(ភ្នំពេញ)​៖ ទាំង​លោក​ ឡុង​ រី​ និង​ លោក​ស្រី​ មូរ​ សុខ​ហួរ​ ជា​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​បំពេញ​កាតព្វកិច្ច​ចូល​បំភ្លឺ​ក្នុង​នាម​ជា​សាក្សី​ចំពោះ​មុខ​ស្ថាប័ន​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ រួច​ហើយ​។​ មជ្ឈដ្ឋាន​មួយ​ចំនួន​ រង់ចាំ​មើល​ថា​ តើ​លោក​ ហួត​ ឃីន​វុទ្ធី​ ហៅ​ជុន​ ច័ន្ទ​បុត្រ​ អនុប្រធាន​វិទ្យុ​អាស៊ី​សេរី​ផ្នែក​ខេមរភាសា​ ហ៊ាន​ចូល​បំភ្លឺ​ក្នុង​នាម​ជា​ជនសង្ស័យ​ដែរ​ឬទេ​ ?​ អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​ ធ្លាប់​ព្រមាន​ថា​ តំណាង​អយ្យការ​អាច​ឃាត់​ខ្លួន​ជនសង្ស័យ​បាន​ ប្រសិន​បើ​រក​ឃើញ​ធាតុ​ផ្សំ​នៃ​បទល្មើស​ព្រហ្មទណ្ឌ​។

តុលាការ​ នៅ​ថ្ងៃ​ទី​២៨​ ខែ​មេសា​ បញ្ចប់​ការ​សាកសួរ​លោក​ស្រី​ មូរ​ សុខ​ហួរ​ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​បាត់​ដំបង​ រួចហើយ​​ក្នុង​នាម​ជា​សាក្សី​ ពាក់ព័ន្ធ​ករណី​ដែល​លោក​ជុន​ ច័ន្ទ​បុត្រ​ បាន​បន្លំ​ខ្លួន​ចូល​ពន្ធនាគារ​ព្រៃស​។

លោក​ សំ​ សុគង់​ មេធាវី​តំណាង​ អះអាង​ថា​ ទាំង​លោក​ឡុង​ រី​ និង​លោក​ស្រី​ មូរ​ សុខ​ហួរ​ បាន​បំពេញ​កាតព្វកិច្ច​តាម​ផ្លូវ​ច្បាប់​រួច​រាល់​ហើយ​ ។​ ប៉ុន្ដែ​លោក​បដិសេធ​ ពុំ​និយាយ​ពី​អ្វី​ ដែល​តំណាង​រាស្ត្រ​ទាំង​ពីរ​ ប្រាប់​តុលាការ​ទេ​ ព្រោះ​ជា​ការ​សម្ងាត់​នៃ​ការ​ស៊ើបអង្កេត​។

ថ្មីៗ​នេះ​ លោក​ គឹម​ សន្តិភាព​ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌និងជាអ្នកនាំពាក្យ​​ សរសេរ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ថា​ «អ្នកសារព័ត៌មានជាច្រើន បានចោទជាសំនួរថា​ តើលោក ជុន ច័ន្ទបុត្រ នឹងត្រូវឃាត់ខ្លួនឬទេនៅថ្ងៃចូលខ្លួនតាមដីកាកោះហៅរបស់តំណាងអយ្យការនោះ?» លោក​ គឹម​ សន្តិភាព​ បន្ថែម​ថា​ ខ្ញុំសូមជម្រាបជូនថា​តំណាងអយ្យការ អាចឃាត់ខ្លួនជនសង្ស័យ នៅថ្ងៃចូលខ្លួនប្រសិនបើរកឃើញធាតុផ្សំនៃបទល្មើសព្រហ្មទណ្ឌណាមួយ!​។

បើយោងតាមក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ប្រសិនបើតំណាងអយ្យការពិនិត្យឃើញថា មានភស្តុតាងដែលកំណត់បាននូវធាតុផ្សំនៃ បទល្មើសព្រហ្មទណ្ឌណាមួយពាក់ព័ន្ធនឹងសកម្មភាពរបស់ជនសង្ស័យ ក្រោយពីការសាកសួរនៅថ្ងៃចូលខ្លួននោះ តំណាងអយ្យការអាចឃាត់ខ្លួនជនសង្ស័យ នៅថ្ងៃនោះតែម្តង ដើម្បីអនុវត្តនីតិវិធីបន្ត!​ ហេតុនេះករណីលោក ជុន ច័ន្ទបុត្រ ក៏ដូចគ្នានេះដែរ!​។

កន្លង​មក​ លោក​គឹម​ សន្តិភាព​ ធ្លាប់​សរសេរ​ក្នុង​ហ្វេសប៊ុក​ថា​ ពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ គឺជាកន្លែងសម្រាប់រក្សាទុកជនទាំងឡាយណាដែលស្ថិតនៅក្រោមយុត្តាធិការនៃអំណាចតុលាការ! កន្លែងនេះ មិនមែនជាទីសាធារណៈសម្រាប់អ្នកចង់ចូល ឬចង់ចេញស្រេចតែអំពើចិត្តនោះទេ!។

លោក​ បន្ថែម​ថា​ ទោះនៅប្រទេសណាក៏ដោយ ការចូលជួបជនទាំងឡាយដែលកំពុងស្ថិតក្នុងការឃុំខ្លួន ឬអនុវត្តទោស ត្រូវអនុវត្តតាមបទដ្ឋានច្បាប់ និងបទដ្ឋានសន្តិសុខសុវត្ថិភាពជាចាំបាច់!​។

គួរ​រំលឹក​ថា កាលពីព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោកស្រី មូរ សុខហួរ និង លោក ឡុង រី បាននាំលោក ហួត វុទ្ធី​ ហៅ​ជុន ច័ន្ទបុត្រ អនុប្រធាន​វិទ្យុ​អាស៊ី​សេរី​ ដោយបន្លំខ្លួនជាជំនួយការរបស់ពួកគាត់ចូលទៅ ពន្ធនាគារព្រៃស ដើម្បីចុះសួរសុខទុក្ខ សកម្មជនរបស់គណបក្សសង្រ្គោះជាតិ ចំនួន១៦នាក់ ដែលកំពុងជាប់ឃុំ នៅក្នុងពន្ធនាគារព្រៃ៕