(ភ្នំពេញ)៖ ចម្លើយការពិតរបស់តំណាងរាស្រ្តរបស់គណបក្សសង្រ្គោះជាតិទាំងពីររូបគឺលោក ឡុង រី និងលោកស្រី មូរ សុខហួរ នៅក្នុងសំណុំរឿងបន្លំខ្លួនចូល ពន្ធនាគារបស់ លោក ជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរីផ្នែកខេមរភាសា សុទ្ធសឹងតែជាចម្លើយដាក់បន្ទុកទៅលើជនសង្ស័យ នេះបើតាមមន្រ្តីមួយរូប សុំមិនបញ្ចេញឈ្មោះបានទម្លាយប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងនៅថ្ងៃត្រ់ងទី២៨ ខែមេសា ឆ្នាំ២០១៧នេះ។

មន្រ្តីដដែលរូបនោះទម្លាយប្រាប់យ៉ាងដូច្នេះថា «ចម្លើយការពិតរបស់តំណាងរាស្ត្រទាំងពីរ (ឡុង រី និង មូរ សុខហួរ) នឹងអាចធ្វើឲ្យជនសង្ស័យ ជុន ច័ន្ទបុត្រ ជាប់ពន្ធនាគារតែម្តង នៅថ្ងៃដែលចូលមកបំភ្លឺ»។

នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧នេះ លោកស្រី មូរ សុខហួរ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បានអះអាងថា ចម្លើយរបស់ លោកស្រី ដែលផ្តល់ជូនតុលាការនេះ គឺជាការពិត ពាក់ព័ន្ធនឹងសំណុំរឿងបន្លំខ្លួនចូលពន្ធនាគារបស់ លោក ជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរី ផ្នែកខេមរភាសា។ លោកស្រី មូរ សុខហួរ បានបញ្ជាក់យ៉ាងខ្លីប្រាប់ក្រុមអ្នកសារព័ត៌មាន យ៉ាងដូច្នេះថា៖ «ខ្ញុំបានមកបំពេញកាតព្វកិច្ចតាមដីកាកោះ នៃតុលាការក្រុងភ្នំពេញ ហើយចម្លើយរបស់ខ្ញុំទាំងប៉ុន្មាន គឺខ្ញុំនិយាយការពិត»។

លោក សំ សុគង់ មេធាវីរបស់គណបក្សសង្រ្គោះជាតិ បានអះអាងថា លោក ឡុង រី តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បាននិយាយការពិតប្រាប់ដល់ តំណាងអយ្យការ អំពីអ្វីដែលលោកបានឃើញ បានដឹង និងបានលឺ ជុំវិញសំណុំរឿងបន្លំខ្លួនចូលពន្ធនាគាររបស់ លោក ជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរី ផ្នែកខេមរភាសា។

ការអះអាងរបស់ លោក សំ សុគង់ បានធ្វើឡើងបន្ទាប់ពី លោក ឡុង រី ចូលបំភ្លឺជូនតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨នេះ ដើម្បីផ្តល់សក្ខីកម្មជូនតុលាការ អំពីសំណុំរឿងបន្លំខ្លួនចូលពន្ធនាគាររបស់ លោក ជុន ច័ន្ទបុត្រ។

សូមបញ្ជាក់ថា លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ កន្លងទៅ បានចេញដីកាចំនួនដើម្បីកោះហៅ លោកស្រី មូរ សុខហួរ, លោក ឡុង រី និង លោក ជុន ច័ន្ទបុត្រ ចូលបំភ្លឺចំពោះសំណុំរឿងបន្លំចូលពន្ធនាគារ។ ជនសង្ស័យ ជុន ច័ន្ទបុត្រ នឹងត្រូវចូលខ្លួនបំភ្លឺនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧ខាងមុខនេះ។ តើលោក​ ជុន​ ច័ន្ទ​បុត្រ​ ហ៊ាន​ចូល​ឬទេ​ ? បន្ទាប់ពីតំណាង​រាស្ត្រ​​គណបក្ស​ប្រឆាំងពីរ​រូប​ចូល​បំភ្លឺ​រួចហើយ​៕