(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ចប់ការដោះស្រាយទំនាស់ដីធ្លីរបស់ប្រជាពលរដ្ឋ នៅតំបន់បឹងកក់ ត្រឹមថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧នេះហើយ ខណៈមានប្រជាពលរដ្ឋមួយចំនួនធំ ព្រមទទួលយកសំណងបញ្ចប់ទំនាស់ តែនៅមានប្រជាពលរដ្ឋចំនួន ៧គ្រួសារទៀត នៅតែមិនព្រមទទួលយកសំណងនោះនៅឡើយទេ នេះបើតាមលោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ។

ក្នុងសន្និសីទសារព័ត៌មានស្ដីពី ដំណើរការដោះស្រាយ ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍តំបន់បឹងកក់ នៅរសៀលថ្ងៃព្រហស្បតិ៍នេះ លោក ឃួង ស្រេង ថ្លែងយ៉ាងដូច្នេះថា «រហូតមកដល់ពេលនេះ ទំនាស់ដីធ្លីក្នុងតំបន់បឹងកក់ នៅសល់តែប្រជាពលរដ្ឋចំនួន ៧គ្រួសារប៉ុណ្ណោះ ដែលនឹងត្រូវដោះស្រាយបញ្ចប់ ក្នុងឆ្នាំ២០១៧នេះ ចំណែក ប្រជាពលរដ្ឋមួយចំនួនទៀត ដែលតែងតែដើរស្រែកទាមទារតាមទីសាធារណៈនោះ គឺមានមួយចំនួនធំទទួល បានការដោះស្រាយ ទទួលបានបណ្ណកម្មសិទ្ធិដីធ្លី និងដីសំណង រួចរាល់អស់ហើយ»

លោកបានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ នឹងបិទបញ្ចប់ការដោះស្រាយបញ្ហាដីធ្លីនៅតំបន់បឹងកក់នោះ ចាប់ពីពេលនេះតទៅ។ ចំពោះប្រជាពលរដ្ឋទាំង៧គ្រួសារនោះ រដ្ឋបាលរាជធានីភ្នំពេញ មានដីទុកបម្រុងជូនគាត់ គ្រប់គ្នាហើយ តែគាត់មិនព្រមទៅទទួលយក ដោយខ្លួនឯង, ទោះជាយ៉ាងនេះក្ដី ក៏រដ្ឋបាលរាជធានីភ្នំពេញ រង់ចាំគាត់ទៅទទួលយកដីបម្រុកទុកនោះ គ្រប់ពេលជានិច្ច។

នាពេលកន្លងទៅ អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ធ្លាប់បាននិយាយថា ក្រុមពលរដ្ឋបឹងកក់ ដែលតែងតែដើរតវ៉ារកយុត្តិធម៌នោះ ពួកគាត់ទទួលសំណងរួចរាល់ហើយ តែពួកគាត់នៅតែដើរស្រែកទាមទាររកយុត្តិធម៌ ពីនេះពីនោះដដែល។

សូមជម្រាបថា ជម្លោះដីធ្លីនៅតំបន់បឹងកក់នេះ កើតមានឡើងជិត១០ឆ្នាំមកហើយ ពោលក្រោយពីរាជរដ្ឋាភិបាល បានចាប់ផ្ដើមអនុវត្តនូវគម្រោងអភិវឌ្ឍន៍តំបន់បឹងកក់នេះមក៕