(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅវេលាម៉ោង ១០៖១៤នាទីព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧នេះ បានដឹកនាំគណៈប្រតិភូចាកចេញពីប្រទេសកម្ពុជាហើយ ដើម្បីទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣០ ក្រោមមូលបទ «រួមគ្នាជាដៃគូដើម្បីធ្វើការផ្លាស់ប្តូរ រួមចំណែកជាមួយពិភពលោក» នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៣០ នឹងចាប់ផ្តើមពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧។ តាមសេចក្តីជូនដំណឹងបានឲ្យដឹងដែរថា ក្នុងក្របខណ្ឌកិច្ចប្រជុំកំពូលអាស៊ានលើកទី៣០នេះ សម្តេចតេជោ ហ៊ុន សែន ក៏នឹងចូលរួមក្នុងជំនួបរវាងថ្នាក់ដឹកនាំ អាស៊ានជាមួយតំណាងអន្តរសភាអាស៊ាន និងជំនួបរវាងថ្នាក់ដឹកនាំអាស៊ានជាមួយតំណាងយុវជនអាស៊ានផងដែរ។

ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣០ ដែលប្រារព្ធធ្វើឡើងចំពេលអាស៊ានប្រារព្ធខួបលើកទី៥០ នៃថ្ងៃកំណើតរបស់ខ្លួននេះ ថ្នាក់ដឹកនាំអាស៊ាននឹងពិភាក្សាផ្លាស់ប្តូរទស្សនៈលើបញ្ហាជាសារវ័ន្តនានា ដែលអាស៊ាន និងពិភពលោកកំពុងប្រឈមមុខ ដើម្បីដលើកតម្កើងសន្តិភាព សន្តិសុខ និងវិបុលភាពថែមទៀតផងសម្រាប់តំបន់ និងភពលោក។

បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសកម្ពុជា ការកំណត់អាទិភាពកិច្ចប្រឹងប្រែងរបស់អាស៊ាន ក្នុងដំណើរវិវត្តន៍និម្មាបនកម្មតំបន់ គឺជារបៀបវារៈរបស់អាស៊ាន ហើយក្នុងពេលជាមួយគ្នានោះ ថ្នាក់ដឹកនាំអាស៊ាន នឹងផ្តោតការយកចិត្តទុកដាក់ផងដែរ ដល់បញ្ហាដែលទើបកើតមានឡើងមួយចំនួន ដូចជាស្ថានភាពសេដ្ឋកិច្ច និងនយោបាយ។

ក្នុងការត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៣០នេះ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន កិច្ចប្រជុំលើកទី១៥ របស់ក្រុមប្រឹក្សាសហគមន៍នយោបាយពិភពលោក -សន្តិសុខអាស៊ាន និងកិច្ចប្រជុំលើកទី៩ របស់ក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន ដែលនឹងប្រព្រឹត្តទៅនៅមុនកិច្ចប្រជុំកំពូលអាស៊ានផងដែរ។

នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសបានគូសរំលេចថា ក្នុងឋានៈជាអង្គការតំបន់ដ៏មានជោគជ័យ តួនាទី និងការទទួលខុសត្រូវរបស់អាស៊ាន បានបន្តរីកធំឡើងជាលំដាប់ទៅលើបញ្ហាផ្សេងទៀត ដែលស្ថិតនៅក្រៅតំបន់។ សភាពការណ៍នៅមជ្ឈឹមបូព៌ា និងឧបទ្វីបកូរ៉េ ក៏ដូចជានៅលើពិភពលោក រួមទាំងសុខភាពសេដ្ឋកិច្ចពិភពលោក គឺជាការព្រួយបារម្ភខ្លាំងបំផុតរបស់អាស៊ាន។

ក្នុងដំណើរចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅហ្វីលីពិននាពេលនេះ សម្តេចតេជោ ហ៊ុន សែន ត្រូវបានអមដំណើរដោយមន្រ្តីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាមួយចំនួនផងដែរ។ មានដូចជា លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ប៉ាន់ សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម រួមនិងមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាមួយចំនួនទៀត។

សូមបញ្ជាក់ថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅថា អាស៊ាន គឺជាអង្គការថ្នាក់តំបន់មួយ រួមមានប្រទេសនៅអាស៊ីអាគ្នេយ៍ទាំងដប់ ដែលបានជួយជំរុញកិច្ចសហប្រតិបត្តិការអន្តររដ្ឋាភិបាល និងជួយសម្រួលការធ្វើសមាហរណកម្មក្នុងចំណោមសមាជិកទាំងអស់។

អាស៊ាន បានបង្កើតឡើងដំបូងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៦៧ ដោយប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងថៃ។ អង្គការនេះក៏បានពង្រីកខ្លួនដោយការចូលរួមពីប្រទេសព្រុយណេ វៀតណាម មីយ៉ាន់ម៉ា ឡាវ និងកម្ពុជា ។ គោលបំណងសំខាន់នៃអង្គការនេះ គឺការជំរុញកំណើនសេដ្ឋកិច្ច វឌ្ឍនភាពសង្គម និងការវិវត្តសង្គមសម្រាប់សមាជិកទាំងអស់ រួមជាមួយការការពារស្ថិរភាពនៅក្នុងតំបន់ និងការផ្ដល់យន្តការមួយសម្រាប់ប្រទេសជាសមាជិក ដើម្បីដោះស្រាយទំនាស់ដោយសន្តិវិធី។

អាស៊ាន បានបើកកិច្ចប្រជុំប្រចាំឆ្នាំរបស់ខ្លួនជាទៀងទាត់ នៅតាមបណ្តាប្រទេសជាសមាជិក ដើម្បីពិភាក្សាបញ្ហានានាទាំងក្នុងតំបន់ និងលើពិភពលោកផងដែរ។ កាលពីឆ្នាំ២០១៦ កន្លងទៅនេះ ប្រទេសឡាវ បានធ្វើជាម្ខាស់ផ្ទះនៃកិច្ចប្រជុំអាស៊ាននេះ៕