកម្ពុជា​ខេត្ត​ តាមរយៈទិវាពិភពលោកកាកបាទក្រហម​ អឌ្ឍចន្ទក្រហម ដែលត្រៀមរៀបចំនាថ្ងៃទី០៨​ ខែឧសភា​ ខាងមុខនេះ​។​

​ទន្ទឹមនឹងនេះ អភិបាលខេត្តរតនគិរី​ ថ្លែងនូវការកោតសរសើរ ចំពោះសប្បុរសជន​ ក្រុមហ៊ុនវិនិយោគ អាជីវករ​ សេវាករ​ មន្ទីរ​ អង្គភាព​ ប្រជាពលរដ្ឋ​ មន្ត្រីរាជការ​ ទូទាំងខេត្តទាំងអស់ ដែលកន្លងមកបានបរិច្ចាកនូវធនធានផ្ទាល់ខ្លួន ចូលរួមគាំទ្រដល់សកម្មភាពសាខាកាកបាទក្រហមខេត្ត​ បានចុះជួយអន្តរាគមន៍បានភ្លាមៗ ចំពោះប្រជាពលរដ្ឋដែលជួបគ្រោះធម្មជាតិ​ និងគ្រោះថ្នាក់ផ្សេងៗ​ ទោះក្នុងកម្រិតណាក៏ដោយ​ តែនេះចេញពីទឹកចិត្តចូលរួម​ ចែករំលែកគ្នាក្នុងនាមមនុស្សជាតិតែមួយ​។

សូមបញ្ជាក់ថា​ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី​ នឹងរៀបចំទិវាពិភពលោកកាកបាទក្រហម​ អឌ្ឍចន្ទក្រហម​ ៨​ឧសភា​ ឆ្នាំ២០១៧​ នាថ្ងៃទី៨​ ខែឧសភា​ ខាងមុខនេះ​ ក្នុងគោលបំណងគៀរគរថវិកា​ សម្ភារៈ ដើម្បីគាំទ្រដល់សកម្មភាពមនុស្សធម៌ ជួយសង្គ្រោះដល់ជនងាយរងគ្រោះនានា​ ដូចជាគ្រោះមហន្តរាយ​ ជនចាស់ជរាគ្មានទីពឹង​ កុមារកំព្រា​ អ្នកជំងឺ​ និងអ្នកផ្ទុកមេរោគអេដស៍ជាដើម៕