(កណ្ដាល)៖ ស្ត្រីជាជនជាតិវៀតណាមម្នាក់ បានធ្វើសកម្មភាពចាប់កូនគេ យកទៅលក់ក្នុងតម្លៃ៤០០ដុល្លារ ដោយប្រាប់អ្នកទិញថា ជាកូនរបស់ខ្លួន ​ក្រោយពីបានរត់គេចខ្លួនបាន១យប់ ត្រូវនគរបាលស្រាវជ្រាវឃាត់ខ្លួន និងទៅរំដោះកុមាររងគ្រោះមកវិញនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិក្បាលជ្រោយ ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្តាល។

នគរបាលបានឲ្យដឹងថា ជនសង្ស័យខាងលើនេះ ឈ្មោះ ង្វៀង ធីហឿង អាយុ៣០ឆ្នាំ មុខរបរ​លក់ខោរអាវចាស់ៗ រស់នៅភូមិដើមចាន់ សង្កាត់ច្បាអំពៅ(២) ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

នគរបាលបន្តថា ចំណែកកុមាររងគ្រោះឈ្មោះ គង់​​ វ៉ាន់ ដា​ (ហៅឌាំង) ភេទស្រី អាយុ៣ឆ្នាំ ជនជាតិ​វៀតណាម រស់នៅភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ អ្នកទិញក្មេងឈ្មោះ ផាម ធីង៉ោ ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិវៀតណាម នៅភូមិ​ ឃុំកើតហេតុខាងលើ។

នគរបាលបានបន្តទៀតថា កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ ជនសង្ស័យបានដើរសុំខោអាវគេ នៅចំណុចកើតហេតុខាងលើ បានប្រទះឃើញក្មេងរងគ្រោះ កំពង់រត់លេងតាមផ្លូវ ពេលនោះជនសង្ស័យ ក៏បានធ្វើសកម្មភាពចាប់ក្មេងរងគ្រោះ យកមកលក់ឲ្យឈ្មោះ ផាម ធីង៉ោ ក្នុងតំលៃ៤០០ដុល្លារ ដោយប្រាប់ថាក្មេងនេះជារបស់កូនខ្លួន។

ក្រោយពីទទួលបានលុយរួចរាល់ហើយនោះ ជនសង្ស័យបានត្រឡប់ទៅភ្នំពេញវិញ លុះដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ ទើបនគរបាលប៉ុស្តិ៍ស្វាយប៉ាក ធ្វើការស្រាវជ្រាវរកឃើញជនសង្ស័យ និងបានឃាត់ខ្លួនភ្លាមៗ រួចនាំខ្លួនជនសង្ស័យទៅសហការ ជាមួយកម្លាំងជំនាញប៉ុស្តិ៍ពោធិ៍បាន និងកម្លាំងជំនាញអធិការដ្ឋាន នគរបាលស្រុកកោះធំ ទៅរំដោះក្មេងរងគ្រោះមកវិញផងដែរ រួចនាំយកកាន់អធិការដ្ឋានឬស្សីកែវ ដើម្បីចាត់ទៅតាមនីតិវិធីច្បាប់៕