(ម៉ានីល)៖ បណ្ដាប្រទេសជា​សមាជិកអាស៊ាន នៅថ្ងៃសុក្រនេះបានសម្ដែងក្ដីបារម្ភយ៉ាងខ្លាំង​ជុំវិញភាពតានតឹង​នៅលើឧទ្វីបកូរ៉េ ជាពិសេស នោះគឺការបាញ់​សាកល្បង​អាវុធនុយក្លែអ៊ែរ និងមីស៊ីលផ្លោង​របស់កូរ៉េខាងជើង ខណៈអគ្គលេខាធិការអាស៊ាន លោក Le Luong Minh ក៏បាននិយាយថា គោលជំហរ​របស់អាស៊ាននៅចំពោះ​មុខភាពតានតឹងក្នុងតំបន់ឧបទ្វីកូរ៉េ មានភាពច្បាស់លាស់ និងសមស្រប ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃសុក្រ ទី២៨ ខែមេសា ឆ្នាំ២០១៧។

លោក Minh នៅក្នុងបទ​សម្ភាសន៍​ជាមួយ Channel News Asia បានបញ្ជាក់ថា គោលជំហរ របស់អាស៊ាន​ក្នុងនោះរួមមាន​ទំាងការអំពាវនាវ​ឱ្យភាគីពាក់ព័ន្ធ បន្ធូរបន្ថយ​ការប្រឈមមុខ​ដាក់គ្នា លុបបំបាត់​អាវុធនុយក្លេអ៊ែរ ព្រមទំាងដំណើរការ​ឡើងវិញកិច្ចចរចា​០៦ភាគី។ កិច្ចចរចា ០៦ភាគី មានការចូលរួមពីកូរ៉េខាងជើង កូរ៉េខាងត្បូង ចិន សហរដ្ឋអាមេរិក ជប៉ុន និងរុស្ស៊ីបានជាប់​គាំងបន្ទាប់​ពីទីក្រុងព្យុងយ៉ាង បាញ់សាកល្បងគ្រាប់រ៉ុក្កែត​កាលពី២០០៨ ។

ជុំវិញភាពតានតឹងនេះដែរ កាលពីថ្ងៃព្រហស្បតិ៍​រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងជើង លោក Ri Yong-Ho បានផ្ញើលិខិត​ជូន លោក Le Luong Minh ដើម្បីស្នើសុំការ​គំាទ្រពីអាស៊ាន ពាក់ព័ន្ធនឹងសមយុទ្ធយោធា រវាងសហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង។ បន្ថែមពីលើនេះ​នៅក្នុងលិខិតនេះ​ដដែល លោក Ri បានព្រមានថា​ ស្ថានភាព​នៅឧបទ្វីប​កូរ៉េបច្ចុប្បន្ន កំពុងស្ថិតនៅមាត់ជ្រោះ​នៃសង្រ្គាមដោយសារតែ​សកម្មភាពរបស់​សហរដ្ឋអាមេរិក ដូច្នេះលោក​រំពឹងថា អគ្គលេខាធិការ​អាស៊ាន នឹងជូនដំណឹង​ពីស្ថានភាពដ៏គួរ​ឱ្យព្រួយបារម្ភនេះ ប្រាប់ដល់បណ្ដារដ្ឋ​មន្ត្រីអាស៊ានទំាងអស់។

គួរបញ្ជាក់ថា បើតាមលោក Le Luong Minh សំណុំរឿង​ឧបទ្វីបកូរ៉េ នឹងត្រូវបាន​លើកយកមកពិភាក្សា​នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន​លើកទី ៣០ នៅថ្ងៃសៅរ៍ស្អែកនេះ ក្នុងទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន៕