(កោះកុង)៖ គ្រួសារដែលមានជីវភាពក្រីក្រ និងមានផ្ទៃពោះគ្រប់ខែ ដែលមានបញ្ហាសុខភាព តម្រូវឲ្យមានការវះកាត់ជាបន្ទាន់ ថែមទាំងមានផ្ទុកមេរោគអេដស៍ ប្រចាំកាយទាំង២នាក់ប្តីប្រពន្ធទៀតនោះ ទើបនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង និងសប្បុរសជន បាននាំយកអំណោយជាថវិកាសរុបចំនួន១លាន១សែនរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនជូនពួកគេ ដើម្បីចូលរួមកាត់បន្ថយការលំបាកប្រចាំថ្ងៃ។

ប្តី-ប្រពន្ធទាំង២នាក់មានឈ្មោះ ងួន ចាន់ (ប្តី) អាយុ២៥ឆ្នាំ និងប្រពន្ធឈ្មោះ រស់ ស្រីនិច អាយុ២២ឆ្នាំ មានទីលំនៅឃុំត្រពាំរ៉ូង ស្រុកកោះកុង ខេត្តកោះកុង មានកូនម្នាក់រស់ក្នុងបន្ទុក និងកូនក្នុងផ្ទៃផងដែរ។

លោក ងួន ចាន់ បាននិយាយទាំងរអាក់រអួលថា រាល់ថ្ងៃគាត់មានមុខរបរដើរបោចផ្តៅលក់ឲ្យអ្នកជិតខាង ដើម្បីចិញ្ចឹមគ្រួសារ ពេលខ្លះរកព្រឹក ខ្វះល្ងាច ថ្ងៃណាបានៗ ថ្ងៃណាអត់ៗ តែអ្វីដែលគាត់បារម្ភ គឺប្រពន្ធរបស់គាត់ធ្លាក់ឈាមរាល់ពេល ហើយលុយមានតែ៨០០០រៀល។

លោក ងួន ចាន់ បន្តថា ពេលមកដល់មន្ទីរពេទ្យ លោកគ្រូពេទ្យបានពិនិត្យជំងឺប្រពន្ធគាត់ យ៉ាងយកចិត្តទុកដាក់ នៅពេលទទួលបានលទ្ធផល ពីក្រុមគ្រូពេទ្យ គាត់បាត់បង់ក្តីសង្ឃឹមយ៉ាងខ្លាំង ដោយសារតែអាការៈជំងឺប្រពន្ធគាត់ ត្រូវបញ្ជូនទៅវះកាត់ នៅភ្នំពេញធ្វើឲ្យគាត់ ពិបាកចិត្តយ៉ាងខ្លាំងដោយ សារគ្មានថវិកាសម្រាប់ព្យាបាលជំងឺរបស់ប្រពន្ធ។

គ្រូពេទ្យខេត្តបាននិយាយថា ក្រោយពីត្រួតពិនិត្យរួចរាល់ ជំងឺប្រពន្ធរបស់គាត់ ត្រូវធ្វើការវះកាត់ព្រោះមានដុំក្នុងព្រោះ ហើយមន្ទីរពេទ្យខេត្ត មានការខ្វះខាតឧបរកណ៍ប្រើប្រាស់ ដូច្នេះត្រូវបញ្ជូនគាត់ទៅភ្នំពេញដើម្បីធ្វើការវះកាត់។

នៅពេលទទួលបានដំណឹងនេះ សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង និងសប្បុរសជននានា បាននាំយកអំណោយជូនដល់ប្តីប្រពន្ធទាំង២នាក់ ដែលមានជីវភាពក្រីក្ររួមមាន៖ ឈ្មោះ១៖ លោក ស្រី ឈួង ចាលឹក ប្រធានក្រុមស្ត្រីមេផ្ទះខេត្តកោះកុង ឧបត្ថម្ភថវិកាចំនួន៤០ម៉ឺននរៀល,២៖ អនុសាខាសមាគមន៍បញ្ញាវន្ត និងយុវជនស្ម័គ្រចិត្ត (១២) ខេត្តកោះកុង ឧបត្ថម្ភថវិកា២០ម៉ឺនរៀល,៣៖ លោក នួន វត្ថា មេបញ្ជាការរង អាវុធខេត្តឧបត្ថម្ភថវិកា១០ម៉ឺនរៀល,៤៖លោក ស្រេង ហុង ប្រធានក្រុម១៥៧ សាខាខេត្តកោះកុង ឧបត្ថម្ភថវិកា១០ម៉ឺនរៀល,
៥៖ លោក ជានី អនុប្រធានសាខាកាំកុងត្រូលខេត្តកោះកុង ឧបត្ថម្ភថវិកា១០ម៉ឺនរៀល, ៦៖ អនុសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ឧបត្ថម្ភថវិកា ចំនួន១០ម៉ឺនរៀល អង្ករ១បាវតូច និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀតផង៕