(កំពង់ឆ្នាំង)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានព្រមានជាថ្មីទៀតថា នឹងចាត់ការទៅតាមច្បាប់ចំពោះថ្នាក់ដឹកនាំខេត្ត ស្រុក ក្រុងរូបណា ដែលនៅតែបណ្តោយឲ្យមានកុងត្រូលជជុះ ជំរិតទារ​លុយពីប្រជាពលរដ្ឋ​យ៉ាងអាណាធិបតេយ្យ​។

ការព្រមានរបស់សម្ដេចក្រឡាហោម ស ខេង បានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាល និងសាលប្រជុំសាលាស្រុក ក្រុងចំនួន៣៤ នៅ​ក្នុងខេត្តចំនួន១៨។  ពិធីនេះត្រូវបានធ្វើនៅសាលាស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង នា​ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧​។

ក្នុងពិធីនោះ សម្តេច ស ខេង បានគូសបញ្ជាក់យ៉ាងច្បាស់ថា គណៈបញ្ជាការឯកភាពគ្រប់ថ្នាក់ ត្រូវលុបបំបាត់ឲ្យ​បានជាដាច់ខាតនូវប៉ុស្តិ៍ត្រួតពិនិត្យអាណាធិបតេយ្យ ដែលមិនស្របច្បាប់ក្នុងភូមិសាស្ត្រ​​របស់ខ្លួន និងត្រូវមានការទទួលខុសត្រូវខ្ពស់ ចំពោះមុខរាជរដ្ឋាភិបាល ករណីមានការកើតឡើងនូវប៉ុស្តិ៍ត្រួតពិនិត្យមិនស្រប​ច្បាប់​។

សម្ដេចក្រឡាហោម បន្តថា ប៉ុស្តិ៍ត្រួតពិនិត្យមិនស្របច្បាប់សំដៅទៅលើភ្នាក់ងារមានសមត្ថកិច្ចទាំងឡាយណា ដែលដាក់​ប៉ុស្តិ៍ត្រួតពិនិត្យដោយមិនមានការអនុញ្ញាតត្រឹមត្រូវ ឬ ភ្នាក់ងារមានសមត្ថកិច្ចទាំងឡាយណា ដែលបំពេញការងារនៅប៉ុស្តិ៍ត្រួតពិនិត្យស្របច្បាប់ តែធ្វើសកម្មភាពជំរិតពីប្រជាពលរដ្ឋ និង​អាជីវករនានា​។

​សម្តេចក្រឡាហោម សង្កត់ធ្ងន់ថា ដើម្បីដោះស្រាយបញ្ហានេះ ត្រូវតែមានយន្តការមួយច្បាស់លាស់ ដូចជានៅថ្នាក់ជាតិមានគណៈបញ្ជាការលុបបំបាត់ប៉ុស្តិ៍ត្រួតពិនិត្យ បន្ទាប់មកមានលេខាធិការ​ដ្ឋាន ជាជំនួយការឲ្យគណៈបញ្ជាការនេះ បូកនិងកម្លាំងអន្តរាគមន៍ចម្រុះដែលមានកងទ័ព នគរបាល កងរាជអាវុធហត្ថ ចំពោះកម្លាំងដែលអនុវត្តន៍ផ្ទាល់ គឺមានគណៈបញ្ជាការឯកភាព​រដ្ឋបាលខេត្ត មានកម្លាំងចម្រុះសម្រាប់ប្រតិបត្តការនៅពេលមានប៉ុស្តិ៍ត្រួតពិនិត្យអាណាធិបតេយ្យកើតឡើង​៕