(ភ្នំពេញ)៖ អតីតនាយករដ្ឋមន្រ្តីប្រទេសញូវហ្សេឡែន លោក John Key បានមើលឃើញថា កម្ពុជា បានរីកចម្រើនយ៉ាងច្រើនបើធៀបនឹង រយៈពេលប្រាំមុន ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកនៅកម្ពុជា។ លោក John Key ថា ការអភិវឌ្ឍរបស់កម្ពុជា មានល្បឿនយ៉ាងឆាប់រហ័សគួរឲ្យចាប់អារម្មណ៍។

លោក John Key លើកឡើងបែបនេះក្នុងពេលដែលរូបលោក ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អនុញ្ញាតឲ្យចូលជួបសម្តែង​ការគួរសម និងសំណេះសំណាលការងារមួយចំនួននៅវិមានសន្តិភាពនារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧នេះ។

ក្នុងជំនួបនេះ លោក John Key បានលើកឡើងថា កម្ពុជា បានបោះជំហានអភិវឌ្ឍន៍ និងមានការរីកចម្រើនយ៉ាងឆាប់រហ័ស ក្នុងរយៈពេលតែ ៥ឆ្នាំមកនេះ បើធៀបនឹងដំណើរទស្សនកិច្ចរបស់លោក John Key មកកាន់កម្ពុជាកាលពីឆ្នាំ២០១២។

សម្តេចតេជោ ហ៊ុន សែន បានអរគុណលោក John Key ដែលបានវាយតម្លៃប្រកបដោយភាពវិជ្ជមានចំពោះការអភិវឌ្ឍ និងភាពរីកចម្រើនរបស់​កម្ពុជា។ សម្តេចតេជោ បន្តថា កម្ពុជាត្រូវការធនធានមនុស្សច្រើនណាស់ ដើម្បីកសាងប្រទេស ហើយសម្តេច បានកំណត់យកការអភិវឌ្ឍធនធានមនុស្ស គឺជាអាទិភាពចម្បងសំខាន់បំផុតរបស់កម្ពុជា។

ពាក់ព័ន្ធការបណ្តុះបណ្តាលធនធានមនុស្សនេះ សម្តេចតេជោ ហ៊ុន សែន បានអរគុណរដ្ឋាភិបាលញូវហ្សេឡែន ដែលបានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅប្រទេសញូវហ្សេឡែន ដើម្បីយកចំណេះដឹង និងបទពិសោធន៍មកអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើន។ ជាទូទៅក្នុងមួយឆ្នាំញូវហ្សេឡែន ផ្តល់អាហារូបករណ៍ជូនកម្ពុជាចំនួន ៣៥កន្លែង មានថ្នាក់បណ្ឌិត និងបរិញ្ញាបត្រជាន់ខ្ពស់។

សូមបញ្ជាក់ថា លោក John Key អញ្ជើញមកកម្ពុជានៅពេលនេះ ក្នុងនាមជាពលរដ្ឋសាមញ្ញរបស់ប្រទេសញូវហ្សេឡែន ហើយកិច្ចពិភាក្សាបានធ្វើឡើង ក្នុងលក្ខណៈមិត្តភាពយ៉ាងជិតស្និទ្ធ។ ដំណើរមកកាន់កម្ពុជានេះ លោក John Key នឹងពិនិត្យគម្រោងមួយចំនួនដែលគាំទ្រដោយបណ្ឌិត ហារុ ហ៊ីសាហាន់ដា ជាសប្បុរសជនរបស់ជប៉ុន ដែលបានគាំទ្រដល់វិស័យសុខាភិបាល និងអប់រំ។

ក្នុងជំនួបនៅរសៀលថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន និង អតីតនាយករដ្ឋមន្រ្តីញូវហ្សេឡែន បានពិភាក្សាលើការងារជាច្រើន​អំពីទំនាក់ទំនងទ្វេភាគី​រវាងកម្ពុជា-ញូវហ្សេឡែន និងក្នុងក្របខណ្ឌតំបន់អាស៊ាន ក៏ដូចជាអាស៊ាន និងញូវហ្សេឡែន ដែលជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់មួយរបស់អាស៊ាន។

ក្នុងជំនួបក្រោមបរិយាកាសមិត្តភាពដ៏ស្និទ្ធស្នាលនោះ សម្តេចតេជោ ហ៊ុន សែន និងលោក John Key ក៏បានផ្លាស់ប្តូរមតិយោបល់គ្នាលើបញ្ហាតំបន់ និងពិភពលោកដែលផ្តោតលើកត្តាសន្តិសុខ និងទំនាក់ទំនងពាណិជ្ជកម្ម៕