(ភ្នំពេញ)៖ លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ បានទៅដល់ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកហើយ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ ដើម្បីបំពេញទស្សនកិច្ចរយៈពេលច្រើនថ្ងៃ នៅប្រទេសមហាអំណាចមួយនេះ។ នេះបើតាមការប្រកាសនៅលើទំព័រ Facebook លោក កឹម សុខា។

លោក កឹម សុខា បានសរសេរយ៉ាងដូច្នេះថា៖ «ថ្ងៃនេះ ខ្ញុំបានមកដល់ទីក្រុងញូវយ៉ក(New York) សហរដ្ឋអាមេរិក និងមានបងប្អូនខ្មែរមកទទួលស្វាគមន៍យ៉ាងកក់ក្ដៅ»

លោក កឹម សុខា បានចាកចេញពីប្រទេសកម្ពុជាជាថ្មីម្តងទៀត នៅម៉ោង១២៖៣០នាទីរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧នេះ ដើម្បីទៅបំពេញទស្សនកិច្ចទៅសហរដ្ឋអាមេរិកមួយរយៈ។ ទស្សនកិច្ចនេះ ធ្វើឡើងបន្ទាប់ពី ប្រធានគណបក្សសង្រ្គោះជាតិខាងលើ បានទៅទស្សនកិច្ចនៅប្រទេសញូហ្សេឡែន និងប្រទេសអូស្រ្តាលី រយៈពេល២សប្តាហ៍ កាលពីដើមខែមេសា។

លោក កឹម សុខា បានបញ្ជាក់ប្រាប់សាធារណជនថា ទស្សនកិច្ចនៅសហរដ្ឋអាមេរិក លោកនឹងមានជំនួបជាមួយមន្ត្រីសំខាន់ៗនៃរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ និងសមាជិករដ្ឋសភា ព្រឹទ្ធសភាសហរដ្ឋអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតុនឌីស៊ី។ ក្រៅពីនោះ លោកក៏នឹងទៅជួបជាមួយពលរដ្ឋខ្មែរនៅតាមរដ្ឋនានា ចំនួន១០រដ្ឋ នៅសហរដ្ឋអាមេរិកផងដែរ៕