(ភ្នំពេញ)៖ ពិតជាគួរឲ្យរំភើបជំនួស តារាចម្រៀង​លោក រិន សាវ៉េត ដែល​ត្រូវបាន​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ក្តីអាណិតអាសូរ​​​បានទិញផ្ទះមួយល្វែង នៅ​ខណ្ឌជ្រោយចង្វារ ​ក្នុង បុរី​រុងរឿង ​ដើម្បីឲ្យបានក្លាយជា​កម្មសិទ្ធិ​ស្របច្បាប់ រស់នៅជារៀងរហូតហើយ​។ នេះបើយោងតាម​លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧នេះ។

ជាការពិតណាស់ បន្ទាប់ពីលោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ បានចូលខ្លួនមកសម្របសម្រួល ដើម្បីស្នើសុំដល់ម្ចាស់ បុរី រុងរឿង សុំនូវផ្ទះ​​ល្វែងមួយល្វែង ដើម្បីឲ្យតារាចម្រៀង ដ៏កំសត់ជាងគេ ប្រចាំផលិតកម្ម រស្មី​ហង្សមាស លោក រិន សាវ៉េត បានស្នាក់នៅបណ្ដោះ​អាសន្ន ក្រោយប្រពន្ធ​បានស្លាប់ចោល​ទៅហើយ​នោះ ពេលដំណឹងនេះ​បាន​ឮទៅដល់​​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សម្ដេចក៏សម្រេចចិត្តទទួលទិញផ្ទះមួយល្វែងនេះ ជូនដល់តារាចម្រៀង លោក រិន សាវ៉េត ដើម្បីបានរស់នៅ​ជារៀង​រហូត ជាមួយកូនប្រុសម្នាក់ ចាប់ពីថ្ងៃនេះតទៅ តែម្ដង។

យោងតាមការឲ្យដឹងពី​លោក ឃ្លាំង ហួត ​បានបញ្ជាក់យ៉ាងដូច្នេះថា «សម្ដេចតេជោ ហ៊ុន សែន និង​សម្ដេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានទិញផ្ទះដែលខ្ញុំបានខ្ចីឲ្យ រិន សាវ៉េត រស់នៅ ជូនជាកម្មសិទ្ធផ្ទាល់ខ្លួន​របស់ រិន សាវ៉េត តែម្ដង ។ ខ្ញុំបាទសូមគោរព​ថ្លែងអំណរគុណ ចំពោះចិត្តមេត្តា​ធម៌របស់សម្ដេច​ទាំងទ្វេ សូមវត្ថុស័ក្កិសិទ្ធក្នុងលោក ទេវតាឆ្នាំថ្មី តាមជួយបីបាច់ថែរក្សាសម្ដេចទាំងទ្វេ ព្រមទាំងក្រុមគ្រួសារ ជួប​តែពុទ្ធពរ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាត​ឡើយ!»

សូមបញ្ជាក់ថា តារាចម្រៀង លោក រិន សាវ៉េត បានចូលប្រឡូកក្នុងវិស័យសិល្បៈ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ក្នុងផលិតកម្ម «រស្មី​ហង្សមាស» ប៉ុន្តែបើនិយាយពី កម្រិតជីវភាពរបស់តារារូបនេះវិញ គឺហាក់ដុនដាបខ្លាំង និងមានខ្សែជីវិតកម្សត់ជាងគេ។ ជាពិសេសនៅពេលដែលភរិយា​របស់លោក ធ្លាក់ខ្លួនឈឺ គឺពុំមានប្រាក់គ្រប់គ្រាន់ ដើម្បីព្យាបាលឡើយ រហូតទាល់តែប្រពន្ធឈានដល់ ការទទួលមរណភាព កាលពីពេលថ្មីៗនេះ។ ខ្សែជីវិតរបស់លោក កាន់តែសង្វេគ  ក្រោយពីប្រពន្ធស្លាប់ចោល ខណៈដែលមិត្ត​រួមអាជីព ក្នុងទ្រនំតែមួយ ក៏ហាក់​មិនបានយកចិត្តទុកដាក់ និងផ្ដល់កម្លាំងចិត្តដល់រូបទេ រហូតផ្ទុះសំឡេង​រិះគន់ថា តារាចម្រៀងល្បីៗ រួមទ្រនំទាំង​នោះ សុទ្ធតែជាមនុស្ស​អត្មា​និយម​ ព្រោះពេល រិន សាវ៉េត ជួបទុក្ខធំ គឺពួកគេមិនបានយកភ្នែកមើលឡើយ៕