(ភ្នំពេញ)៖ នៅវេលាម៉ោង ១៣៖៥០នាទីម៉ោងនៅទីក្រុងម៉ានីល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បានអញ្ជើញទៅដល់អាកាសយានដ្ឋានអន្តរជាតិ ប្រទេសហ្វីលីពីន ប្រកបដោយសុវត្ថិភាពហើយ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣០ និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន ដែលនឹងប្រារព្វធ្វើឡើងថ្ងៃទី២៩មេសា ស្អែកនេះ។

លោក អនឃួន សំអូន អ្នកយកព័ត៌មានពិសេសរបស់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា បានឲ្យដឹងថា នៅអាកាសយានដ្ឋានអន្តរជាតិ នីណយអាគីណូ វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាល រ៉ាក់ទាក់បំផុត ពីសំណាក់លោក Delfin N. Lorenzana រដ្ឋមន្រ្តីក្រសួងការពារជាតិហ្វីលីពីន លោកស្រី ទូត បញ្ញា ឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាព ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋហ្វីលីពីន ព្រមទាំងមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលហ្វីលីពីន និងឥស្សរជនការទូតរបស់កម្ពុជាជាច្រើនរូប។

ដូចគ្នានឹងបណ្តាមេដឹកនាំអាស៊ានដទៃទៀតដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងថ្លែងសុន្ទរកថា និងបទអន្តរាគមន៍ ក្នុងកិច្ចប្រជុំកំពូលពេញអង្គអាស៊ានលើកទី៣០ កិច្ចប្រជុំកំពូលចង្អៀតអាស៊ានលើកទី៣០ កិច្ចប្រជុំកំពូលរបស់មេដឹកនាំអាស៊ាន ជាមួយតំណាងអន្តរសភាអាស៊ាន និងកិច្ចប្រជុំកំពូលរបស់ មេដឹកនាំអាស៊ានជាមួយតំណាងយុវជនអាស៊ាន នៅព្រឹកថ្ងៃទី២៩ ខែមេសា៕