(ភ្នំពេញ)៖ សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុន សែន​ ឧត្តមភរិយាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបង្ហាញភាពតក់ស្លុត និងរន្ធត់យ៉ាងខ្លាំង នៅពេលឃើញលោក រិន សាវ៉េត តារាចម្រៀងក្នុងផលិតកម្ម «រស្មី​ហង្សមាស» ឱនថើបសពភរិយារបស់ខ្លួន មុនពេលយកទៅបូជា។ នេះបើតាមការឲ្យដឹងពីលោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧នេះ។

លោក ឃ្លាំង ហួត បានប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃនេះថា «បន្ទាប់ឃើញលោក រិន សាវ៉េត បានឱនថើបសពប្រពន្ធរបស់ខ្លួន មុនពេលយកទៅបូជានោះ សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ពិតជាមានភាពតក់ស្លុត និងរន្ធត់យ៉ាងខ្លាំង ដោយមានការអាណិតអាសូរដល់តារាចម្រៀងរូបនេះ។ ដោយសារបែបនេះហើយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានទូរស័ព្ទមកខ្ញុំសួរនាំ និងបានសម្រេចទិញផ្ទះមួយល្វែងជូនលោក រិន សាវ៉េត និងកូនប្រុស នៅបុរីរុងរឿងតែម្តង»។

លោកអភិបាលខណ្ឌបានបន្តទៀតថា នៅថ្ងៃស្អែកនេះ លោកនឹងជួយចាត់ចែងរៀបចំ៧ថ្ងៃជូនភរិយា​ តារាចម្រៀងដ៏កំសត់រូបនេះផងដែរ។

នៅថ្ងៃម្សិលមិញ ពិតជាគួរឲ្យរំភើបជំនួសតារាចម្រៀង​លោក រិន សាវ៉េត ដែល​ត្រូវបាន​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ក្តីអាណិតអាសូរ​​​បានទិញផ្ទះមួយល្វែង នៅ​ខណ្ឌជ្រោយចង្វារ ​ក្នុងបុរី​រុងរឿង ​ដើម្បីឲ្យបានក្លាយជា​កម្មសិទ្ធិ​ស្របច្បាប់ រស់នៅជារៀងរហូតហើយ​។

ជាការពិតណាស់ បន្ទាប់ពីលោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ បានចូលខ្លួនមកសម្របសម្រួល ដើម្បីស្នើសុំដល់ម្ចាស់ បុរី រុងរឿង សុំនូវផ្ទះ​​ល្វែងមួយល្វែង ដើម្បីឲ្យតារាចម្រៀង ដ៏កំសត់ជាងគេ ប្រចាំផលិតកម្ម រស្មី​ហង្សមាស លោក រិន សាវ៉េត បានស្នាក់នៅបណ្ដោះ​អាសន្ន ក្រោយប្រពន្ធ​បានស្លាប់ចោល​ទៅហើយ​នោះ ពេលដំណឹងនេះ​បាន​ឮទៅដល់​​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សម្ដេចក៏សម្រេចចិត្តទទួលទិញផ្ទះមួយល្វែងនេះ ជូនដល់តារាចម្រៀង លោក រិន សាវ៉េត ដើម្បីបានរស់នៅ​ជារៀង​រហូត ជាមួយកូនប្រុសម្នាក់ ចាប់ពីថ្ងៃនេះតទៅ តែម្ដង។

យោងតាមការឲ្យដឹងពី​លោក ឃ្លាំង ហួត ​បានបញ្ជាក់យ៉ាងដូច្នេះថា «សម្ដេចតេជោ ហ៊ុន សែន និង​សម្ដេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានទិញផ្ទះដែលខ្ញុំបានខ្ចីឲ្យ រិន សាវ៉េត រស់នៅ ជូនជាកម្មសិទ្ធផ្ទាល់ខ្លួន​របស់ រិន សាវ៉េត តែម្ដង ។ ខ្ញុំបាទសូមគោរព​ថ្លែងអំណរគុណ ចំពោះចិត្តមេត្តា​ធម៌របស់សម្ដេច​ទាំងទ្វេ សូមវត្ថុស័ក្កិសិទ្ធក្នុងលោក ទេវតាឆ្នាំថ្មី តាមជួយបីបាច់ថែរក្សាសម្ដេចទាំងទ្វេ ព្រមទាំងក្រុមគ្រួសារ ជួប​តែពុទ្ធពរ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាត​ឡើយ!»

សូមបញ្ជាក់ថា តារាចម្រៀង លោក រិន សាវ៉េត បានចូលប្រឡូកក្នុងវិស័យសិល្បៈ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ក្នុងផលិតកម្ម «រស្មី​ហង្សមាស» ប៉ុន្តែបើនិយាយពី កម្រិតជីវភាពរបស់តារារូបនេះវិញ គឺហាក់ដុនដាបខ្លាំង និងមានខ្សែជីវិតកម្សត់ជាងគេ។ ជាពិសេសនៅពេលដែលភរិយា​របស់លោក ធ្លាក់ខ្លួនឈឺ គឺពុំមានប្រាក់គ្រប់គ្រាន់ ដើម្បីព្យាបាលឡើយ រហូតទាល់តែប្រពន្ធឈានដល់ ការទទួលមរណភាព កាលពីពេលថ្មីៗនេះ។ ខ្សែជីវិតរបស់លោក កាន់តែសង្វេគ ក្រោយពីប្រពន្ធស្លាប់ចោល ខណៈដែលមិត្ត​រួមអាជីព ក្នុងទ្រនំតែមួយ ក៏ហាក់​មិនបានយកចិត្តទុកដាក់ និងផ្ដល់កម្លាំងចិត្តដល់រូបទេ រហូតផ្ទុះសំឡេង​រិះគន់ថា តារាចម្រៀងល្បីៗ រួមទ្រនំទាំង​នោះ សុទ្ធតែជាមនុស្ស​អត្មា​និយម​ ព្រោះពេល រិន សាវ៉េត ជួបទុក្ខធំ គឺពួកគេមិនបានយកភ្នែកមើលឡើយ៕