(ភ្នំពេញ)៖ ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសរយៈពេលជិត១ខែ គិតត្រឹមថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧នេះ កម្លាំងអាវុធហត្ថទូទាំប្រទេស បានចេញបង្ក្រាបបទល្មើសទូទៅបានចំនួន ២០៤លើក ក្នុងនោះបានឃាត់ខ្លួនជនសង្ស័យចំនួន ២៨៧នាក់ និងបានកសាងសំណុំរឿង បញ្ជូនទៅដោះស្រាយបន្តនៅសាលាដំបូងរាជធានី-ខេត្ត។

របាយការណ៍នេះ ត្រូវបានបង្ហាញក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថ ដើម្បីធ្វើការបូកសរុបលទ្ធផល ការងារខែមេសា និងដាក់ចេញនូវទិសដៅការងារបន្ត សម្រាប់ខែឧសភា ឆ្នាំ២០១៧ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលមានការចូលរួមពី លោកឧត្តមសេនីយ៍នាយរងសេនាធិការដ្ឋាន លោកឧត្តមសេនីយ៍ ស្នងការ-ស្នងការរង លោកឧត្តមសេនីយ៍ វរសេនីយ៍ មេបញ្ជាការរងកងរាជអាវុធហត្ថរាជធានី-ខេត្ត និងនាយទាហាននៃកងរាជអាវុធហត្ថ ជាច្រើនរូបទៀត នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧នេះ នៅសាលប្រជុំសេនាធិការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

លោកឧត្តមសេនីយ៍ទោ សាន ប៊ុនធឿន នាយរងសេនាធិការដ្ឋាន នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឡើងអានសេចក្តីព្រាងរបាយការណ៍ថា ក្នុងខែមេសានេះ កងរាជអាវុធហត្ថបានធ្វើសកម្មភាពទទួលបានលទ្ធផលការងារដូចតទៅ៖
*ការពារគណៈប្រតិភូជាតិ-អន្តរជាតិ កិច្ចប្រជុំ ពិធីសម្ពោធសមិទ្ធផលនានា របស់ព្រះមហាក្សត្រ រាជរដ្ឋាភិបាល និងពិធីបុណ្យផ្សេងៗ ធ្វើសកម្មភាពសរុប ១១,១៦៨លើក។
* ជួយសម្រួលសណ្តាប់ធ្នាប់របៀបរៀបរយ ចរាចរណ៍កកស្ទះ ជូនប្រជាពលរដ្ឋ និងការដង្ហែរក្បូនទាមទារតវ៉ាផ្សេងៗសរុប ៨៤៦លើក។
* ធ្វើការត្រួតពិនិត្យសណ្តាប់ធ្នាប់កងទ័ព នៅតាមទីសាធារណៈ បានកែសម្រួលឯកសណ្ឋានយោធា។
* កម្លាំងជំនាញបានស្រាវជ្រាវបង្ក្រាបបទល្មើសបានចំនួន ២០៤លើក ក្នុងនោះមានលួចដោយស្ថានទម្ងន់ទោស (ប្លន់ប្រដាប់អាវុធ) រំលោភសេពសន្ថវៈ ជួញដូរមនុស្ស បង្ខាំងមនុស្សដោយខុសច្បាប់ លួចឆក់ ឆបោក ហិង្សាដោយចេតនា ប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត រំលោភលើទំនុកចិត្ត ការប្រើប្រាស់ ជួញដូរ ចែកចាយគ្រឿងញៀនខុសច្បាប់ ប្រទូស្តកេរិ៍ខ្មាស់ ក្មេងទំនើង ទទួលផលចោរកម្ម ហិង្សាក្នុងគ្រួសារ ល្បែងស៊ីសង បទល្មើសព្រៃឈើ បទល្មើសជលផល។
* បានកសាងសំណុំរឿងដោយឃាត់ខ្លួនជនសង្ស័យចំនួន ២៨៧នាក់ និងចាប់យកវត្ថុតាងពាក់ព័ន្ធនឹងបទល្មើស បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានី-ខេត្ត។
* បានសហការពង្រឹងអនុវត្តច្បាប់ និងបទបញ្ជាចំនួន ១,០៤១ ជាមួយនឹងនគរបាលជាតិ ស្ថាប័នពន្ធដារ គយ និងរដ្ឋាករ រដ្ឋបាលព្រៃឈើ អង្គការអភិរក្សសត្វព្រៃ អភិរក្សដែនជីវៈចម្រុះ ក្រសួងសាធារណៈការ និងដឹកជញ្ជូន ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋបាលជលផល ក្រុមចម្រុះ។
* បានឃាត់ខ្លួនជនសង្ស័យចំនួន​ ២៩៩នាក់ និងចាប់យកវត្ថុតាងមួយចំនួន។
* កងរាជអាវុធហត្ថបានជួយប្រជាពលរដ្ឋរងគ្រោះថ្នាក់ចរាចរណ៍ អគ្គិភ័យ និងករណីផ្សេងៗសរុបចំនួន ៦០៧លើក។

ទន្ទឹមគ្នាដែរ កងរាជអាវុធហត្ថបានអនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល លេខ១២៧ សសរ ចុះថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ ស្តីពីការបង្កើតគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ១៣នាក់ ក្នុងបានឃុំខ្លួនបណ្តោះអាសន្នចំនួន៣ និងធ្វើការអប់រំណែនាំដោយកិច្ចសន្យាចំនួន ១០នាក់។ ចាប់យកវត្ថុតាងមាន រថយន្ត១២គ្រឿង គោយន្ត២គ្រឿង និងឈើចម្រុះចំនួន ១៣៦,៥៤៤ម៉ែត្រគូប និង១,៤៩០ដុំ។

ក្រៅពីការបំពេញតួនាទីភារកិច្ចរបស់ខ្លួន កងរាជអាវុធហត្ថបានកសាងអង្គភាពដូចជា​ ការងារកសាងកម្លាំង, ការកសាងហេដ្ឋារចនាសម្ពន្ធ, ការងារអប់រំចិត្តសាស្ត្រ, ការងារហ្វឹកហ្វឺន, ការងារសិក្សា សិក្ខាសាលា, ការងារផ្សព្វផ្សាយ, ការងារធានាភស្តុភារ ហិរញ្ញវត្ថុ និងបំពាក់, ការងារទំនាក់ទំនងកិច្ចការសាធារណៈផងដែរ។លោកឧត្តមសេនីយ៍ឯក វង្ស ពិសេន បានក្រើនរំឭកសារជាថ្មីថា កងរាជអាវុធហត្ថ គឺជាកងឯកភាពទ័ពជំនាញមួយ ក្នុងចំណោមកងឯកភាពនៃកងយោធពលខេមរភូមិន្ទ ដែលមានភារកិច្ចរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សហការពង្រឹងការអនុវត្តច្បាប់ ត្រួតពិនិត្យសណ្តាប់ធ្នាប់ជួរកងទ័ព និងជាពិសេសជួយសង្គ្រោះប្រជាពលរដ្ឋ នៅពេលជួបគ្រោះមហន្តរាយផ្សេងៗ។

ដើម្បីអនុវត្តនូវតួនាទី ភារកិច្ចរបស់ខ្លួនបានជោគជ័យ និងមានប្រសិទ្ធភាព នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានរៀបចំកែសម្រួលចងក្រងបទបញ្ជាផ្ទៃក្នុងកងរាជអាវុធហត្ថ ជាបន្តបន្ទាប់។ បទបញ្ជាផ្ទៃក្នុងនេះ មានបទប្បញ្ញត្តិពីរបៀបរបបធ្វើការងារ រួមមាន៖ ពេលវេលាធ្វើការ ចាត់តាំងវេនប្រចាំបញ្ជា ប្រចាំការប្រចាំថ្ងៃ ប្រចាំប្រតិបត្តិការ ការស្លៀកពាក់ឯកសណ្ឋាន ការប្រារព្ធពិធីគោរពទង់ជាតិ របបប្រជុំការងារ របបរាយការណ៍ ការងារអប់រំចិត្តសាស្ត្រ ការចុះបំពេញបេសកកម្ម ទៅតាមបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី-ខេត្ត ក្រុមប្រឹក្សាវាយតម្លៃដំឡើងឋានន្តរស័ក្តិ ការសរសើរ និងជូនរង្វាន់ ការដាក់វិន័យ ទណ្ឌកម្ម ជាដើម៕