(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងក្រើនរំលឹកអាណាព្យាបាលគ្រប់រូបថា គ្មានអ្វីល្អប្រសើរ និងគង់វង់ជាការផ្តល់ចំណេះដឹង និងផ្តល់ការ អប់រំជូនកូនចៅនោះឡើយ ហើយចំណេះដឹងនេះ ដើរតួនាទីយ៉ាងសំខាន់សម្រាប់អភិវឌ្ឍន៍ប្រទេសជាតិផងដែរ។

ការថ្លែងក្រើនរំលឹកនេះ បានធ្វើឡើងក្នុងឱកាសសម្តេចអញ្ជើញជាអធិបតី ប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាធនធានមនុស្ស នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧នេះ។

សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា អាណាព្យាបាលដែលមានទ្រព្យសម្បត្តិឲ្យកូន វាជារឿងល្អ តែមិនប្រសើរដូចការផ្តល់ចំណេះដឹងនោះឡើយ។ សម្តេចបានបន្ថែមថា សូម្បីតែរបប ប៉ុល ពត ពួកគេអាចធ្វើទារុណកម្មលើផ្លូវកាយ ផ្លូវចិត្តពលរដ្ឋខ្មែរ តែពួកគេមិនអាចលុបបំបាត់ចំណេះដឹងរបស់ពលរដ្ឋខ្មែរនោះឡើយ។

សម្តេចនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ដូច្នេះ «គ្មានអ្វីចែកឲ្យ ដែលគង់វង់ជាងការចែកចំណេះវិជ្ជាទេ ឪពុកម្តាយអាចចែកជូនទ្រព្យសម្បត្តិឲ្យកូនចៅបើមាន ជារឿងល្អហើយ។ ប៉ុន្តែបើសិនចែកទ្រព្យសម្បត្តិ ហើយមើលស្រាលទៅលើការចែកចំណេះវិជ្ជា គឺជាការខុសឆ្គង ប្រាក់កាក មាសប្រាក់ អាចចាយវាយបាន ចាយវាយអស់ ខ្លះចាញ់ល្បែង ខ្លះប្រើមិនចំគោលដៅ ខ្លះត្រូវចោរលួចចោរប្លន់ ខ្លះត្រូវភ្លើងឆេះ ក៏ប៉ុន្តែចំណេះវិញ កណ្តៀក៏មិនកោរ កណ្តុរក៏មិនកាត់បានដែរ»

«ប៉ុល ពត សម្លាប់បានមនុស្ស ធ្វើបាបផ្លូវចិត្ត ផ្លូវកាយ ប៉ុន្តែមិនអាចយកចំណេះវិជ្ជាចេញពីខួរក្បាលមនុស្សបានទេ។ ដូច្នេះទាំងរដ្ឋ ទាំងក្រុមគ្រួសារ និងបុគ្គលម្នាក់ទាមទារនូវការខិតខំបន្ត»។ សម្តេចគូសបញ្ជាក់បន្ថែម។

ក្នុងពិធីចែកសញ្ញាបត្រនាព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបានរំលឹកប្រវត្តិឈឺចាប់ជាច្រើន ដែលបានជួបប្រទះកាលពីកុមារភាពក្នុងការស្វះស្វែងរកចំណេះវិជ្ជា។

សម្តេចបានរំលឹកថា សម្តេចបានជួបប្រទះទុក្ខលំបាកជាច្រើនទាំងផ្លូវកាយ និងផ្លូវចិត្ត ក្នុងពេលឃ្លាតចាកឆ្ងាយពីឪពុកម្តាយ និងផ្ទះសម្បែងមកស្វែងរកវិជ្ជានៅរាជធានីភ្នំពេញ ដែលទើបមានវ័យត្រឹម ១៤ឆ្នាំនោះ។ រាល់ពេលមេឃភ្លៀងសម្តេចតែងតែយំនឹកផ្ទះ និងនឹកឪពុកម្តាយ។ មួយវិញទៀតក្នុងពេលស្នាក់នៅវត្តនាគវ័ន្ត សម្តេចតេជោ ក៏ធ្លាប់ត្រូវបានព្រះសង្ឃវាយថែមទៀតផង ព្រោះតែការដាំបបរមិនទាន់។

សម្តេចនាយករដ្ឋមន្រ្តី បានរំលឹកទៀតថា ក្នុងពេលស្នាក់នៅវត្តរាល់ពេលព្រឹកត្រូវក្រោកបោសទីអារាម ដាំបបរប្រគេនព្រះសង្ឃហើយត្រូវឆ្លៀត ប្រឹងប្រែងទន្ទិញមេរៀនបន្ថែមទៀត។ សម្តេចប្រមុខរាជរដ្ឋាភិបាល ដែលបានដឹកនាំប្រទេសតាំងពីឆ្នាំ១៩៨៥ ក្នុងវ័យជាង ៣០ឆ្នាំនោះ បានថ្លែងថា ព្រោះតែបទពិសោធន៍ជីវិតដ៏សែនឈឺចាប់ និងវេទនាក្នុងវ័យកុមារភាពរឿងខ្វះសាលារៀនសូត្រនេះហើយ ជាហេតុជំរុញសម្តេចឲ្យប្រឹងប្រែងសាងសង់សាលាសម្រាប់កូនខ្មែរ។

សម្តេចបានថ្លែងគូសបញ្ជាក់ដូច្នេះ «ដោយសារបទពិសោធន៍ជូរចត់របស់ខ្លួន ទើបដល់ពេលមានឱកាសដឹកនាំប្រទេសសាលារៀន គឺជាគោលដៅធំបំផុត ដែលខ្ញុំព្រះករុណាខ្ញុំ ត្រូវធ្វើឲ្យខានតែបាន ដើម្បីបង្ខិតទៅក្បែរផ្ទះកូនសិស្ស។ ឥឡូវនេះបញ្ហាធំរបស់យើង គឺធ្វើយ៉ាងណាមាតា បិតា អាណាព្យាបាល ខិតខំចុះឈ្មោះឲ្យកូនចូលរៀន នៅពេលកូនដល់អាយុចូលរៀន ខិតខំយ៉ាងណាកុំឲ្យកូនបោះបង់សាលា»

សម្តេចតេជោ ហ៊ុន សែន បានបន្តថា ព្រោះតែការអប់រំមានតម្លៃមិនអាចកាត់ថ្លៃបាននេះហើយ ទើបរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំ ហើយកំពុងបន្តសាងសង់អគារសិក្សាថ្មី និងជួសជុលអគារសិក្សាចាស់ៗផងដែរ ដើម្បីបំពេញតម្រូវការអប់រំជូនកូនខ្មែរ។

ព្រោះស្មារតីនេះហើយ ក្នុងដំណើរតាមរថយន្តចុះទៅតាមបណ្តាខេត្តចាប់តាំងពីឆ្នាំ២០១៦មក សម្តេចតេជោ ហ៊ុន សែន តែងតែបានផ្តល់អគារសិក្សាជាបន្តបន្ទាប់ និងបានចាត់ចែងដំឡើងកម្រិតសាលាមួយចំនួនពីកម្រិតបឋមទៅអនុវិទ្យាល័យ និងពីអនុវិទ្យាល័យទៅវិទ្យាល័យជាដើម។

របាយការណ៍របស់ក្រសួងអប់រំ បានគូសបញ្ជាក់ថា ក្នុងអំឡុងពេលធ្វើដំណើរចុះតាមបណ្តាខេត្តនាឆ្នាំ២០១៦កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន បានផ្តល់អគារ សិក្សាសរុប ៣៦៨ខ្នង ស្មើនិង ៤,១៩៤បន្ទប់ ជួសជុលអគារសិក្សា ២៧ខ្នង ស្មើនិង ១០១បន្ទប់ និងសាលប្រជុំ ៣ខ្នង។ របាយការណ៍បន្តថា គិតដល់ត្រឹមខែមីនា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តល់អគារសិក្សាសរុប ៤,១៤០ខ្នង ស្មើនិង ២៤,១០៥បន្ទប់។

ក្រៅពីការផ្តល់អគារសិក្សានេះហើយរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក៏កំពុងសម្រេចមហិច្ឆតារបស់ខ្លួនក្នុងការបង្កើតសាកលវិទ្យាល័យ រដ្ឋក្នុងមួយខេត្តមួយផងដែរ ដើម្បីពង្រីកវិសាលភាពនៃការអប់រំជូនកូនខ្មែរនៅតាមបណ្តាខេត្ត។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការអប់រំនាពេលបច្ចុប្បន្នក្រោមដំបូលសុខសន្តិភាពមិនកម្សត់ដូចកុមារភាពរបស់សម្តេចទៀតនោះទេ។ ដូច្នេះសម្តេចជំរុញឲ្យ អាណាព្យាបាលទាំងអស់ ត្រូវយកកូនទៅចុះឈ្មោះចូលរៀនពេលគ្រប់អាយុ ហើយត្រូវការពារកូនៗកុំឲ្យបោះបង់ការសិក្សា៕