(បន្ទាយមានជ័យ)៖ ពលករខ្មែរ ក្មេង-ចាស់ ប្រុស-ស្រី ប្រមាណជិត៧០០នាក់ ត្រូវបានអាជ្ញាធរប្រទេសថៃ ធ្វើការឃាត់ខ្លួន បន្ទាប់ពីពួកគេបាននាំគ្នាទៅលួចឆ្លងដែនខុសច្បាប់ ចូលក្នុងប្រទេសថៃ។ នេះយោងតាមការរាយការណ៍ពីសមត្ថកិច្ចកម្ពុជា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧។

សមត្ថកិច្ចកម្ពុជាបានឲ្យដឹងថា ពលករខ្មែរប្រុសស្រីទាំងអស់នោះ បានចាញ់បោកមេខ្យល់ក្នុងការនាំផ្លូវ ដើម្បីចូលទៅរកការងារធ្វើនៅឯប្រទេសថៃ ក៏ត្រូវបានអាជ្ញាធរ រួមជាមួយ និងទាហានឈុតខ្មៅថៃ ចេញប្រតិបត្តិការបោសសំអាត ខណៈដែលពួកគេកំពុងសំងំលាក់ខ្លួនតាមចំការដំឡូង ចំការពោត និងចំការមៀន ចំការអំពៅជាដើម ក្នុងទឹកដីនៃប្រទេសថៃ។

សមត្ថកិច្ចដដែលរូបនេះបានបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ លោកមេបញ្ជាការតម្រួត (ទាហាន) ខេត្តស្រះកែវ យីងយ៉ុត ថេបចាំណង បានចុះទៅកាន់ ចំណុចទីលាន សាលាស្រុកវ៉ាំណាំរ៉ន ក្នុងខេត្តស្រះកែវ បន្ទាប់ពីកម្លាំងបានប្រមូលពលករខ្មែររាប់រយនាក់ យកមកគ្រប់គ្រងនៅទីតាំងនេះ។

ពលករខ្មែរខាងលើនេះ បានឲ្យដឹងថា ខ្លួនធ្លាប់ចូលទៅធ្វើការម្តងរួចមកហើយ នៅក្នុងខេត្តឆាក់ឈើងសៅ ដោយមានការងារហើយ ទទួលបានប្រាក់កម្រៃក្នុងមួយថ្ងៃ ៣០០បាត ដោយបានឡើងទៅលេងស្រុក កាលពីអំឡុងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិ។

ពលករដដែលបានបន្តទៀតថា លុះពេលត្រឡប់ចូលទៅវិញ គឺមេខ្យល់បានផ្តាំថា ធ្វើយ៉ាងណានៅពេលយប់ ត្រូវដើរឆ្លងអូរខ្សែបន្ទាត់ព្រំដែន ឲ្យផុតចូលដល់ចំការដំឡូង ចំការពោត ឬក៏ចំការមៀន ចំការអំពៅ ដោយរង់ចាំនៅទីនោះ ដើម្បីឲ្យរថយន្តមកទទួលយក ទៅកាន់ទីក្រុងបាងកក ឬក៏ខេត្តដទៃទៀតដែល ជាគោលដៅទៅធ្វើការ ដោយក្នុងម្នាក់ៗ ត្រូវប្រគល់ប្រាក់ទៅឲ្យគេចំនួន២៥០០បាត ប៉ុន្តែ៣ថ្ងៃហើយ មិនឃើញរថយន្តណាមួយ មកទទួលយកនោះទេ។

គួសបញ្ជាក់ផងដែរថា ថ្មីៗកន្លងទៅនេះ ក៏មានករណីជួយសង្គ្រោះពលករខ្មែរ នៅចំណុចផ្សាររុងក្លឿរ ស្រុកអារញ្ញប្រាកថេប ខេត្តស្រះកែវ ក្នុងអគារថ្មមួយកន្លែង មានកំពស់២ ជាន់ពីសំណាក់មេខ្យល់ ព្រមទាំងបានយកលុយ ក្នុងម្នាក់ៗពី២០០០ ដល់២៥០០បាត ដោយបានឲ្យពួកគេរង់ចាំរថយន្តមកយក ប៉ុន្ដែរយៈពេល៣ថ្ងៃហើយ នៅតែមិនឃើញ រហូតដល់ក្រុមតម្រួតថៃ លបចូលតាមទ្វារក្រោយឃាត់ខ្លួនតែម្តង៕