(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី​២៨​ ខែមេសា​ ឆ្នាំ២០១៧​ នេះ​ កាកបាទក្រហមកម្ពុជា ដែល មាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានឧបត្ថម្ភគ្រឿងឧបភោគ-បរិភោគ​ និងចូលបុណ្យថវិកាមួយចំនួនដល់លោក​ រិន​ សាវ៉េត​ សម្រាប់ធ្វើបុណ្យ​ ៧ថ្ងៃ​ ភរិយារបស់គាត់ដែលបាន​ទទួល​មរណភាព​ដោយសារជំងឺមហារីក​ កាលពីថ្ងៃទី​ ២៣​ ខែមេសា​ ឆ្នាំ២០១៧​ កន្លងទៅថ្មីៗនេះ ។

 លោកស្រី  ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា​ បានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ផ្តាំផ្ញើនូវការរំលែកទុក្ខជាមួយលោក​ រិន​ សាវ៉េត​ ហើយសូមបួងសួង​ឲ្យវិញ្ញាណក្ខន្ធប្រពន្ធរបស់លោក បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។​

លោក រិន សាវ៉េត មានក្តីរំភើប​ និងបានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជា មាតាមនុស្សធម៌ ដែលតែងតែគិតគូរ​ និងយកចិត្តទុកដាក់ចំពោះទុក្ខលំបាកក្រុមគ្រួសារលោក​ ដោយបានជួយឧបត្ថម្ភជាបន្តបន្ទាប់​ តាំងពីពេលភរិយាលោក​ កំពុងព្យាបាលនៅក្នុងមន្ទីរពេទ្យ​រហូតដល់បច្ចុប្បន្ននេះទៀត។

កាកបាទក្រហមកម្ពុជា​ នៅបានជួយឧបត្ថម្ភថវិកាមួយចំនួន​ ជូនលោក​ រិន​ សាវី​ អាយុ​ ៥៦ឆ្នាំ​ ត្រូវជាឪពុកបង្កើតរបស់លោក​ រិន​ សាវ៉េត​ ផងដែរ៕