(ភ្នំពេញ)៖ នៅ​រសៀល​ថ្ងៃទី២៧ ​ខែមេសា ​ឆ្នាំ២០១៧ ​លោក ​សៅ ​សា​រ៉ាត់ ​អនុប្រធាន​គណៈកម្មាធិការ ​និង​សមាជិក ​សមាជិកា​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​ប៉ៃលិន  ​រួម​ជាមួយ​អាជ្ញាធរ​អ្នក​ស្ម័គ្រចិត្ត ​បាន​អញ្ជើញ​សួរសុខទុក្ខ ​និង​នាំ​យក​អំណោយ​មនុស្សធម៌​របស់​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត ​ទៅ​ផ្តល់​ជូន​ប្រជាពលរដ្ឋ​ចំនួន១០គ្រួសារ ​ដែល​រងគ្រោះ​ដោយ​ខ្យល់​កន្រ្តាក់ ​នៅក្នុង​ស្រុក​សាលាក្រៅ ​ខេត្ត​ប៉ៃលិន ​នា​ពេល​កន្លង​មក​ថ្មី​ៗ​នេះ​។

លោក ​សៅ ​សា​រ៉ាត់ ​បាន​នាំ​បណ្តាំ​ផ្ញើ​សួរសុខទុក្ខ ​និង​ចូលរួម​សោក​ស្តាយ​ចំពោះ​គ្រួសារ​ដែល​រងគ្រោះ ​ដោយ​ខ្យល់​កន្រ្តាក់​នា​ពេលនេះ​ពីសំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ប៊ុ​ន ​រ៉ា​នី ​ហ៊ុន ​សែន ​ប្រធាន​កាកបាទក្រហម​កម្ពុជា ​ដោយ​សម្តេច​ជានិច្ចកាល​បាន​តែងតែ​គិត​គូ​ពី​សុខទុក្ខ ​និង​ជីវភាពរស់នៅ​របស់​ប្រជាពលរដ្ឋ​គ្រប់រូប​ជាប្រចាំ ​នៅ​ទូទាំង​ប្រទេស ​តាមរយៈ​សាខា​កាកបាទក្រហម​កម្ពុជា ​២៥រាជធានី​-​ខេត្ត​។

ថ្លែង​ក្នុង​ឱកាស​នោះ​ដែរ ​លោក​ក្នុងនាម​លោកស្រី ​បាន ​ស្រីមុំ ​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត ​បាន​សម្តែង​ការ​សោក​ស្តាយ​នូវ​ការបាត់បង់​នា​ពេលនេះ ​ហើយ​លោក​សូម​អំពាវនាវ ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ​សូមឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ពី​គ្រោះ​ធម្មជាតិ ​ដែល​បង្កឡើង​ដោយ​ពុំ​ដឹងមុន ​និង​សូម​តាមដាន​ស្តាប់ ​និង​ទទួល​ព័ត៌មាន​ផ្សព្វផ្សាយ​ពី​អាជ្ញាធរ​មូលដ្ឋាន ​អំពី​សភាពការណ៍​អាកាសធាតុ​ជាប់​ជាប្រចាំ ​ហើយ​បើ​មាន​ជួប​គ្រោះថ្នាក់ ​គ្រោះ​ធម្មជាតិ ​សូម​រាយការណ៍​មក​អាជ្ញាធរ​មូលដ្ឋាន​ភូមិ ​ឃុំ ​សង្កាត់ ​ឬ​អ្នក​ស្ម័គ្រចិត្ត​កាកបាទក្រហម​កម្ពុជា ​ដែល​នៅ​មូលដ្ឋាន​ផ្ទាល់​។

អំណោយ​នា​ពេលនេះ ​មួយ​គ្រួ​សារ​ៗ​ទទួល​បាន ​គ្រឿង​ឧបភោគ ​បរិភោគ ​តង់​ធំ១ ​និង​ថវិកា២០ម៉ឺន​រៀល ​និង​ក្រៅពី​ផ្តល់​អំណោយ ​ក្រុមការងារ ​បាន​ជួយ​ជួសជុល ​ប្រក់​ដំបូល​ជូន​គ្រួសារ​រងគ្រោះ​ធ្ងន់ធ្ងរ ​ដោយ​ប៉ើង​ដំបូល​ទាំងស្រុង​ផង​ដែរ​៕