(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧នេះ កម្លាំងនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃនាយកដ្ឋានអន្ដោប្រវេសន៍ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេ​ញ បន្ដត្រួតពិនិត្យជនបរទេស១០៨នាក់ និងរកឃើញថា ៧១នាក់ចូលមកធ្វើការដោយគ្មានលិខិតឆ្លងដែន និងសៀវភៅការងារ នៅ​កន្លែងស្នាក់នៅរបស់កម្មករ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន។

ប្រតិបត្តិការនេះ ក្រោមការដឹកនាំផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋាន និងក្រោម​ការសម្របសម្រួលពី លោក សៀង សុខ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា បានបញ្ជាក់ថា ​ក្នុងការអនុវត្តការងារនេះ ជំនាញ​បានត្រួតពិនិត្យឃើញពលករបរទេសចំនួន​១០៨នាក់ ​ស្រីចំនួន​​១០នាក់​មានចំនួន​០២សញ្ជាតិ គឺជនជាតិចិនចំនួន​​៩០​នាក់ ​ស្រីចំនួន​០៦នាក់ និងជនជាតិវៀតណាមចំនួន​១៨​នាក់ ​ស្រីចំនួន​០៤នាក់។

ប្រធាននាយកដ្ឋានរូបនេះ បន្ថែមថា ​ក្រោយបញ្ចប់ការត្រួតពិនិត្យ កម្លាំងនៃនាយកដ្ឋានស៊ើបអង្កេត បាន​ឃាត់ជនបរទេស​ចំនួន​៧១នាក់ ស្រី០៨នាក់ ក្នុងនោះ ជនជាតិវៀតណាមចំនួន១៨នាក់ ស្រី០៤នាក់ និងជនជាតិ​ចិន​ដីគោកចំនួន​៥៣នាក់ ស្រី​០៤នាក់ ពីបទលួចឆ្លងដែនចូលស្នាក់នៅ និងធ្វើការងារខុសច្បាប់ (គ្មានលិខិតឆ្លងដែន)។​

បច្ចុប្បន្នជនបរទេសទាំងអស់នេះ ត្រូវបានបញ្ជូនទៅអគ្គនាយដ្ឋានអន្ដោប្រវេសន៍ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់៕