(​ភ្នំពេញ​)៖ កម្ពុជា និងចិន បានមើលឃើញដូចគ្នាថា ការសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅព្រះសីហនុ និងការសាងសង់ព្រលានយន្តហោះនៅខេត្តសៀមរាប នឹងដើរតួនាទីយ៉ាងសំខាន់ ដើម្បីបម្រើដល់ការការធ្វើពាណិជ្ជកម្ម និងទេសចរណ៍ ដែលកំពុងមានកំណើននៅក្នុងប្រទេសកម្ពុជា។ ឈរលើទស្សនទាននេះ ការសាងសង់ឲ្យបានឆាប់រហ័សនូវផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងព្រលានយន្តហោះនៅសៀមរាប គឺជារឿងគួរបានយកចិត្តទុកដាក់ខ្ពស់បំផុត។

ទស្សនទានស្របគ្នារវាងកម្ពុជា-ចិន ក្នុងការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងព្រលានយន្តហោះនៅក្នុងខេត្តសៀមរាបនេះ បានស្តែងឡើងក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​សម្របសម្រួល​អន្តររដ្ឋាភិបាល​កម្ពុ​ជា​-​ចិន​លើក​ទី​៤ នៅវិមានសន្តិភាព នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ម្សិលមិញនេះ។ កិច្ចប្រជុំនេះ ភាគីកម្ពុជា ដឹកនាំដោយឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ប្រធាន​គណៈកម្មាធិការ​កម្ពុជា និង ភាគីចិនដឹកនាំដោយ ​លោក​ យ៉ាង ជា​ឈី​ ទីប្រឹក្សា​រដ្ឋ​​​ចិន ​និង​ជា​ប្រធាន​គណៈកម្មាធិការ​ចិន​។​

លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានថ្លែងក្នុងសន្និសីទព័ត៌មានក្រោយកិច្ចប្រជុំថា ការកសាងផ្លូវល្បឿនលឿនភ្នំពេញ ទៅក្រុងព្រះសីហនុ ជាចំណុចចាំបាច់បំផុតរបស់កម្ពុជា ព្រោះបច្ចុប្បន្ន​វិស័យដឹកជញ្ជូនផ្លូវគោកនៅកម្ពុជា មានការរីកចម្រើនយ៉ាងខ្លាំង ជាពិសេសកិច្ចទំនាក់ទំនងល្អជាមួយបណ្តាលប្រទេសនៅក្នុងតំបន់ និងការផ្លាស់ប្តូរពាណិជ្ជកម្ម ជាមួយបណ្តាប្រទេសនានានៅលើសកលលោកកាន់តែមានការរីចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។

លោកឧបកនាយរដ្ឋមន្តី្រ ក៏បានថ្លែងដែរថា វិស័យទេសចរណ៍នៅកម្ពុជាមានការរីកចម្រើន ដូច្នេះរដ្ឋាភិបាលកម្ពុជា មានគម្រោងកសាងព្រលានយន្តហោះថ្មី​នៅខេត្តសៀមរាប ដើម្បីបំពេញតម្រូវការភ្ញៀវទេសចរអន្តរជាតិ ជាច្រើនមកទស្សនានៅកម្ពុជា ជាពិសេសភ្ញៀវទេសចរចិន ដែលមានចំនួនកាន់តែច្រើនឡើងមកទស្សនានៅកម្ពុជា។

សូមបញ្ជាក់ថា កម្ពុជា គ្រោងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅក្រុងព្រះសីហនុ ដែលគ្រោងបើកការដ្ឋានសាងសង់នៅឆ្នាំ២០១៧ ជាមួយការចំណាយថវិកាប្រមាណ ១៩០០លានដុល្លារអាមេរិក។ កម្ពុជា ក៏បានស្នើសុំឲ្យភាគី ចិន ជួយសាងសង់ព្រលានយន្តហោះថ្មី នៅខេត្តសៀមរាប ឲ្យសម្រេចបានក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។ ព្រលានយន្តហោះសៀមរាបថ្មី គ្រោងនឹងចំណាយទឹកប្រាក់ប្រមាណ ៩០០លានដុល្លារ លើផ្ទៃដីទំហំ ៧០០ហិកតា ស្ថិតនៅស្រុកសូនិគម។

ក្នុងកិច្ចប្រជុំ​គណៈកម្មាធិការ​សម្របសម្រួល​អន្តររដ្ឋាភិបាល​កម្ពុ​ជា​-​ចិន​លើក​ទី​៤ នៅថ្ងៃម្សិលមិញនេះ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង និងលោក យ៉ាង ជាឈី បានពិភាក្សាលើការងារជាច្រើនទាំងទំនាក់ទំនងទ្វេភាគី បញ្ហាតំបន់ និងពិភពលោកផងដែរ។

លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាន​បញ្ជាក់ថា កិច្ចប្រជុំបាន​ពិភាក្សា​អំពី​បញ្ហា​តំបន់ និង​អន្តរជាតិ ហើយ​កិច្ចប្រជុំ​នេះ ក៏បាន​ពិភាក្សា​អំពី​ការត្រៀម​រៀបចំ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ប្រទេស​ចិន ដែល​នឹងមាន​ឯកសារ​ជាច្រើន​ដែល​នឹងត្រូវ​ចុះហត្ថលេខា។

​លោក យ៉ាង ជា​ឈី បាន​ថ្លែងថា ប្រទេស​ចិន​បាន​យកចិត្តទុកដាក់​លើ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ជាមួយ​កម្ពុជា​ ហើយ​ប្រទេស​ចិន នៅតែ​បន្ត​គាំទ្រ​ប្រទេស​កម្ពុជា ដើរ​លើ​មាគ៌ា​អភិវឌ្ឍន៍​ និង​បន្ត​ពង្រឹង​ការគាំទ្រ​ប្រទេសកម្ពុជា ជួយ​កម្ពុជា​រក្សា​ស្ថេរភាព លើក​កម្ពស់​ជីវភាព​រស់នៅរ​បស់​ប្រជាជន​កម្ពុជា ដែលជា​ការអភិវឌ្ឍន៍ប្រកបដោយ​ចីរភាព​៕