(ភ្នំពេញ)៖ ពិព័រណ៍អចលនទ្រព្យលំដាប់អន្តរជាតិមួយ នឹងរៀបចំឡើងនៅទីក្រងភ្នំពេញ នាសប្តាហ៍ទី១ នៃខែឧសភា ឆ្នាំ២០១៧ខាងមុខ  ដើម្បីបង្កើនការយល់ដឹង និងទាក់ទាញអ្នកវិនិយោគអន្តរជាតិ មកវិនិយោគនៅកម្ពុជា។

លោក ថម អូស៊ីលីវិន អគ្គនាយកវេបសាយ Realestate.com.kh បានថ្លែងក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី២៧ មេសា ឆ្នាំ២០១៧នេះថា នៅថ្ងៃទី៥-៦ ខែឧសភា ខាងមុខ ការតាំងពិព័រណ៍លំដាប់អន្តរជាតិធំមួយ នឹងរៀបចំឡើងនៅសណ្ឋាគារណាហ្គាវើល ដែលពិព័រណ៍នេះ នឹងមានអ្នកវិនិយោគក្នុងវិស័យអចលនទ្រព្យ ប្រមាណ២០០០នាក់ ទៅ ៣០០០នាក់ ចូលរួមសិក្សាស្វែងយល់ ស្វែងរកដៃគូ ក៏ដូចជាស្វែងរកព័ត៍មានជាក់លាក់ ដើម្បីធ្វើការសម្រេចចិត្តវិនិយោគនៅកម្ពុជា។ ពិព័រណ៍នេះ នឹងមានស្តង់សរុបចំនួន៥០កន្លែង ដែលត្រូវបានជួលឲ្យក្រុមហ៊ុនភ្នាក់ងារ និងក្រុមហ៊ុនវិនិយោគលើវិស័យអចលវត្ថុនៅកម្ពុជា និងអន្តរជាតិ។

លោក ថម អូស៊ីលីវិន ថ្លែងយ៉ាងដូច្នេះថា «អ្វីដែលពិសេស សម្រាប់ព្រឹត្តិការណ៍នេះ គឺធ្វើយ៉ាងណាទាក់ទាញអ្នកវិនិយោគអន្តរជាតិ មកចូលរួមកាន់តែច្រើនចូលរួមសិក្សាស្វែងយល់ និងស្វែងរកឳកាសចាប់ដៃគូវិនិយោគនៅកម្ពុជា ព្រោះវិស័យអចលនវត្ថុនៅកម្ពុជា នៅតែមានភាពល្អប្រសើរ»។

លោកបន្តថា ប្រទេសកម្ពុជាកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីអ្នកវិនិយោគអចលនទ្រព្យអន្តរជាតិ ជាទូទៅនៅក្នុងតំបន់អាស៊ាន ប្រទេសចិន និងបណ្តាប្រទេសជាច្រើននៅលើពិភពលោក។

គោលបំណងនៃការបង្កើតព្រឹត្តិការណ៍នេះ ដើម្បីបង្ហាញពីប្រទេសកម្ពុជា និងសក្តានុពលទីផ្សារអចលនទ្រព្យនៅកម្ពុជា ទៅកាន់អ្នកក្នុងស្រុក និងអន្តរជាតិ ហើយនឹងនាំមកនូវគម្រោងថ្មី ដែលមានគុណភាពខ្ពស់ និងអាជីវកម្មផ្សេងៗ ដែលមានឥទ្ធិពល និងដើរតួនាទីសំខាន់ក្នុងទីផ្សារ។

កញ្ញា Patricia នាយកផ្នែកទីផ្សារនៃក្រុមហ៊ុនវិនិយោគអចលនវត្ថុមានមូលដ្ឋាន នៅប្រទេសសិង្ហបុរី ដែលកំពុងវិនិយោគលើគម្រោងលំនៅដ្ឋាន Camhome នៅខេត្តព្រះសីហនុ និងដែលបានគាំទ្រការរៀបចំពិព័រណ៍អចលនវត្ថុលំដាប់អន្តរជាតិ នៅពេលខាងមុខនោះ បានថ្លែងថា «ក្រុមហ៊ុនរបស់យើង បានមកវិនិយោគនៅកម្ពុជា តាមរយៈអចលនទ្រព្យ ដែលមានតម្លៃសមរម្យ សម្រាប់ទីផ្សារនេះ ដែលអាចឲ្យប្រជាពលរដ្ឋគ្រប់រូប មានលទ្ធភាពទិញបាន។ ទីផ្សារអចលនទ្រព្យនៅកម្ពុជា នៅតែមានសក្តានុពល និងឱកាសជាច្រើនទៀត ដើម្បីធ្វើការវិនិយោគ»

លោក ជែកគី អេង (Jackie Eng) ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន SC Capital បានថ្លែងថា វិស័យអចលនទ្រព្យនៅកម្ពុជា នៅតែមានភាពល្អប្រសើរ បើទោះបីជានិន្នាការនៃការលក់ខុនដូ បុរីនានា បានថមថយល្បឿនក្តី ប៉ុន្តែនេះជានិន្នាការកើតមានជាទូទៅ នៅតាមបណ្តាប្រទេសនានា នៅក្នុងពិភពលោក ដូច្នេះស្ថានភាពនេះ មិនមានអ្វីគួរឲ្យព្រួយបារម្ភនោះទេ។

លោកបន្តថា «ការចូលរួមគាំទ្រពិព័រណ៍អចលនទ្រព្យលំដាប់អន្តរជាតិនេះ ដើម្បីនាំព័ត៌មាន និងវិស័យនេះ ទៅកាន់លំដាប់ថ្មីមួយ»