(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានថ្លែងថា ការតំាងពិព័រណ៍គ្រឿងយន្តកសិកម្ម គូបូតា ជាគ្រឿងយន្តមួយពេញនិយម ប្រើប្រាស់របស់បងប្អូនយើង ប៉ុន្តែការពិតគូបូតានេះពីដើមយើងមិនដែលគិតថា មានម៉ាស៊ីនស្ទូង ម៉ាស៊ីនច្រូត ត្រាក់ទ័រទំនើប ដូចបច្ចុប្បន្ននេះទេ។

លោកបានបន្តថា «បច្ចុប្បន្ននេះយើងឃើញថា គូបូតា មានការអភិវឌ្ឍន៍ខ្លួន រហូតដល់មាន គ្រឿងយន្តសម្រាប់កសិកម្មស្ទើរតែអស់ទៅហើយ សង្ឃឹមថាថ្ងៃក្រោយ បងប្អូនប្រជាកសិករយើង មានលទ្ធភាពដើម្បីប្រើប្រាស់គ្រឿងចក្រ យើងអាចអភិវឌ្ឍន៍កសិករឈានទៅដល់កសិកម្មទំនើប កសិករលេងពិបាកប្រឡាក់ខ្លួនដូចបច្ចុប្បន្ននេះហើយ»។

ការលើកឡើងរបស់លោក សុខ លូ បានធ្វើឡើងនៅក្នុងពិធីតំាងពិព័រណ៍គ្រឿងយន្តកសិកម្ម គូបូតា រៀបចំធ្វើ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅភូមិបល្ល័ង្ក សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ដោយមានការចូលរួមពីសំណាក់មន្ត្រីរាជការ ជុំវិញខេត្ត និងប្រជាកសិករយ៉ាងច្រើនកុះករផងដែរ។

លោក រាជ អំបូរពុំ ប្រធានក្រុមហ៊ុនចែកចាយ គូបូតា ជានាយកគ្រប់គ្រងទូទៅ នៃក្រុមហ៊ុន គូបូតាកម្ពុជា បានថ្លែងក្នុងកម្មវិធីថា នេះគឺជាព្រឹត្តិការណ៍អស្ចារ្យមួយដែលកម្របានឃើញបំផុតសម្រាប់ប្រជាកសិករកម្ពុជាយើង ដែលបានរៀបចំឡើងដោយគូបូតា។

លោកបានបន្តថា ការតំាងពិព័រណ៍គ្រឿងយន្តកសិកម្ម គូបូតា ក្នុងប្រទេសកម្ពុជា ជាលើកដំបូងនៅខេត្តត្បូងឃ្មុំ ឆ្នាំ២០១៤ហើយ ទទួលបានការចូលរួមពីសំណាក់បងប្អូនប្រជាកសិករកម្ពុជាយ៉ាងច្រើនកោះករនៅទីនោះផងដែរ។ ក្រុមហ៊ុនក៏បានធ្វើកម្មវិធីនេះ ជាបន្តបន្ទាប់ ហើយក្នុងបរិវេណក្នុងកម្មវិធីទំាងមូល ដោយមានការដាក់បង្ហាញពីការធ្វើការងារ ជាក់ស្តែង របស់គ្រឿងចក្រកសិកម្មគូបូតា និងការសាកល្បងបើកបរជាក់ស្តែង មានដូចជា ត្រាក់ទ័រ ម៉ាស៊ីនច្រូតស្រូវ ម៉ាស៊ីនស្ទូង ម៉ាស៊ីនអេស្កាវ័រទ័រគូបូតាជាដើម។

ការរៀបចំកម្មវិធីនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីកាត់បន្ថយការចំណាយផ្សេងៗ និងបង្កើនទិន្នផលខ្ពស់ ជូនបងប្អូន ប្រជាកសិករ ដើម្បីជាការជួយឲ្យបងប្អូនប្រជាកសិករ ទទួលចំណូលច្រើនជាងមុន និងធ្វើឲ្យជីវភាពកាន់តែប្រសើឡើង៕