(ភ្នំពេញ)៖ ប្រជាការពារសង្កាត់ឫស្សីកែវ២នាក់ បានរងរបួសយ៉ាងធ្ងន់ធ្ងរ ក្រោយពីបានជិះម៉ូតូឌុបគ្នា ដើម្បីចុះទៅអន្តរាគមន៍ត្រួតពិនិត្យ រឿងរថយន្ដកាមេរីឆ្លាម១គ្រឿង សង្ស័យអ្នកបើកបរស្រវឹង បានជ្រុលចង្កូតទៅបុកទ្វារផ្ទះប្រជាពលរដ្ឋ ខណៈដែលមិនទាន់ទាំងដល់កន្លែងកើតហេតុផង ស្រាប់តែត្រូវម៉ូតូ១គ្រឿងទៀត បើកមកបុកទាំងបញ្ច្រាស់ទិស បណ្ដាលឲ្យរងរបួសទាំងសងខាង រួមទាំងត្រូវបានរថយន្ដសាម៊ុយ ដឹកយកទៅសង្គ្រោះភ្លាមៗ នៅឯមន្ទីរពេទ្យកាល់ម៉ែត្រ។

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកម៉ូតូ បណ្ដាលឲ្យប្រជាការពារសង្កាត់ឫស្សីកែវ២នាក់ រងរបួសធ្ងន់ ជាមួយនិងភាគីម្ខាងទៀតខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ១១៖២០នាទីយប់ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ នៅត្រង់ចំណុចលើផ្លូវបេតុង ស្ថិងក្នុងក្តុមទី៥ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទី១៖ឈ្មោះខៀវ សុគន្ធា ភេទប្រុស អាយុ៤៤ឆ្នាំ និងទី២៖ ឈ្មោះឈៀង ហុន ភេទប្រុស អាយុ៤១ឆ្នាំ អ្នកទាំងពីរ មានមុខរបរជា ប្រជាការពារសង្កាត់ឬស្សីកែវ ស្នាក់នៅ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឫស្សីកែវ។ រីឯភាគីម្ខាងទៀត មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ។

ប្រភពមានពីកន្លែងកើតហេតុ បានឲ្យដឹងថា មូលហេតុដែលបណ្ដាលឲ្យ ប្រជាការពារសង្កាត់២នាក់ ជួបគ្រោះថ្នាក់ចរាចរ បណ្ដាលឲ្យរងរបួសធ្ងន់ ដោយសារតែនៅមុនពេលកើតហេតុ មានករណីរថយន្ដកាមេរីឆ្លាម១គ្រឿង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខបាត់ដំបង ២A-០២៦៥ បើកបរដោយបុរសម្នាក់ ដែលពុំស្គាល់ពីអត្តសញ្ញាណ និងសង្ស័យស្រវឹងផងនោះ បានជ្រុលចង្កូតទៅបុកទ្វារផ្ទះប្រជាពលរដ្ឋ បណ្ដាលឲ្យរងការខូចខាតទាំងទ្វារផ្ទះ និងរថយន្ដផ្នែកខាងមុខស្ទើរទាំងស្រុង ហើយបែកកង់មុខក្រោយទាំង៤ ទើបទៅមុខលែងរួច ខណៈអ្នកបើកបរបង្ក បានទុករថយន្ដចោល ហើយរត់គេចខ្លួនបាត់ស្រមោល តែមិនបណ្ដាលឲ្យមានមនុស្សរងរបួសនោះទេ។

ប្រភពបានបន្តថា បន្ទាប់ពីកើតហេតុ កម្លាំងប្រជាការពារសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ចំនួន២នាក់ ដែលរងគ្រោះខាងលើ បានបើកជិះម៉ូតូ១គ្រឿងម៉ាក XTR ពណ៌ខៀវ ពាក់ស្លាកលេខ នប១-២៣០៥ ដើម្បីយាមល្បាតក្នុងមូលដ្ឋាន ហើយក៏បានចុះមកអន្តរាគមន៍ ត្រួតពិនិត្យទីតាំងកើតហេតុ ដោយធ្វើដំណើរពីជើងទៅត្បូង ខណៈមិនទាន់ទាំង ដល់កន្លែងកើតហេតុផង ស្រាប់មានម៉ូតូ១គ្រឿងទៀតម៉ាក XR ពណ៌ស គ្មានស្លាកលេខ បើកបរដោយបុរសម្នាក់ ពុំស្គាល់អត្តសញ្ញាណ ជិះពីត្បូងទៅជើង បញ្ច្រាស់ទិសគ្នា និងបានជ្រុលចង្កូតទៅបុកម៉ូតូប្រជាការពារចំពីមុខពេញទំហឹង បណ្ដាលឲ្យដួលអូសខ្ទាត រងបួសយ៉ាងធ្ងន់ធ្ងរទាំងសង្ខាង និងទាំង៣នាក់តែម្ដង ព្រមទាំងត្រូវ បានរថយន្ដសាម៊ុយដឹកយកទៅព្យាបាលសង្គ្រោះ នៅឯមន្ទីរពេទ្យកាល់ម៉ែត្រភ្លាមៗផងដែរ។

ក្រោយកើតហេតុ កម្លាំងនគរបាលប៉ុស្ដិ៍ឫស្សីកែវ-ខណ្ឌឫស្សីកែវ បានសម្រេចវាស់វែង និងយកម៉ូតូទាំង២គ្រឿង រួមជាមួយនិងរថយន្ដ១គ្រឿងទៀតទៅរក្សាទុក ដើម្បីរងចាំការដោះស្រាយគ្នាតាមផ្លូវច្បាប់ នៅពេលក្រោយ៕