(ភ្នំពេញ)៖ ព្រះករុណាជាអម្ចាស់​ជីវិតលើត្បូង ព្រះបាទនរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរពសក្ការៈ​ដ៏ខ្ពង់ខ្ពស់​បំផុត បានសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាន ជូន​លោកជំទាវ ឧកញ៉ា ភាព ហៀក ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង គ្រុប, លោកឧកញ៉ា លាង ឃុន ប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង គ្រុប និងលោកជំទាវ ចូល​ក្រាបថ្វាយបង្គំគាល់ នៅព្រះមហាប្រាសាទខេមរិន្ទ នៅវេលាម៉ោង​១១៖០០ ព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧នេះ។

ក្នុងឱកាសដ៏ថ្លៃថ្លានេះដែរ លោកជំទាវ ឧកញ៉ា ភាព ហៀក និងគណប្រតិភូចូលគាល់ ព្រះអម្ចាស់ជីវិតលើត្បូង មានកិត្តិយស​ថ្វាយដង្វាយ នូវអង្ករចំនួន២០០តោន និងថវិកា​ចំនួន១សែនដុល្លារ សម្រាប់ព្រះរាជកិច្ចមនុស្សធម៌ តាមសព្វព្រះរាជហឫទ័យដ៏ខ្ពង់ខ្ពស់បំផុត។

លោក​ឧកញ៉ា លាង ឃុន ក៏បានសូមរាជានុញ្ញាតទូលថ្វាយ ព្រះអម្ចាស់ជីវិតលើត្បូង ពីប្រវត្តិសង្ខេបខ្លះៗ នៃក្រុមហ៊ុន ជីប ម៉ុង គ្រូប ដែលជាក្រុមហ៊ុនបង្កើតដោយ ជាកូនខ្មែរពិតៗ១០០% មានវត្តមានក្នុងប្រទេសកម្ពុជា​ ជាង៣០ឆ្នាំ ហើយបានពង្រីកសាជីវកម្មរបស់ខ្លួន ក្នុងវិស័យជាច្រើន ហើយបានផ្តល់ឱកាសការងារ សម្រាប់ប្រជាជនកម្ពុជា រាប់ពាន់នាក់។

ជាចុងបញ្ចប់ គណប្រតិភូចូលគាល់ព្រះមហាក្សត្រ បានសូមព្រះបរមរាជានុញ្ញាត ថ្វាយព្រះពរ ព្រះអម្ចាស់ជីវិតលើត្បូង សូមព្រះអង្គមានព្រះរាជសុខភាពបរិបូរណ៍ ព្រះជុន្មាយុយ៉ឺនយូរ ដើម្បីគង់ប្រថាប់ ជាមហាម្លប់ដ៏ត្រជាក់​ដល់ប្រជានុរាស្ត្រកូនចៅ ទូទាំងព្រះរាជាណាចក្រកម្ពុជា តរៀងទៅ៕