(ក្រចេះ)៖ យ៉ាងហោចណាស់ មនុស្សប្រុសស្រី៥នាក់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ដោយសាររន្ទះបាញ់ ដែលហេតុការណ៍នេះ ​កើតឡើង​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ២០១៧ នៅណុចអូរមៀត ភូមិកសាង ឃុំចង្ក្រង់ ស្រុកចិត្របុរី។

លោកអនុសេនីយ៍ឯក រស់ ប៊ុនធឿន នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលចង្ក្រង់ បានឲ្យដឹងថា ជនរងគ្រោះទាំង៥នាក់ដែលត្រូវរន្ទះបាញ់នេះ ​ទី១៖​ឈ្មោះ ណុន សេនរ៉ុន ភេទប្រុស អាយុ២៧ឆ្នាំ, ទី២៖ឈ្មោះ ចន្ថា ផាវី ភេទស្រី អាយុ២៧ឆ្នាំ​, ទី៣៖ឈ្មោះ ថា ចាន់ដារា ភេទប្រុស អាយុ១៣ឆ្នាំ​, ទី៤៖ឈ្មោះ ណុប មេ ភេទប្រុស អាយុ​១៣ឆ្នាំ និងទី៥៖ឈ្មោះ រ៉ុន ស្រីម៉ិវ ភេទស្រី អាយុ​៦ឆ្នាំ។

លោកនាយប៉ុស្ដិ៍បញ្ជាក់ថា ​មុនពេលកើតហេតុពពកខ្មៅដោយដុំៗនិងដោយកន្លែង ហើយមានភ្លៀងធ្លាក់ស្រិចៗ ​ចំណែកឯជនរងគ្រោះទាំង៥នាក់ គឺកំពុងអង្គុយលេងលើគ្រែនៅក្រោមផ្ទះ ស្រាប់តែមានរន្ទះបាញ់សសរបាក់បីបួនដើម ចំណែកឯអ្នកអង្គុយក្រោយផ្ទះនោះ ក៏សន្លប់ទាំងអស់គ្នា ឃើញហេតុការណ៍ដូច្នេះ ក្រុមគ្រួសារជនរងគ្រោះ ក៏បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះតែម្តង​។

សូមរំលឹកថា កាលពីថ្ងៃទី២៣ ខែមេសាកន្លងទៅ ខណៈដែលមានភ្លៀងបានធ្លាក់លាយឡំ ជាមួយ​ខ្យល់កន្ដ្រាក់បក់បោកយ៉ាងខ្លាំង ក៏កើតមានហេតុការណ៍រន្ទះបាញ់ បណ្តាលឲ្យស្ត្រីម្នាក់ស្លាប់នៅលើផ្ទះផងដែរ ស្ថិតនៅភូមិព្រែកកូវ ឃុំបុសលាវ ស្រុកចិត្របុរី និងបែកប្រេះសសរអស់ជាច្រើនដើម​។

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងបន្ថែម ស្តីពីស្ថានភាពអាកាសធាតុនៅកម្ពុជា ដោយបានអំពាវនាវសូមឲ្យបងប្អូនប្រជាពលរដ្ឋ បន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះបាតុភូតរន្ទះ និងខ្យល់កន្ត្រាក់ ជាពិសេស នាថ្ងៃទី២៨, ទី២៩ និងទី ៣០ ខែមេសា ២០១៧ ខណៈភ្លៀងនឹងបន្តធ្លាក់រាយប៉ាយក្នុងក្របខ័ណ្ឌស្ទើរទូទាំងប្រទេស រហូតដល់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៧៕