(ភ្នំពេញ)៖ ភ្នាក់ងារ Fresh News ដែលចុះផ្សាយផ្ទាល់ពីកន្លែងកើតហេតុបានឲ្យដឹងថា គួរឲ្យអាសូរណាស់ ក្មេងប្រុសស្រី២នាក់ វ័យ១៧-១៨ឆ្នាំ បានឆេះស្លាប់ក្នុងអណ្តាតភ្លើង គួរឲ្យសង្វេគនិងឪពុករងរបួស ខណៈព្យាយាមចូលទៅជួយកូនទាំង២ ក្នុងហេតុការណ៍ឆេះផ្ទះទាំងកណ្តាលអាធ្រាត ឈានចូលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧នេះ។ ទីតាំងកើតហេតុស្ថិតនៅក្នុងភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

មន្ត្រីអាវុធហត្ថខណ្ឌដង្កោ ដែលចុះទៅដល់ទីតាំងឆេះខាងលើបាននិយាយប្រាប់ឲ្យដឹងថា ម្នាស់ផ្ទះមានឈ្មោះ ស្រិញ ស៊ន អាយុ៥១ឆ្នាំ ត្រូវជាឪពុក ម្តាយឈ្មោះ យ៉ែម រ៉េត អាយុ៤២ឆ្នាំត្រូវជាម្តាយ ពុំមានរងរបួសនោះទេ ចំណែកកូនទាំង២ដែលស្លាប់ទី១៖ ឈ្មោះ យ៉ែម រមណី ភេទស្រី អាយុ១៨ឆ្នាំ មុខរបរសិស្សស្លាប់ក្នុងភ្នក់ភ្លើង និងកូនប្រុស ឈ្មោះ យ៉ែម វណ្ណ អាយុ១៧ឆ្នាំ មុខរបរកម្មកររោងចក្រ ស្លាប់ក្នុងភ្នក់ភ្លើងដែរ អ្នកទាំង៤ ស្នាក់នៅក្នុងភូមិឃុំកើតហេតុខាងលើ។

ចំណែកសម្ភារៈដែលខូចខាតរួមមាន៖ ផ្ទះទំហំ៤,៥០ម x ៥,៥០ម សង់អំពីឈឺលើថ្មក្រោម ឆេះទាំងស្រុងម៉ូតូចំនួន០១គ្រឿង កង់ចំនួន០២គ្រឿង និងទ្រព្យសម្បត្តិមួយចំនួន។

តាមការឲ្យដឹងពីអ្នកមីង នៅ កុសល្យ ភេទស្រី អាយុ៥០ឆ្នាំ បានរៀបរាប់ឲ្យដឹងពីអគ្គិភ័យនេះថា គាត់ក្រោកបត់ជើងពេលនោះគាត់ក៏ឃើញអណ្តាតភ្លើងឆេះ ក្នុងបន្ទប់ជាន់ខាងលើក្រោយមក ម្ចាស់ផ្ទះពីរនាក់ប្តីប្រពន្ធខាងលើក៏រត់ចេញមកក្រៅ ស្រែកឲ្យអ្នកជិតខាងជួយ រួចរូបគាត់រត់ទៅយកទុយោទឹកមកជួយបាញ់ពន្លត់ ពេលនោះភ្លើងឆេះកាន់តែខ្លាំងដោយពុំអាចជួយសង្រ្គោះបាន ទើបធ្វើឲ្យឆេះផ្ទះទាំងស្រុង និងបណ្តាលឲ្យស្លាប់ក្មេងៗទាំង២នេះគួរឲ្យអាសូរណាស់៕

អគ្គិភ័យខាងលើនេះពុំទាន់ដឹងថា ឆេះមកពីអ្វីឲ្យពិតប្រាកដនោះដែរ រង់ចាំស្រាវជ្រាវសិន៕