(ពោធិ៍សាត់)៖ បុរសវ័យ៣៦ឆ្នាំម្នាក់ មានជំងឺស្កន់ជាន់ ក្រោយផឹកស្រាស្រវឹងជោក ក៏បែកគំនិតចុះលេងទឹកស្ទឹងបំណក់ ស្ថិតក្នុងភូមិកាប៉ះលើ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ រហូតដល់ប្រកាច់លង់ទឹកស្លាប់នៅថ្ងៃម្សិលមិញ តែរកសពមិនទាន់ឃើញសោះ លុះព្រឹកថ្ងៃទី២៨  ខែមេសា ឆ្នាំ២០១៧នេះ ទើបសមត្ថកិច្ចប្រទះឃើញសពអណ្តែតឡើង។

លោក ឯម រុន អធិការនគរបាលស្រុកក្រគរ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា បុរសដែលផឹកស្រាស្រវឹងលង់ទឹកស្លាប់នោះ មានឈ្មោះ ផាត យ៉ាង អាយុ៣៦ឆ្នាំ មានប្រពន្ធឈ្មោះ រី ឡឹង អាយុ៥៦ឆ្នាំ រស់នៅភូមិកាប៉ះលើ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោកអធិការបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានផឹកស្រាស្រវឹង រួចចុះទៅងូតទឹកក្នុងស្ទឹងបំណក់ ដោយស្ថិតក្នុងស្ថានភាពស្រវឹង ហើយមានជំងឺស្កន់ផងនោះ ជនរងគ្រោះប្រហែលប្រកាច់ស្លាប់ក្នុងទឹកងើបមិនរួច ក៏ឈ្លក់ទឹកស្លាប់រកសាកសព មិនឃើញតែម្តង។ លុះព្រឹកឡើងថ្ងៃទី២៨នេះ ទើបសមត្ថកិច្ចបានប្រទះឃើញសាកសពអណ្តែត នៅក្នុងស្ទឹងបំណក់ ខាងត្បូងស្ពានដែកប្រហែល ៥០ម៉ែត្រ បង្កឲ្យមានការភ្ញាក់ផ្អើលតែម្តង។

បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារសព រៀបចំធ្វើបុណ្យតាមប្រពៃណី៕